ភ្នំពេញៈ កម្ពុជាមានគោលដៅពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីតាមរយៈកម្មវិធីធានាឥណទាន និងផ្តល់ការគាំទ្រដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី ដែលជាផ្នែកមួយនៃការស្តារឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានរួមគ្នារៀបចំសន្និបាតស្តីពីបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានាទាក់ទងនឹងបរិយាប័ន្នហិរញ្ញវត្ថុ និងប្រមូលធាតុចូល និងចំណេះដឹងពីអ្នកចូលរួមជុំវិញការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ដែលដឹកនាំដោយស្ត្រី។
នៅក្នុងព្រឹត្តិការណ៍នេះមានការបង្ហាញលទ្ធផលសំខាន់ៗដកស្រង់ចេញពីរបាយការណ៍របស់ UNDP ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខ នៅក្រោមប្រធានបទកម្មវិធីធានាឥណទានសាធារណៈនៅកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងខ្នាតមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យមដែលមានអ្នកគ្រប់គ្រងជាស្ត្រី។ របាយការណ៍នេះបានរកឃើញថា បញ្ហាប្រឈមធំៗជាងគេដែល MSMEs ជួបប្រទះក្នុងការទទួលបានហិរញ្ញប្បទានរួមមានដូចជា ការតម្រូវឱ្យមានការដាក់ទ្រព្យបញ្ចាំដើម្បីទទួលបានកម្ចីលក្ខខណ្ឌផ្តល់កម្ចីតឹងរ៉ឹង ដោយពុំមានការពិចារណាពីប្រតិបត្តិការអាជីវកម្មរបស់ MSMEs អត្រាការប្រាក់ខ្ពស់រយៈពេលសងកម្ចីខ្លី និងសមត្ថភាពគ្រប់គ្រងរបស់ MSMEs ព្រមទាំងកង្វះខាតឯកសារហិរញ្ញវត្ថុ និងឯកសារគាំទ្រដទៃទៀត។
លោកស្រី AlissarChaker អ្នកតំណាង UNDP ប្រចាំកម្ពុជាបាននិយាយថា សហគ្រិនជាស្ត្រីមិនទាន់ទទួលសេវាឱ្យបានគ្រប់គ្រាន់ពីប្រព័ន្ធហិរញ្ញវត្ថុនោះឡើយ បើទោះជា ៦១ ភាគរយ នៃអាជីវកម្មទាំងអស់នៅកម្ពុជាមានម្ចាស់ជាស្ត្រីក៏ដោយមានសហគ្រិនស្ត្រីត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានឥណទានជាផ្លូវការ (របាយការណ៍ធនាគារពិភពលោកក្នុងឆ្នាំ ២០១៩)។
លោកស្រី Chaker បានបញ្ជាក់ថា៖ «UNDP និងដៃគូអភិវឌ្ឍន៍ដទៃទៀតកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពន្លឿនការលើកកម្ពស់ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ស្ត្រី។ សហគ្រិនជាស្ត្រីត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានស្តីពីសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុដែលមាននៅក្នុងទីផ្សារដូចជាកម្មវិធីធានាជាសាធារណៈជាដើម ដើម្បីធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវ និងពង្រីកជម្រើសដើម្បីទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ខ្លួនឯង»។
លោក Wong Keet Loong ប្រធាននាយកប្រតិបត្តិនៃសាជីវកម្ម CGCC បាននិយាយថា ផ្អែកតាមវឌ្ឍនភាពនៃការធានាឥណទានកន្លងមកសហគ្រាសភាគច្រើនដែលទទួលបានកម្ចីមានការធានា គឺជាសហគ្រាសខ្នាតតូច និងមធ្យម (៩៦ ភាគរយ)។ ទោះយ៉ាងនេះក្ដីនៅក្នុងចំណោមអាជីវកម្មទាំងអស់ដែលបានទទួលបានកម្ចីមានការធានា មានត្រឹមតែ ២៥ ភាគ-រយ ប៉ុណ្ណោះដែលគ្រប់គ្រងដោយស្ត្រី។
លោកបញ្ជាក់ថា៖ «គម្រោងធានាឥណទានថ្មីរបស់ CGCC ដែលត្រូវប្រកាសផ្សព្វផ្សាយក្នុងសន្និបាតថ្ងៃនេះត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ម្ចាស់អាជីវកម្ម MSMEs ជាស្ត្រីក្នុងគោលបំណងបង្រួមគម្លាតហិរញ្ញប្បទានរវាងសហគ្រិនជាស្ត្រី និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការនានា»។
របាយការណ៍ UNDP ប៉ាន់ប្រមាណថា កម្មវិធីធានាឥណទានសាធារណៈនឹងផ្តល់នូវផលជាវិជ្ជមានយ៉ាងច្រើនដល់ផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) របស់កម្ពុជា និងការបង្កើតការងារសម្រាប់វិស័យធំៗចំនួន ២ គឺ វិស័យកសិកម្មបដិសណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន)។ របាយការណ៍នេះឱ្យដឹងទៀតថា រៀងរាល់ការវិនិយោគ ១០០ លានដុល្លារក្នុងវិស័យកសិកម្មនឹងនាំឱ្យមានការផ្តល់នូវតម្លៃបន្ថែមប្រមាណ ២២១ លានដុល្លារដល់ ផ.ស.ស. ដែលត្រូវបានកែសម្រួលទៅតាមអត្រាអតិផរណាក្នុងប្រទេស ឬ ផ.ស.ស. ពិតនិងមានការបង្កើតការងារចំនួន ៤៨ ៧៣៧ កន្លែង។ ផលដែលបានពីការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ចត្រូវបានប៉ាន់ស្មានថា មានប្រមាណ ២០១ លានដុល្លារជាមួយនឹងសក្ដានុពលបង្កើតការងារចំនួន ១៦ ២២៦ កន្លែង (១ ១៣០ ការងារសម្រាប់ស្ត្រី)៕ LA