សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសដាក់ឱ្យដំណើរការជាផ្លូវការនូវ «គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី» ដែលមានទំហំសរុប ៣០លានដុល្លារ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ នេះតទៅ ដើម្បីគាំទ្រដល់សហគ្រិនស្រ្តី ជាពិសេស សហគ្រិនស្ត្រីដែលខ្វះទ្រព្យបញ្ចាំនៅពេលស្នើសុំកម្ចី ឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានផ្លូវការច្រើនជាងមុន និងងាយស្រួលជាងមុន សម្រាប់ទុនបង្វិល និងពង្រីកអាជីវកម្ម។
គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី ត្រូវបានរៀបចំឡើងស្របតាម «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» របស់រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្កើនការផ្តល់ឥណទានបន្ថែម តាមរយៈការកែសម្រួលលក្ខខណ្ឌធានាឥណទាន ដោយពង្រីកវិសាលភាពនៃការផ្តល់ការធានាភ្ជាប់ជាមួយលក្ខខណ្ឌអនុគ្រោះ។
គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តី មានគោលបំណងបង្កើនការគាំទ្រដល់សហគ្រិនស្ត្រី និងអាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រីឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ តាមរយៈការធានាឥណទានរបស់ CGCC លើកម្ចី រហូតដល់ ៨០% នៃទំហំកម្ចី សម្រាប់គ្រប់វិស័យ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះផ្សេងៗទៀត។ គម្រោងនេះផ្តល់ការធានាឥណទាន លើគ្រប់ប្រភេទកម្ចី រួមមានកម្ចីមានកាលកំណត់ ឥណទានវិបារូបរ៍ ឥណទានពាណិជ្ជកម្ម។ លោកអ្នកអាចទាញយកលក្ខខណ្ឌលម្អិតនៃគម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈគេហទំព័រ CGCC: www.cgcc.com.kh
គម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តីនេះ គឺជាគម្រោងធានាឥណទានទី៣ របស់ CGCC បានដាក់ឱ្យដំណើរការនាពេលកន្លងមក។ គិតត្រឹមចុងខែមីនា ឆ្នាំ២០២២ CGCC បានផ្តល់ការធានាឥណទានលើកម្ចីទៅកាន់ក្រុមហ៊ុនអាជីវកម្មប្រមាណ ៣០០ ដែលក្នុងនោះ អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមានប្រមាណ ៣០% នៃអាជីវកម្មសរុបដែលទទួលបានការធានាឥណទាន។
សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ CGCC តាមរយៈតំណភ្ជាប់នេះ៖ https://www.facebook.com/officialcgcc ឬ ទំនាក់ទំនងតាមលេខទូរសព្ទ ០២៣ ៧២២ ១២៣។