ភ្នំពេញៈ វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) បានចាប់ដៃគូសហការជាមួយមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជានៃស្ថាប័នអប់រំ IDP ក្នុងគោលបំណងពង្រីកការទទួលស្គាល់ជាអន្តរជាតិ តាមរយៈការវាស់ស្ទង់សមត្ថភាពភាសាបរទេសរបស់និស្សិតនៅក្នុងវិទ្យាស្ថាន និងនិស្សិតពីស្ថាប័នដទៃ។
លោក ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានថ្លែងថា វិទ្យាស្ថានត្រូវការដៃគូសហការដែលមានភាពល្បីល្បាញជាអន្តរជាតិ ដើម្បីវាស់វែងសមត្ថភាពនិស្សិត ដែលកំពុងសិក្សាជំនាញមួយចំនួនជាភាសាអង់គ្លេស ដើម្បីផ្តល់ឱកាសឱ្យនិស្សិតអាចទៅសិក្សានៅក្រៅប្រទេសបាន។
លោកបញ្ជាក់ថា៖ «IELTS ជាស្ថាប័ន ដែលមានការទទួលស្គាល់ជាអន្តរជាតិ និងមានដៃគូសហការប្រមាណជាង ១១ ០០០ ស្ថាប័នលើពិភពលោក ហើយឥឡូវនេះ ក៏មាន AIB មួយដែរនៅក្នុងចំណោមនោះ។ យើងចង់សម្រួលដល់និស្សិតរបស់យើង ដែលចង់ធ្វើតេស្ត គឺអាចធ្វើនៅវិទ្យាស្ថាន ហើយក្នុងករណីសមត្ថភាពរបស់និស្សិតនៅមានកម្រិត សាលានឹងអាចចូលរួមជួយកែតម្រូវ និងអភិវឌ្ឍបន្ថែម ដើម្បីធ្វើឱ្យនិស្សិតយើងមានសមត្ថភាពពិតប្រាកដលើជំនាញភាសាអង់គ្លេស»។
លោក ថាប់ ចាន់ថន ប្រធានដេប៉ាតឺម៉ង់ភាសាបរទេសនៃវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានឱ្យដឹងដែរថា មជ្ឈមណ្ឌលតេស្ត IELTS កម្ពុជានៃស្ថាប័នអប់រំ IDP គឺជាស្ថាប័នអន្តរជាតិ ដែលមានភាពល្បីល្បាញក្នុងការវាស់វែងសមត្ថភាពភាសាបរទេស សម្រាប់អ្នកចង់បានអាហារូបករណ៍ទៅសិក្សា ឬធ្វើការក្រៅប្រទេស។ ទស្សនវិស័យរបស់ AIB គឺទាមទារឱ្យនិស្សិតមានសមត្ថភាពប្រកួតប្រជែងមិនត្រឹមតែក្នុងប្រទេសទេ តែជាលក្ខណៈអន្តរជាតិ។
លោកប្រាប់ថា៖ «IELTS នេះ គឺជាតេស្តមួយ ដែលយើងអាចធានាថា នៅពេលដែលនិស្សិតរបស់យើងបញ្ចប់ការសិក្សាទៅ មិនត្រឹមមានជំនាញផ្នែកហិរញ្ញវត្ថុ ឬធនាគារប៉ុណ្ណោះទេ ប៉ុន្តែគាត់មានជំនាញភាសាបរទេស ជាពិសេសគឺអង់គ្លេស ដើម្បីប្រកួតជាមួយគេបាន»។
មន្ត្រីជាន់ខ្ពស់ផ្នែកទីផ្សារ និងគ្រប់គ្រងការអភិវឌ្ឍអាជីវកម្មនៃមជ្ឈមណ្ឌល IELTS លោក Neil Wilford និយាយថា AIB ជាស្ថាប័នទី ១៥ ដែល IELTS បានសហការជាមួយក្នុងការផ្តល់សេវាតេស្តកម្រិតភាសាបរទេស នៅក្នុងរយៈពេលជាង ៣០ ឆ្នាំ ដែលមជ្ឈមណ្ឌលតេស្ត IELTS មានវត្តមាននៅកម្ពុជា។
លោកថ្លែងថា៖ «IELTS ជាប្រភេទតេស្តដែលមានស្តង់ដាខ្ពស់ ដែលមិនមែនគ្រប់ស្ថាប័នអប់រំនៅកម្ពុជាអាចសហការជាមួយបានទេ។ AIB ជាស្ថាប័នអប់រំដែលមានលក្ខខណ្ឌស្តង់ដាខ្ពស់តាមអ្វីយើងចង់បាន ព្រោះយើងចង់ឱ្យបេក្ខជនដែលបានឆ្លងកាត់តេស្តនេះជាធនធានមនុស្សមានសមត្ថភាពពិតប្រាកដក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ»៕ LA