មណ្ឌលគិរីៈ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងគោលដៅផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់គុណភាពសម្បកវេចខ្ចប់ និងកេរ្តិ៍ឈ្មោះ ព្រមទាំងបង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាជន។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» បានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីក្រសួងបរិស្ថាន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងអង្គទូត មន្ទីរកសិកម្មខេត្ត អង្គការដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ សមាជិកសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ឱ្យក្លាយជាគោលដៅទេសចរណ៍តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី មូលដ្ឋានផលិតកម្ម និងទីកន្លែងប្រមូលផលទឹកឃ្មុំ ដើម្បីទាក់ទាញទេសចរ ស្របតាមផែនការមេស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ របស់រាជរដ្ឋាភិបាល។
ការថែរក្សា និងធានាបាននូវកេរ្តិ៍ឈ្មោះ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ គឺពិតណាស់អាស្រ័យលើការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ។
លោកបានបញ្ជាក់ថា៖ «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរីតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះនឹងក្លាយជាផ្នែកនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាផងដែរ»។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការទទួលស្គាល់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នាពេលនេះ គឺបង្ហាញកាន់តែច្បាស់ពីការបញ្ជាក់ពីគុណភាព និងតម្លៃនៃផលិតផលទឹកឃ្មុំព្រៃមណ្ឌលគិរី ដែលមានតាំងពីយូរយារណាស់មកហើយ។
លោកនិយាយថា៖ «នេះជាមោទនភាពរបស់ប្រជាជនខេត្តមណ្ឌលគិរី ពិសេសប្រជាសហគមន៍ផ្ទាល់ដែលនឹងទទួលបានអត្ថប្រយោជន៍ ដោយគាត់អាចចូលរួមថែរក្សាព្រៃឈើហើយ អាចទាញយកផលពីព្រៃឈើបន្ថែម ដើម្បីលើកកម្ពស់ជីវភាពតាមរយៈការយកទឹកឃ្មុំទៅលក់។ ទាំងដៃគូអភិវឌ្ឍន៍ សហគមន៍ នឹងអាជ្ញាធរចាំជួយគាំទ្រ និងរួមចំណែកថែរក្សា ដោយធ្វើយ៉ាងណាឱ្យការយកទឹកឃ្មុំនេះ ប្រកបដោយនិរន្តរភាព»។
លោក ស្រើវ សុវណ្ណី ប្រធានសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរីបានប្រាប់ថា ការទទួលបាន ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ពីក្រសួងពាណិជ្ជកម្មនាពេលនេះ បានជំរុញឱ្យតម្លៃទឹកឃ្មុំព្រៃមណ្ឌលគិរីមានកំណើនបន្តិច និងមិនមានការព្រួយបារម្ភរឿងទីផ្សារ។ លោកបន្ថែមថា កត្តាដែលធ្វើឱ្យទឹកឃ្មុំព្រៃមណ្ឌលគិរី ទទួលបាន GI រួមមាន ការអភិរក្ស និងបែងចែកព្រៃសហគមន៍ច្បាស់លាស់, ការប្រមូលឃ្មុំប្រកបដោយនិរន្តរភាព ដោយអនុវត្តទៅតាមសៀវភៅបន្ទុកដែលបានចែង គឺយកឃ្មុំដោយប្រើប្រាស់ភ្លើងគប់, កាត់ក្បាលទឹកត្រឹម ៨០ ភាគរយ និងការរក្សាអនាម័យជានិច្ចក្នុងការយកទឹកឃ្មុំ ជាដើម។
លោក សុវណ្ណី បញ្ជាក់ថា៖ «ទឹកឃ្មុំព្រៃរបស់ខេត្តមណ្ឌលគិរីមានទឹកដមផ្កាចម្រុះជាច្រើនប្រភេទនៅក្នុងព្រៃដែលប្រជាសហគមន៍យើងបានអភិរក្ស ហើយអតិថិជនដែលបានភ្លក្សរសជាតិទឹកឃ្មុំតែងសរសើរថាមានរសជាតិផ្អែមឈ្ងុយជាងទឹកឃ្មុំមកពីកន្លែងផ្សេង។ យើងគ្រោងនឹងពង្រីកសមាជិកបន្ថែមទៀត ដើម្បីបង្កើនបរិមាណទឹកឃ្មុំប្រចាំឆ្នាំក្នុងការបំពេញតម្រូវការទីផ្សារ»។
បើយោងតាមប្រធានសមាគមបច្ចុប្បន្នទីតាំងយកឃ្មុំរបស់សមាជិកសមាគមមាននៅ ៦ ឃុំសង្កាត់នៃក្រុងសែនមនោរម្យ, ស្រុកពេជ្រាដា, កោះញែក និងស្រុកកែវសីមា។ ក្នុងនោះ ដែរសមាគម មានសមាជិកជាង ៤៤០ នាក់ស្មើនឹង ១១ ក្រុម។
លោកបន្ថែមថា ជារៀងរាល់ឆ្នាំសមាគមប្រមូលទឹកឃ្មុំបានជាមធ្យមជាង ៣០ តោន ដោយការយកទឹកឃ្មុំនៅចន្លោះខែមីនា ដល់ខែឧសភា។ បរិមាណទឹកឃ្មុំដែលមាននេះមិនគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារទេ ទើបលោក សុវណ្ណី មានគម្រោងនឹងពង្រីកទីតាំងយកឃ្មុំ ដោយនឹងការរើសយកសមាជិកក្រុមថែមទៀត ដោយការពង្រីកនេះអាស្រ័យលើទំហំព្រៃផងដែរ។
ទឹកឃ្មុំព្រៃមណ្ឌលគិរីអាចលក់បានក្នុងតម្លៃចាប់ពី ១២ ០០០ ដុល្លា-១៣ ៥០០ ដុល្លារ ១ តោន ដែលតម្លៃនេះ គឺអាស្រ័យទៅលើកំហាប់ជាតិទឹកក្នុងទឹកឃ្មុំ។ នេះបើតាមលោក សុវណ្ណី។
ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» មានគោលបំណងសំខាន់ៗ ៤ រួមមាន ទី ១ ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅលើទីផ្សារជាតិ និងអន្តរជាតិ,ទី ២ អភិរក្សចំណេះដឹង ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក, ទី ៣ លើកកម្ពស់គុណភាពសម្បកវេចខ្ចប់ ផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារជាគោលដៅទេសចរណ៍, និងទី ៤ បង្កើនចង្វាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់៕ LA
វីដេអូ៖