ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានក្រើនរំឭកដល់អ្នកជាប់ពន្ធអនិវាសនជន (ក្រុមហ៊ុនបរទេស) ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកកម្ពុជាឱ្យទៅចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration)ឱ្យបានមុនថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ដើម្បីចៀសផុតការរងទោសទណ្ឌ។
យោងតាមសេចក្តីជូនដំណឹងស្តីពីការរំឭកអំពីកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញរបស់អគ្គនាយកដ្ឋានពន្ធដារ ផ្សព្វផ្សាយកាលពីថ្ងៃទី ២៨ ខែមីនា បញ្ជាក់ថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញមានសហគ្រាសដែលជាអ្នកជាប់ពន្ធអនិវាសនជនមួយចំនួនបានមកបំពេញកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) រួចរាល់ហើយ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនទៀតមិនទាន់មកបំពេញកាតព្វកិច្ចចុះបញ្ជីទេ។
អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការក្រើនរំឭកថា ក្នុងករណីដែលអ្នកជាប់ពន្ធអនិវាសនជន មិនបានចុះបញ្ជី ឬមិនបានដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់អាករលើតម្លៃបន្ថែមជូនរដ្ឋបាលសារពើពន្ធឱ្យទាន់ពេលវេលាដែលច្បាប់កំណត់ បានត្រូវរងទោសទណ្ឌ ដូចមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
លោក ម៉ាក ចំរើន អនុប្រធានក្រុមហ៊ុនស្មាលយ៍សប បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមីនាថា កាតព្វកិច្ចពន្ធ គឺជារឿងចាំបាច់សម្រាប់ប្រតិបត្តិករ និងសហគ្រិន ក្នុងការរួមចំណែកបង់ពន្ធជូនរដ្ឋ ដើម្បីជំរុញឱ្យសេដ្ឋកិច្ចមានដំណើរការល្អ។
លោកបន្ថែមថា ប្រទេសកម្ពុជាមានទីផ្សារតូចសម្រាប់ក្រុមហ៊ុនបរទេសដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកចូលមកកម្ពុជាក៏ពិតមែន ប៉ុន្តែបើក្រុមហ៊ុនទាំងនោះបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនហើយមិនបង់ពន្ធ ឬចុះបញ្ជីតាមច្បាប់រដ្ឋនោះ គឺរឿងមិនសមស្របឡើយ ក្នុងនាមជាពាណិជ្ជករ។
លោកថ្លែងថា៖ «ដើម្បីឱ្យមានតុល្យភាព អ្នកប្រមូលពន្ធ ឬអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា ក៏គួរសិក្សាមើលផងដែរថា តើការដែលមានក្រុមហ៊ុនបរទេសធំៗផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកមកស្រុកយើង នឹងអាចចូលរួមជំរុញឱ្យវិស័យនេះរីកចម្រើនកម្រិតណាដែរ? ហើយតើយើងគួរផ្តល់ការលើកលែងពន្ធដល់ពួកគាត់យ៉ាងម៉េច ដើម្បីអាចទាក់ទាញពួកគេឱ្យមករកស៊ីនៅស្រុកខ្មែរ។ ដូច្នេះយើងអាចចូលរួមចំណែកទាក់ទាញក្រុមហ៊ុនធំៗឱ្យមកធ្វើប្រតិបត្តិការនៅកម្ពុជាដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនតូចៗនៅក្នុងស្រុក នេះជារឿងដ៏ល្អ»។
ទោះយ៉ាងណាលោកបញ្ជាក់ថា ការប្រមូលពន្ធគឺជារឿងសំខាន់ ព្រោះពាក់ព័ន្ធនឹងចំណូលរដ្ឋ ប៉ុន្តែការទាក់ទាញឱ្យក្រុមហ៊ុនធំៗមកបើកប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុកក៏សំខាន់ដែរ ព្រោះវានឹងជះឥទ្ធិដល់វិស័យ SME នៅពេលដែលក្រុមហ៊ុនធំមកប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញសម្រាប់ក្រុមហ៊ុនបរទេសដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាគឺផ្តល់ប្រយោជន៍ទាំងសងខាង។
លោកបានបញ្ជាក់ថា៖ «ការបំពេញកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញនឹងបង្ហាញថា ក្រុមហ៊ុននោះបានរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្របនឹងការទទួលខុសត្រូវរបស់ខ្លួនក្នុងការទាញប្រយោជន៍ពីប្រតិបត្តិការពាណិជ្ជកម្មនៅកម្ពុជា។ ការអនុវត្តនេះ ក៏ជាការបង្កើនទំនុកចិត្តរវាងក្រុមហ៊ុនឯកជននិងរាជរដ្ឋាភិបាលផងដែរ»៕ LA