ភ្នំពេញៈ វិស័យសំខាន់ៗចំនួន ៤ ត្រូវបានថ្នាក់ដឹកនាំ និងវិនិយោគិនមកពីរដ្ឋម៉ាឡាកា (ម៉ាឡេស៊ី) បង្ហាញការចាប់អារម្មណ៍ ព្រមទាំងបានសន្យានឹងជួយយកទៅផ្សព្វផ្សាយបន្តដល់វិនិយោគិនរបស់ខ្លួនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
គំនិតនេះត្រូវបានលើកឡើងដោយ លោក Haji Mohd Ali Bin Mohd Rustam អភិបាលរដ្ឋម៉ាឡាកា ក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២។ ក្នុងជំនួបខាងលើក៏មានការចូលរួមពីលោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជាផងដែរ។
លោក Haji Mohd Ali Bin Mohd Rustam បានលើកឡើងថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើនគ្រប់វិស័យ ហើយច្បាប់វិនិយោគថ្មីរបស់កម្ពុជាក៏មានភាពទាក់ទាញសម្រាប់ការចូលមកបណ្តាក់ទុនផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋម៉ាឡាកា លោកនឹងនាំយកព័ត៌មានស្តីពីសក្តានុពលការវិនិយោគនៅកម្ពុជាទៅប្រាប់ដល់វិនិយោគិនម៉ាឡេស៊ីក្នុងរដ្ឋម៉ាឡាកាឱ្យមកបណ្តាក់ទុននៅកម្ពុជា។ លោកបន្តថា សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក និងក្រុមគណៈប្រតិភូបានចាប់អារម្មណ៍ខ្លាំងចំពោះការបណ្តាក់ទុនលើវិស័យមួយចំនួន ដូចជា អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អចលនទ្រព្យ, រ៉ែ និងថាមពល ជាដើម។
លោកថ្លែងថា៖ «យើងនឹងពាំនាំយកនូវព័ត៌មានស្តីពីសក្តានុពលវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍរីកចម្រើនទាំងឡាយដែលបានឃើញ និងស្វែងយល់ដោយផ្ទាល់ក្នុងដំណើរទស្សនកិច្ចនេះទៅប្រាប់មិត្តភក្តិ និងវិនិយោគិនម៉ាឡេស៊ីនៅរដ្ឋម៉ាឡាកា ដើម្បីបានជ្រាបរួចមកសិក្សា និងពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើន និងដើម្បីបន្តរឹតចំណងមិត្តភាព និងទំនាក់ទំនងនៃប្រជាជាតិទាំង ២»។
ជាការឆ្លើយតប លោក នុត អ៊ុនវ័ណរ៉ា ក៏បានលើកបង្ហាញពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដែលកម្ពុជាមាន និងការវិវត្តថ្មីៗនៃកិច្ចការទាក់ទងនឹងការវិនិយោគ ពិសេសច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចូលជាធរមានកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ដោយច្បាប់ថ្មីនេះបានកំណត់នូវវិស័យ និងសកម្មភាពវិនិយោគអាទិភាព, ការផ្តល់ការលើកទឹកចិត្ត និងការការពារវិនិយោគជាដើម ហើយច្បាប់នេះមានភាពល្អប្រសើរ និងទាក់ទាញជាងមុន។
លោកបញ្ជាក់ថា៖ «កម្ពុជាមានចិត្តសោមនស្ស និងត្រៀមរួចជាស្រេចក្នុងការសហការជាមួយឯកអគ្គរដ្ឋទូត និងមន្ត្រីនៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងការផ្តល់ព័ត៌មានវិនិយោគ និងការសម្របសម្រួលរាល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគម៉ាឡេស៊ីដទៃទៀតនាពេលខាងមុខ»។
យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ ២០២១ ការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ី សម្រេចបានជាង ១០១ លានដុល្លារកើនឡើង ២,៦២ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមកកម្ពុជាមានតម្លៃជាង ៣៩៩ លានដុល្លារ កើន ១៦,១៦ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ប្រទេសម៉ាឡេស៊ីមានទំនាក់ទំនងល្អជាមួយកម្ពុជាទាំងផ្នែកការទូត ពាណិជ្ជកម្ម និងការវិនិយោគ ហើយបន្ថែមលើនេះក៏មានពលករកម្ពុជាជាច្រើនកំពុងបម្រើការនៅប្រទេសម៉ាឡេស៊ីផងដែរ។ លោកបន្តថា ក្រៅពីនេះប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងបង្ការការគេចពន្ធទាក់ទងនឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំង ២ ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១។
លោកប្រាប់ថា៖ «ការបង្ហាញចំណាប់អារម្មណ៍របស់ភាគីម៉ាឡេស៊ីចំពោះការបណ្តាក់ទុននៅកម្ពុជា គឺជាការផ្តល់សង្ឃឹមថ្មីមួយទៀតសម្រាប់ការរីកលូតលាស់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈកម្ពុជាកំពុងបន្តដាក់ចេញច្បាប់វិនិយោគ និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងលក្ខណៈទ្វេភាគី និងពហុភាគីជាបន្តបន្ទាប់»។
យោងតាម CDC គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ ២០២២ CDC បានចុះបញ្ជីគម្រោងវិនិយោគក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១៦២ គម្រោងក្នុងទុនវិនិយោគ ៣,២ ពាន់លានដុល្លារ។ ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជា មានដូចជា កសិកម្ម, វាយនភណ្ឌ, អចលនទ្រព្យ និងសំណង់, ហិរញ្ញវត្ថុ, សណ្ឋាគារ, និងថាមពល ជាដើម៕ LA