ភ្នំពេញៈ ក្រោមគោលនយោបាយពង្រឹងការវិវត្តតាមបែបឌីជីថល រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងទាំងសកម្មភាពដឹកជញ្ជូន សកម្មភាពផ្ទេរទំនិញ និងការស្តុក ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនៅខែសីហាខាងមុខ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តគម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរមានភាពងាយស្រួល និងស្របតាមច្បាប់ជាធរមាន។
លោក ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣០ ខែមីនាថា ការរៀបចំអនុក្រឹត្យនេះក្នុងគោលបំណងធ្វើយ៉ាងណាឱ្យប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) មានដំណើរការដោយរលូន ជាពិសេសដើម្បីធ្វើយ៉ាងណាឱ្យក្រសួងមានឯកសារយោងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីឱ្យសមត្ថកិច្ចពាក់ព័ន្ធអាចប្រើប្រាស់តាម។
លោកថ្លែងថា៖ «អនុក្រឹត្យនេះធ្វើឡើងដើម្បីបញ្ជាក់បន្ថែមទៅលើប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។ ប្រព័ន្ធនឹងរួចរាល់នាពេលខាងមុខ។ យើងនឹងដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យ ក្រោយការពិនិត្យនឹងត្រូវដាក់ជូនទៅសម្តេច ដើម្បីចុះហត្ថលេខា បន្ទាប់មកយើងយកមកអនុវត្ត»។
លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានផ្នែកហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យានៃគម្រោង Port បានប្រាប់ថា គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែនឹងចាប់ផ្តើមដំណើរការក្នុងអំឡុងខែសីហា ខណៈបច្ចុប្បន្នក្រុមការងារកំពុងបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធឱ្យយល់ដឹងពីការប្រើប្រាស់។
លោកថ្លែងថា៖ «ប្រព័ន្ធបច្ចេកវិទ្យា នៅពេលធ្វើរួចហើយ គឺមិនខុសពីផ្លូវថ្នល់ទេ យើងត្រូវតែធ្វើការកែសម្រួលនូវចំណុចមួយចំនួនទៅតាមមតិយោបល់របស់អ្នកប្រើប្រាស់ដែលបច្ចុប្បន្នក្រសួងកំពុងតែធ្វើការបណ្តុះបណ្តាលទាំងមន្ត្រីថ្នាក់ជាតិ និងមន្ត្រីនៅតាមកំពង់ផែដើម្បីឱ្យពួកគាត់មានមូលដ្ឋានក្នុងការប្រើប្រាស់ប្រព័ន្ធនេះ»។
លោកបានបន្តថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែនេះ នឹងចូលរួមចំណែកធានានូវការផ្តល់ការអនុញ្ញាតឱ្យនាវាចេញចូលកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងការបញ្ជូនឯកសារដែលពាក់ព័ន្ធជាមួយនឹងនីតិវិធីឱ្យបានមកដល់មុន តាមរយៈការបំពេញនូវពាក្យតាមអនឡាញ ដើម្បីឱ្យគណៈកម្មការ ពិនិត្យ និងផ្តល់ការបញ្ជាក់មុនពេលនាវាចូលមកដល់កំពង់ផែកម្ពុជា។
លោកបញ្ជាក់ថា៖ «ការចេញចូលរបស់នាវាទាមទារឱ្យមានភាពច្បាស់លាស់ ដើម្បីឱ្យដឹងថា តើមានមនុស្សប៉ុន្មាននាក់ មានសម្ភារអីខ្លះ ប្រវត្តិ និងព័ត៌មាននាវាយ៉ាងដូចម្តេច? អ៊ីចឹង មិនចេះតែចូលមកចតសិន ហើយស្នើសុំនីតិវិធីតាមក្រោយទេ។ ដូច្នេះប្រព័ន្ធ Port EDI វានឹងចូលរួមដោះស្រាយរាល់បញ្ហាទាំងអស់នេះ»។
បើតាមលោក សុទ្ធាយុត្តិ អង្គភាពផ្សេងៗដូចជាក្រសួងសុខាភិបាល និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏អាចប្រើប្រាស់ប្រព័ន្ធនេះបានដែរ។ ដូច្នេះវានឹងក្លាយទៅជាស្តុកសេវាកម្មដែលនឹងផ្តល់លទ្ធភាពឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមផ្តល់គោលការណ៍មុនពេលឱ្យនាវាចូលមកដល់កំពង់ផែកម្ពុជា។ ជាមួយគ្នានេះប្រព័ន្ធក៏ត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ទទួលចតនាវាគ្រប់ប្រភេទ ក្រោយការពង្រីកកំពង់ផែព្រះសីហនុ។
ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំទៅលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃទៅធ្វើការលើប្រព័ន្ធអនឡាញវិញ។ បច្ចុប្បន្នរាល់ការធ្វើបែបបទនាវាចរណ៍ចេញ-ចូល គឺត្រូវចំណាយពេលរង់ចាំយូរ មានការលំបាក និងនីតិវិធីស្មុគស្មាញ។ ប៉ុន្តែនៅពេលប្រព័ន្ធ Port EDI នេះដំណើរការ វានឹងជួយសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលាមានប្រសិទ្ធភាព និងតម្លាភាពផងដែរ៕ LA