ភ្នំពេញ: នៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ៣ ៤៣៤ ០៧០,៦៣តោន ទៅកាន់ទិសដៅ ៥៧ប្រទេស គឺមានការកើនឡើងចំនួន ៣៤៤ ៨៦០,៧១តោន ស្មើនឹង ១១,១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលទទួលបានត្រឹមតែ ៣ ០៨៩ ២០៩,៩២តោន។ នេះបើតាមគណនីបណ្តាញសង្គមរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមលោក វេង សាខុន ផលិតផលកសិផលដែលកម្ពុជានាំចេញមាន អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទីឆៅនិងកែច្នៃ គ្រាប់ពោត គ្រាប់សណ្តែកបាយ ផ្លែចេកស្រស់ ផ្លែក្រូចថ្លុង ផ្លែស្វាយស្រស់និងកែច្នៃ ម្រេចស្រស់និងកែច្នៃ ថ្នាំជក់ បន្លែចម្រុះ ម្ទេសស្រស់និងក្រៀម ជាដើម។
ក្នុងបរិមាណនាំចេញខាងលើ ការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផលដោយផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញមានចំនួន ១២៦៨,៦ ពាន់លានដុល្លារអាមេរិក៕