ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្តឱ្យ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិន Huawei បន្តរួមសហការគ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងជួយធ្វើឱ្យប្រទេសកម្ពុជាទទួលបានបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានានូវសុវត្ថិភាព និងការប្រកួតប្រជែងកម្រិតពិភពលោក។
ការលើករបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក នៅវិមានសន្តិភាពកាលពីសប្តាហ៍កន្លងមក។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ លោក Lin Baifeng បានលើកឡើងថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុន Huawei នៅកម្ពុជារយៈពេលជាង ២៣ ឆ្នាំ លោកសង្កេតឃើញថា ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានៅកម្ពុជាបានវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស ពិសេសចាប់ពីវត្តមាននៃជំងឺកូវីដ ១៩។ លោកបន្តថា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើន ក្រុមហ៊ុន Huawei សូមស្នើសុំការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីកចម្រើនថែមទៀត តាមរយៈការអភិវឌ្ឍធនធានមនុស្ស, ការនាំមកបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជន និងប្រជាជនប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។
លោក Lin Baifeng ក៏បានផ្តល់ជូនលោក ហ៊ុន សែន នូវគ្រឿងបរិក្ខារប្រើប្រាស់បច្ចេកវិទ្យា មានដូចជា ក្តារសរសេរដែលអាចតភ្ជាប់ដើម្បីទំនាក់ទំនងតាមប្រព័ន្ធវីដេអូចំនួន ១០០ គ្រឿង និងកុំព្យូទ័រ ៥០០ គ្រឿង។
លោក ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក Lin Baifeng ដែលកន្លងមកបានផ្ដល់ជូនកម្ពុជានូវគ្រឿងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងពេលនេះបានផ្តល់ជូនគ្រឿងបរិក្ខារសម្រាប់ការតភ្ជាប់ការប្រជុំតាមប្រព័ន្ធវីដេអូផង និងកុំព្យូទ័រផង។
បន្ថែមលើនេះលោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់លោក Lin Baifeng ឱ្យបន្តកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជា ដើម្បីជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មានផងដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់លោក Lin Baifeng ឱ្យបន្តធ្វើការជាមួយឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បន្តជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបានសុវត្ថិភាព និងអធិបតេយ្យភាព ព័ត៌មាន និងមានការប្រកួតប្រជែងលើពិភពលោក»។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក ឈិន កេន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៩ ខែមីនា ថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីសំខាន់ក្នុងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ ១៩។ លោកបន្តថា ការរួមចំណែករបស់ Huawei គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ខ្លាំងក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ខណៈ Huawei មិនត្រឹមតែជាក្រុមហ៊ុនផលិតទូរស័ព្ទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនផលិតកម្មវិធី និងឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «ការចូលរួមរបស់ Huawei មិនត្រឹមតែផ្តល់ឱ្យកម្ពុជាជាមធ្យោបាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកសំខាន់ជំរុញកំណើនសេដ្ឋកិច្ចឌីជីថលកម្ពុជាផងដែរ»។
ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទឹកប្រាក់ជាង ១១,១ ពាន់លានដុល្លារកើនឡើង ៣៧,២៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ដោយក្នុងនោះការនាំចេញរបស់កម្ពុជាមាន ១,៥១ ពាន់លានដុល្លារ កើនឡើង ៣៩ ភាគរយ និងការនាំទំនិញពីចិនមកកម្ពុជាមានទឹកប្រាក់ ៩,៦៣ ពាន់លានដុល្លារ កើនឡើង ៣៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០៕ LA