ភ្នំពេញៈ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដើរកម្សាន្តក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែមីនា មានចំនួនជិត ៦៦ ម៉ឺននាក់ ថយចុះជាង ៤ ម៉ឺននាក់បើធៀបនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍របស់ក្រសួងទេសចរណ៍។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តឆ្នេរសមុទ្រមួយនេះបានថមថយបន្តិចក្នុងអំឡុងខែមីនា នេះដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង។
លោកបន្ថែមថា និន្នាការនៃការថមថយចំនួនភ្ញៀវទេសចរនេះ មានចាប់តាំងពីអំឡុងខែកុម្ភៈធៀបនឹងខែមករា ដែលក្រៅពីបញ្ហាកូវីដ ១៩ ក៏អាចពាក់ព័ន្ធនឹងការត្រួតពិនិត្យពង្រឹងសន្តិសុខសុវត្ថិភាពនៅក្នុងខេត្ត ព្រោះកាលពីមុនមានភ្ញៀវទេសចរបរទេសផ្ទៃក្នុងពិសេសជនជាតិចិន ដើរកម្សាន្តច្រើននៅតាមតំបន់ឆ្នេររាល់ចុងសប្តាហ៍ តែមួយរយៈចុងក្រោយនេះចំនួនបានថយចុះច្រើនគួរសម។
ចំពោះភ្ញៀវទេសចរអន្តរជាតិ ដែលមកពីក្រៅប្រទេសវិញត្រូវបានលោក សុចិត្រគ្រឹះស្នា អះអាងថា៖ «ទោះបីរដ្ឋាភិបាលសម្រេចបើកទទួលទេសចរវ៉ាក់សាំងតាំងពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ ប៉ុន្តែជើងហោះហើរមកកាន់ខេត្តព្រះសីហនុនៅមិនទាន់កើនឡើងទេ គឺមានតែ ២ ក្រុមហ៊ុនដដែល ដោយសារក្នុងតំបន់អាស៊ានមិនទាន់បើកពេញលេញ។ ខ្ញុំទទួលបានព័ត៌មានថា ប្រទេសក្នុងអាស៊ាននឹងបើកពេញលេញវិញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ ដូចនេះខ្ញុំយល់ថា កំណើនទេសចរ-អន្តរជាតិនឹងអាចត្រឡប់មកវិញ»។
លោកបានរំពឹងថា ក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ភ្ញៀវទេសចរផ្ទៃក្នុងនឹងមានកំណើនដូចក្នុងអំឡុងពេលចូលឆ្នាំចិនកន្លងទៅដែរ ព្រោះផ្ទះសំណាក់ និងសណ្ឋាគារនានាត្រូវបានអតិថិជនកក់ជាបណ្តើរៗហើយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់ថា ខេត្តកែបមានសម្ទុះនៃភ្ញៀវទេសចរច្រើនចាប់តាំងពីដើមឆ្នាំ ២០២២ មកដោយក្នុងខែមីនានេះ ភ្ញៀវទេសចរចូលមកកម្សាន្តមានច្រើន។ លោកបន្ថែមថា មានភ្ញៀវទេសចរប្រមាណ ៥ ម៉ឺននាក់បានមកកម្សាន្តនៅខេត្តកែបក្នុងអំឡុងជិត ១ ខែមីនានេះ។
លោកអះអាងថា៖ «ថ្វីដ្បិតតែយើងបើកទូលាយមែន ប៉ុន្តែយើងនៅតែពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ៣ កុំ និង ៣ ការពារ ក៏ដូចជាការអនុវត្តស្តង់ដា SOP នៅតាមអាជីវកម្មទេសចរណ៍ ដោយធ្វើយ៉ាងណាមិនឱ្យមានការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងតំបន់ទេសចរណ៍នានាក្នុងខេត្តកែបឡើយ។ ចូលឆ្នាំខាងមុខនេះនឹងមានភ្ញៀវមកកម្សាន្តកាន់តែច្រើន ព្រោះកន្លែងស្នាក់នៅដូចជា សណ្ឋាគារ ផ្ទះសំណាក់ Resort ជាដើម ត្រូវបានគេកក់ទុកច្រើនហើយនាពេលនេះ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងដែរថា ថ្វីដ្បិតមានការរីករាលដាលជំងឺកូវីដ ១៩«អូមីក្រុង» ប៉ុន្តែក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តទប់ស្កាត់បាន ដែលធ្វើឱ្យសភាពការណ៍មានភាពស្ងប់ស្ងាត់វិញនៅរយៈពេលចុងក្រោយនេះ។
លោក វណ្ឌី បន្តថា នេះជាសញ្ញាណវិជ្ជមានមួយសម្រាប់ខែមេសាខាងមុខ ស្របពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរជិតចូលមកដល់។ ប្រសិនបើការទប់ស្កាត់ជំងឺកូវីដ ១៩ បានល្អក្នុងអំឡុងពេលនេះ នឹងមានការអនុញ្ញាតឱ្យរៀបចំកម្មវិធីសង្ក្រាន្តតាមបណ្តាខេត្ត ដែលអាចទាក់ទាញទេសចរបន្ថែមទៀត។ ជាមួយគ្នាដែរភ្ញៀវទេសចរ-អន្តរជាតិ ក៏អាចនឹងមានកំណើនដែរ ដោយសារការបើកប្រទេសឡើងវិញ និងការបន្ធូរបន្ថយលក្ខខណ្ឌចេញចូលនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
លោកថ្លែងថា៖ «ថ្ងៃទី ១ ខែមេសា នឹងមានការបើកចំហច្រើនក្នុងតំបន់អាស៊ាន ហើយប្រទេសមួយចំនួនក៏លើករបាំងកូវីដ ១៩ ចេញដែរ ដោយក្នុងនោះប្រទេសវៀតណាមបានបើកហើយកាលពីថ្ងៃទី ១៨ មីនា ខណៈថៃ និងសិង្ហបុរីនឹងបើកដូចគ្នានេះដែរនៅដើមខែមេសាខាងមុខ»។
ទោះជាយ៉ាងណាអ្នកជំនាញរូបនេះរំពឹងថា ប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាននឹងបើកឡើងវិញដូចគ្នា ដើម្បីជំរុញចលនាទេសចរក្នុងតំបន់ និងឈានដល់ការបើកទូលាយតាមគន្លងប្រក្រតីភាពថ្មី ដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញនៅអំឡុង និងក្រោយពេលវិបត្តិកូវីដ ១៩៕ LA