ទីក្រុងបាងកកៈ ការដឹកជញ្ជូនសាច់មាន់កែច្នៃបានចេញដំណើរពីច្រាំងសមុទ្ររបស់ប្រទេសថៃកាលពីថ្ងៃចន្ទទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំបន្ទាប់ពីព្រះរាជាណាចក្រទាំង ២ បានធ្វើឱ្យទំនាក់ទំនងមានលក្ខណៈប្រក្រតីភាពឡើងវិញកាលពីពេលថ្មីៗនេះ។
លោក JurinLaksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលធ្វើជាអធិបតីក្នុងពិធីបង្ហាញការនាំចេញសាច់មាន់កែច្នៃលើកដំបូងនៅរោងចក្រ Charoen Pokphand Foods (CPF) ក្នុងទីក្រុង Minburi ដោយមានការចូលរួមពីលោក Prasit Boondoungprasert អគ្គនាយកក្រុមហ៊ុន CPF លោកឧត្តមសេនីយ៍ទោនគរបាល Surin Palare អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមលោក Mallikar Boonmeetrakul ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Phusit RatanakulSerirerngrit អគ្គនាយកនៃនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងលោក Watnasak Sua-iam អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង។
លោក Prasit បានថ្លែងអំណរគុណដល់លោក Jurin និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Chalermchai Srion ដែលបានចរចារកិច្ចព្រមព្រៀងជាមួយអាជ្ញាធរប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
លោកបានសម្តែងនូវការកោតសរសើរដល់រដ្ឋមន្ត្រីទាំង ២ រោងចក្រកែច្នៃសាច់មាន់ចំនួន ៥ ដែលគ្រប់គ្រងដោយរោងចក្រ CPF ទទួលបានការយល់ព្រមពីប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
លោកបានថ្លែងថា៖ «ការសម្របសម្រួលនេះជាមួយប្រទេសអារ៉ាប៊ី សាអ៊ូឌីត នឹងជំរុញការនាំចេញសាច់មាន់របស់ប្រទេសថៃ ប្រកបដោយនិរន្តរភាព»។
រោងចក្រ CPF រំពឹងថា នឹងរកប្រាក់ចំណូលបានជិត ៥០០ លានបាតពីការនាំចេញសាច់មាន់កែច្នៃប្រហែល ៦ ពាន់តោនទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត នៅឆ្នាំនេះ។
ទន្ទឹមនឹងនោះ លោក Jurin បានឱ្យដឹងថា ការដឹកជញ្ជូនកាលពីថ្ងៃចន្ទបានបង្កើតប្រវត្តិសាស្ត្រដោយសារតែវាជាជំហានដំបូងឆ្ពោះទៅរកពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ១៨ ឆ្នាំ។
លោកបានបន្ថែមថា ក្រុមមន្ត្រីការទូតថៃដោយមានការសម្របសម្រួលជាមួយក្រសួងការបរទេសបានចរចាលើវិញ្ញាបនបត្រនៅតាមរោងចក្រចំនួន ១១ នៅក្នុងប្រទេសថៃ ដើម្បីនាំចេញសាច់មាន់ទៅកាន់ប្រទេសមជ្ឈិមបូព៌ាប្រកបដោយសក្តានុពលមួយនេះ។
លោក Jurin បានបន្តថា ៧៥ ភាគរយនៃសាច់មាន់ដែលប្រើប្រាស់នៅក្នុងប្រទេស អារ៉ាប៊ី សាអ៊ូឌីត ត្រូវបាននាំចូល ២៥ ភាគរយត្រូវបានដឹកជញ្ជូនពីប្រទេសអ៊ុយក្រែន និងបារាំង។
ទោះយ៉ាងណា លោកបានបញ្ជាក់ថាគោលបំណងគឺចង់ឱ្យប្រទេសថៃក្លាយជាប្រទេសនាំចេញមាន់ដ៏សំខាន់មួយទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត។
លោក Jurin បានបញ្ជាក់ថា ប្រទេសថៃបាននាំចេញសាច់មាន់ប្រហែល ៩០០ ពាន់តោនដែលរកប្រាក់ចំណូលបានប្រហែល ១០០ ពាន់លានបាតកាលពីឆ្នាំមុន។ លោកបានបន្ថែមថា បរិមាណនេះនឹងកើនឡើងដល់ប្រហែល ៩៨ ម៉ឺនតោន ក្នុង ១ ឆ្នាំដែលនៅពេលនេះទីផ្សារប្រទេសអារ៉ាប៊ី សាអ៊ូឌីត បើកចំហសម្រាប់ប្រទេសថៃ។
ប្រទេសទាំង ២ បានពើបប្រទះការទូតល្អក់កករ ដោយសារតែ «Blue Diamond Affair» ដែលក្នុងនោះគ្រឿងអលង្ការដែលមិនអាចកាត់ថ្លៃបានរាប់រយប្រភេទត្រូវបានលួចពីរាជវាំងរបស់ព្រះអង្គម្ចាស់ Faisal bin Fahd ដោយអ្នកថែទាំជនជាតិថៃនៅឆ្នាំ ១៩៨៩៕ The Nation-ANN/LA