ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាស្វែងរកក្រុមហ៊ុនដៃគូអភិឌ្ឍន៍ធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿននៅលើផ្លូវរថភ្លើងចាស់ដើម្បីបង្កើនល្បឿនការដឹកជញ្ជូន ខណៈបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវដែកនេះមានភាពយឺតយ៉ាវមិនអាចឆ្លើយតបនឹងការវិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាបាននោះទេ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងពិចារណា និងគិតគូរទៅលើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដែលមានស្រាប់ និងហួសសម័យ ដោយជំនួសមកវិញនូវផ្លូវរថភ្លើងល្បឿនលឿន។
លោកបន្ថែមថា ការធ្វើដំណើរតាមប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកទាំង ២ ទិស គឺពីភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ នាពេលនេះបានត្រឹម ២០-៣០ គីឡូម៉ែត្រក្នុង ១ ម៉ោងដែលមិនអាចឆ្លើយតបនឹងសភាពការណ៍ការដឹកជញ្ជូនក្នុងប្រទេស និងការតភ្ជាប់ទៅកាន់ប្រទេសជិតខាងរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងកំពុងពិចារណាអំពីបញ្ហានេះ ហើយរកដៃគូធ្វើជាផ្លូវរថភ្លើងល្បឿនលឿនលើផ្លូវរថភ្លើងចាស់ដដែលហ្នឹង។ អ៊ីចឹងបានដាក់ឱ្យ ស៊ុន ចាន់ថុល ធ្វើការពិចារណា និងលើកគម្រោងរកដៃគូដើម្បីពិភាក្សាលើបញ្ហានេះ ព្រោះបើទុកឱ្យដំណើរការរបៀបនេះ វាទៅអត់រួចតាមមិនទាន់សភាពការណ៍»។
បើតាមលោកនាយករដ្ឋមន្ត្រី ក្រៅពីការគិតគូរទៅលើការធ្វើទំនើបកម្មប្រព័ន្ធផ្លូវដែក រដ្ឋាភិបាលក៏បានគិតគូរទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាគម្រោងផ្លូវតភ្ជាប់រវាងខេត្តសៀមរាប និងខេត្តបាត់ដំបង ប្រវែងជាង ៧០ គីឡូម៉ែត្រ ដែលខណៈបច្ចុប្បន្ននេះកំពុងធ្វើការសិក្សា និងស្វែងរកថវិកា ដើម្បីយកមកធ្វើការសាងសង់។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៤ ខែមីនាថា ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនេះក្រសួងបានគិតគូរ និងយកចិត្តទុកដាក់បំផុត ប៉ុន្តែមកទល់ពេលនេះក្រសួងនៅមិនទាន់រកបានក្រុមហ៊ុនដៃគូអភិវឌ្ឍន៍នៅឡើយទេ និងមួយទៀត គឺមិនទាន់មានការឯកភាពឱ្យបានមុតស្រួចជាធ្នុងមួយជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួន។
លោកបន្ថែមថា ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជាអាចមានតម្លៃប្រហាក់ប្រហែលនឹងគម្រោងវិនិយោគអាកាសយានដ្ឋាន ប៉ុន្តែរដ្ឋាភិបាលសម្រេចកសាងអាកាសយានដ្ឋានមុន ដែលធ្វើឱ្យគម្រោងផ្លូវដែកទៅជាគម្រោងអាទិភាពនៅពេលក្រោយ។
លោកថ្លែងថា៖ «និយាយឱ្យត្រង់ទៅយើងមិនទាន់មានការឯកភាពមុតស្រួច សម្តេចលោកមានប្រសាសន៍ច្រើនដងហើយ ផ្លូវដែកហ្នឹង ប៉ុន្តែអ្វីដែលសំខាន់ គឺយើងរកដៃគូវិនិយោគមិនទាន់បាន។ ជាផែនការយើងចង់បានក្រុមហ៊ុនចិនឱ្យមកវិនិយោគ ប៉ុន្តែទន្ទឹមយើងចង់បាន យើងក៏ត្រូវដោះស្រាយកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនសិន»។
បើតាម លោក សូរិយា ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំជាគោលនយោបាយ និងអនុសាសន៍មួយចំនួនដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេច មុននឹងចាប់ផ្តើមការងារសិក្សា ឬសាងសង់។
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ ផ្លូវដែកកម្ពុជា ចាប់ផ្តើមសាងសង់ក្នុងទសវត្សរ៍ឆ្នាំ ១៩៣០-១៩៤០ ដែលមាន ២ ខ្សែ គឺខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង មានប្រវែងសរុប ៦៥០ គីឡូម៉ែត្រ។
ផ្លូវដែកភាគខាងជើងមានប្រវែង ៣៨៦ គីឡូម៉ែត្រ ពីភ្នំពេញ ទៅប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ពីឆ្នាំ ១៩២៩ ដល់ឆ្នាំ ១៩៤២ និងផ្លូវដែកភាគខាងត្បូង (ភ្នំពេញ-ខេត្តព្រះសីហនុ) បានកសាងឡើងចន្លោះឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩ ដែលមានប្រវែង ២៦៤ គីឡូម៉ែត្រ។
ផ្លូវដែកទាំង ២ ខ្សែបានទទួលរងការខ្ទេចខ្ទាំស្ទើរទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងបានជួសជុលឡើងវិញក្រោមការសហការរវាងក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)៕ LA
វីដេអូ៖