ភ្នំពេញៈ ផ្សារ​ពហុផលិតផល​ថៃ Siam Makro Pcl គ្រោង​នឹង​ចំណាយ​ប្រាក់​ចំនួន ១១​ ពាន់​លាន​បាត​ (​ប្រមាណ​ជាង ៣២៨​ លាន​ដុល្លារ​)​ បន្ថែម​ទៅលើ​ការពង្រីក​ហាង​ចំនួន ៣០ ដែល​ក្នុងនោះ​នឹង​បើក​ចំនួន ២ បន្ថែមទៀត​នៅ​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ ​ដើម្បី​ចាប់យក​ការកើនឡើង​តម្រូវការ​នាពេល​បច្ចុប្បន្ន​។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​កាលពី​ថ្ងៃទី​ ១ ខែមេសា ដោយ​ដកស្រង់​យកសម្តី​លោកស្រី Suchada Ithijarukul នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​បាន​លើកឡើងថា ការវិនិយោគ​នេះ​នឹង​ត្រូវបាន​ប្រើ​ដើម្បី​បើក​ដំណើរការ​ហាង Makro ថ្មី​ចំនួន ៣០ ​ដោយ​ក្នុងនោះ​នៅ​ប្រទេស​ថៃ​ចំនួន ២៥ ឥណ្ឌា ៣ និង ២ នៅ​កម្ពុជា​។

ផែនការ​ពង្រីក​នេះ​បានធ្វើឱ្យ​ចំនួន​ហាង​របស់​ក្រុមហ៊ុន Makro ក្នុង​ឆ្នាំ​ ២០២២ នេះ​កើន​ឡើងដល់ ១៨៤​។ ក្នុងចំណោម​ហាង​សរុប គឺ​ហាង​ចំនួន ១៧២ មាន​ទីតាំងនៅ​ក្នុងប្រទេស​ថៃ និង ១២ កន្លែង​ក្រៅប្រទេស​។

លោកស្រី Suchada បាន​ថ្លែងថា​៖ «​ការលក់​របស់​យើង​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ បាន​កើនឡើង​សម្រាប់​ផ្នែក​ភោជនីយដ្ឋាន និង​សណ្ឋាគារ​»​។

លោកស្រី​ឱ្យដឹងទៀតថា ការបើក​ហាង​សេវាកម្ម​អាហារ​របស់​ក្រុមហ៊ុន Makro នៅ​ឆ្នាំនេះ​គឺជា​ការផ្តោត​ការយកចិត្តទុកដាក់​ថ្មី​មួយ​។ ហាង​ទាំងនេះ​មាន​ទំហំ​ចន្លោះ​ពី ១ ០០០ ទៅ ២ ០០០ ម៉ែត្រការ៉េ ដែល​មានន័យថា ហាង​ទាំងនេះ​ត្រូវការ​ការវិនិយោគ​កាន់តែ​តិច ប៉ុន្តែ​នៅតែ​អាចបំពេញ​តម្រូវការ​អតិថិជន​បាន​។

យោងតាម​លោកស្រី Suchada ផែនការអាជីវកម្ម​ដើម​របស់​ក្រុមហ៊ុន Makro នឹងត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​ទៅជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​សម្រាប់​អតិថិជន​សេវាកម្ម​ម្ហូបអាហារ​។ លោកស្រី​បន្តថា ក្រុមហ៊ុន​ក៏​នឹង​វិនិយោគ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ក្រុមហ៊ុន Siam Food Services Ltd ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផលិតផល​ក្លាស្សេ និង​ផលិតផល​ត្រជាក់​របស់ខ្លួន​ផងដែរ​។

