ភ្នំពេញៈ កម្ពុជានាំចេញស្រូវ និងអង្ករ ក្នុងបរិមាណចំនួន ១ ៥៦០ ៧២០ តោន និងស្មើនឹងទឹកប្រាក់ជាង ៣៩៤,៦ លានដុល្លារនៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២២។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ ការនាំចេញស្រូវទៅក្រៅប្រទេសមានបរិមាណ ១ ៣៩០ ១៨១ តោន ស្មើនឹងទឹកប្រាក់ ២៤៨ ៨៤២ ៣៩៩ ដុល្លារកើនឡើង ១៣,៨០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ចំណែកការនាំចេញអង្ករ សម្រេចបានចំនួន ១៧០ ៥៣៩ តោនមានតម្លៃ ១៤៥ ៨១០ ៨៤៥ ដុល្លារ កើនឡើង ១០,៩៦ ភាគរយ។
លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែមេសាថា ការនាំចេញអង្ករនៅត្រីមាសទី ១ ឆ្នាំ ២០២២ នេះមានកំណើនថេរល្អគឺក្នុងរង្វង់ជិត ៣ ម៉ឺនតោនបើធៀបនឹងដើមឆ្នាំ ២០២១ ដោយសារតែស្ថានភាពទីផ្សារចាប់ផ្តើមល្អប្រសើរឡើងវិញ។
ចំពោះបរិមាណនាំចេញអង្ករ ដែលមានការថមថយជាង ១២ ភាគរយនៅក្នុងខែមីនាវិញ ត្រូវបានអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ស្ថានភាពមិនសូវល្អបាននាំឱ្យការនាំចេញអង្ករចាប់ពីខែមករា ដល់ខែកុម្ភៈ មានបរិមាណតិច ប៉ុន្តែការនាំចេញមានកំណើនច្រើនវិញក្នុងខែមីនា។ ដោយឡែកក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ អង្ករដែលនាំចេញមានកំណើនថេរល្អ ដូច្នេះបើធៀបនឹងខែមីនាដូចគ្នាឃើញថាថយចុះ តែបើធៀបទៅនឹងត្រីមាស មានការកើនឡើង។
លោកបញ្ជាក់ថា៖ «សម្រាប់ការនាំចេញអង្ករនៅដើមឆ្នាំនេះ ប្រទេសចិននៅតែឈរលំដាប់ទី ១ ដែលកម្ពុជានាំអង្ករទៅប្រមាណ ៥២ ភាគរយនៃបរិមាណនាំចេញអង្ករសរុប។ ចំណែកតំបន់អឺរ៉ុបនៅលំដាប់ទី ២ មានប្រមាណ ២៨ ភាគរយ តាមពីក្រោយដោយតំបន់អាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀត។ ប្រសិនយើងមើលជាភាគរយកំណើនឃើញថា តំបន់អាស៊ានមានកំណើនប្រែប្រួលច្រើនជាងគេ»។
លោកបានបន្ថែមថា បច្ចុប្បន្នតម្លៃដឹកជញ្ជូននៅតែឡើងថ្លៃដដែល ប៉ុន្តែមានភាពល្អប្រសើរបន្តិចមកវិញដោយសារតែមានកុងតឺន័រដឹកជញ្ជូនច្រើនជាងមុន ព្រោះតែលំហូរពាណិជ្ជកម្មទៅកាន់តំបន់អឺរ៉ុប ស្របពេលដែលអង្ករកម្ពុជាលែងបង់ពន្ធនាំចេញអឺរ៉ុប ចាប់ពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ មក ដែលបានជំរុញការនាំចេញអង្ករទៅអឺរ៉ុប មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន។
លោកលើកឡើងថា៖ «យើងបានកំណត់សូចនាករថានឹងនាំចេញអង្ករឱ្យបាន ៧៥ ម៉ឺនតោន នៅឆ្នាំ ២០២២ នេះ។ បើតាមល្បឿនការនាំចេញរបស់យើងបច្ចុប្បន្ន គួបផ្សំភាពធូរស្រាលនៃស្ថានភាពជំងឺកូវីដ ១៩ ផងនោះ យើងរំពឹងថា ការនាំចេញអង្ករអាចនឹងសម្រេចបានតាមគោលដៅដែលបានគ្រោងទុក ឬលើសនេះ ដោយអាចឈានដល់ ៨០ ម៉ឺនតោន ព្រោះល្បឿននាំចេញទៅប្រទេសចិននៅតែខ្ពស់ ដោយកូតាប្រមាណ ៤០ ម៉ឺនដែលនាំចិន គឺសម្រេចបានជាង ១០ ម៉ឺនតោនទៅហើយនាពេលនេះ។ ដូច្នេះបើសិនពេលខាងមុខមានការចុះ MOU ថ្មីទៀតជាមួយចិន ខ្ញុំគិតថា ការនាំចេញអង្កររបស់យើងអាចលើសគោលដៅកំណត់»។
បើតាមរបាយការណ៍ដដែល ការនាំចេញអង្ករក្រអូបគ្រប់ប្រភេទក្នុងត្រីមាសទី ១ មានចំនួន ១២០ ៤២២ តោន ស្មើនឹង ៧០,៦១ ភាគរយ អង្ករសគ្រប់ប្រភេទ ៤៨ ៨២៧ តោន ស្មើនឹង ២៨,៦៣ ភាគរយ និងអង្ករចំហុយគ្រប់ប្រភេទចំនួន ១ ២៩០ តោន ស្មើនឹង ០,៧៦ ភាគរយ។ អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប (២១ ប្រទេស) មានបរិមាណសរុបចំនួន ៤៧ ៦៧៤ តោនកើនឡើង ៣៤,៥១ ភាគរយ, ទិសដៅប្រទេសចិនមានចំនួន ៨៨ ៦៤៦ តោន កើនឡើង ៣, ៨៤ ភាគរយ ទិសដៅអាស៊ាន (៤ ប្រទេស) មានចំនួន ១៧ ៣១០ តោន កើនឡើង ៤៨,៤៨ ភាគរយ និងទិសដៅដទៃទៀត (២១ ប្រទេស) មានចំនួន ១៦ ៩០៩ តោន ថយចុះ ២០,៣១ ភាគរយ។ ដោយឡែកក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤៦ ក្រុមហ៊ុន៕ LA