ភ្នំពេញៈ ធនាគារពាណិជ្ជ ឈីហ្វ (Chief Bank) បានចាប់ផ្តើមការពង្រីកសេវាកម្មឌីជីថលនៃការផ្តល់ប្រាក់កម្ចីខ្នាតតូចរបស់ខ្លួន «Chief Easy» តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុន Zillennium Co., Ltd។
MoU នេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ រវាងលោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារពាណិជ្ជឈីហ្វ ជាមួយនឹងលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zillennium Co., Ltd។
Chief Easy គឺជាកម្មវិធីផ្តល់ប្រាក់កម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល របស់ធនាគារពាណិជ្ជ ឈីហ្វ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។
លោក តាន់ ស៊ីម អគ្គនាយករងធនាគារពាណិជ្ជឈីហ្វ (ខេមបូឌា) ម.ក បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះជាការបោះជំហានថ្មីមួយទៀតរបស់ធនាគារ ឈីហ្វ ក្នុងការពង្រីកប្រតិបត្តិការផ្តល់ប្រាក់កម្ចីខ្នាតតូចតាមប្រព័ន្ធឌីជីថល ទៅកាន់អតិថិជន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងក្រុមហ៊ុន Zillennium Co., Ltd។
លោកបានបន្ថែមថា Chief Easy គឺជាកម្មវិធីមួយរបស់ធនាគារ ឈីហ្វ ដែលឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅកម្ពុជាផងដែរ។
លោកថ្លែងថា៖«Zillennium Co., Ltd គឺជាក្រុមហ៊ុនដ៏ធំ និងដំបូងគេនៅកម្ពុជាដែលធនាគារ ឈីហ្វ បានចុះ MoU ជាមួយសម្រាប់កិច្ចសហប្រតិបត្តិការគម្រោង Chief Easy។ គម្រោងនេះនឹងអនុញ្ញាតឱ្យបុគ្គលិករបស់ Zillennium អាចស្នើសុំកម្ចីខ្នាតតូចមកកាន់ធនាគារឈីហ្វ តាមប្រព័ន្ធឌីជីថល»។
លោកប្រាប់ទៀតថា រាល់អតិថិជនរបស់ធនាគារ ឈីហ្វ អាចដោនឡូតកម្មវិធី Chief Easy ដើម្បីបំពេញព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញ និងបញ្ជូនមកធនាគារដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងអនុម័ត។
យោងតាមលោក ស៊ីម ក្នុងដំណាក់កាលដំបូងនេះ ធនាគារពាណិជ្ជ ឈីហ្វ នឹងផ្តល់ឱកាសឱ្យបុគ្គលិកក្រុមហ៊ុន Zillennium Co., Ltd អាចស្នើសុំកម្ចីខ្នាតតូច (ចាប់ពីទឹកប្រាក់ ១០០ដុល្លារ ដល់ ១ ០០០ដុល្លារ) តាមរយៈប្រព័ន្ធឌីជីថលមកធនាគារ ដោយរយៈពេលនៃការអនុម័តនឹងមិនលើសពី ២៤ម៉ោងនៃថ្ងៃធ្វើការ៕