លោកស្រី Suchada ត្រូវបាន​ដកស្រង់​សម្តី​ដោយបាន​លើកឡើងថា​៖ «​អតិថិជន​វ័យក្មេង​កាន់តែច្រើន​កំពុង​ធ្វើ​អាជីវកម្ម​ជាមួយ​ផ្សារ Makro ហើយ​ពួកគេ​ត្រូវការ​ប្រភេទ​ផលិតផល និង​សេវាកម្ម​កាន់តែ​ច្រើនឡើង​។ ក្រុមហ៊ុន Maknet ត្រូវបាន​បង្កើត​ឡើងជា​ដំណោះ​ស្រាយ​មួយ​សម្រាប់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ថ្នាល​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​យើង​មិន​ត្រឹមតែ​ពង្រីក​មូលដ្ឋាន​អតិថិជន និង​មូលដ្ឋាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​មូលដ្ឋាន​សេវាកម្ម​ផងដែរ​។ កម្មវិធី Maknet នឹង​ក្លាយជា​ផ្នែក​មួយ​សំខាន់​ដើម្បី​គាំទ្រ​ដល់​កំណើន​អនាគត​របស់​ក្រុមហ៊ុន Makro ដោយ​ជំរុញ​ការលក់​ពី​បណ្ដាញ​លក់រាយ​ពី ១២ ​ភាគរយ​នៃ​ចំនួន​សរុប​កាលពី​ឆ្នាំមុន​ដល់​ ៣០ ​ភាគរយ​ក្នុង​រយៈពេល ៣ ​ឆ្នាំ​បន្ទាប់​»​។

យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia ដែល​ចេញផ្សាយ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅពេល​ថ្មីៗ​នេះ រាជធានី​ភ្នំពេញ​មាន​កន្លែង​លក់រាយ​សរុប​ដល់​ជាង ៤០០ ០០០ ​ម៉ែត្រការ៉េ ខណៈដែល​អត្រា​ជួល​លក់រាយ​ក្នុង​រាជធានី​ជា​មធ្យម​មាន​ចំនួន ៦៧ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ធ្លាក់ចុះ​ពី ៨៤ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២០​។

របាយការណ៍​នេះ ចុះបញ្ជី​តម្លៃ​ជួល​ប្រចាំខែ​ជា​មធ្យម​ក្នុងអំឡុង​ឆ្នាំនេះ​ចំនួន​ជា​មធ្យម​ ២៧​ ដុល្លារ​សម្រាប់​ហាង​លក់​នៅតាម​ «​ផ្សារ​ទំនើប » (​ធ្លាក់ចុះ ៦ ​ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​), តម្លៃ ២៤ ​ដុល្លារ​សម្រាប់​ហាង​លក់ទំនិញ​នៅតាម ​«​ផ្លូវធំៗ​» (​ធ្លាក់ចុះ ១០ ​ភាគរយ​), តម្លៃ​ ២១ ​ដុល្លារ​សម្រាប់​ហាង​លក់​តាម «​ហាង​លក់ទំនិញ​តាម​អគារ​ពាណិជ្ជកម្ម​» (​ធ្លាក់ចុះ ៣៦​ ភាគរយ​) និង​តម្លៃ​ ២០ ដុល្លារ​សម្រាប់​ហាង​លក់​តាម​ «​ផ្សារ​ទំនើប​ខ្នាត​ធំ​» (​ធ្លាក់​ ១៧ ​ភាគរយ​)​។

ក្រុមហ៊ុន CBRE Cambodia បាន​កត់សម្គាល់ថា យីហោ​អន្តរជាតិ​ល្បីៗ​ចំនួន ២០ ​បានបង្ហាញ​ខ្លួន​លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ឆ្នាំមុន រួមមាន​ហាង​លក់ 7-Eleven ហាង Pizza Hut, ហាង Fila, ហាង Papa John''s និង​ហាង Ralph Lauren ជាដើម​។

ក្រុមហ៊ុន CEBR ក៏បាន​ព្យាករ​ថា ក្រឡា​ផ្ទៃ​លក់រាយ​នៅ​រាជធានី​ភ្នំពេញ​នឹង​កើនឡើង​ជាង ១៩០ ០០០​ ម៉ែត្រការ៉េ​នៅ​ឆ្នាំនេះ តាមរយៈ​ហាង​លក់​ជាច្រើន​ដែល​ត្រូវបាន​ចាត់ថ្នាក់​ជា «​ផ្សារ​ទំនើប​» (​ជាង ១១០ ០០០​ ម៉ែត្រការ៉េ​) «​ហាង​លក់ទំនិញ​តាម​អគារ​ពាណិជ្ជកម្ម​» (​ជាង ៥០ ០០០​ ម៉ែត្រការ៉េ​) ហាង​លក់ «​ផ្សារ​ទំនើប​ខ្នាត​ធំ​» (​ជាង ២៥ ០០០​ ម៉ែត្រការ៉េ​) និង​ហាង​លក់ ​«​ប្រភេទ​ផ្សេងៗ​ទៀត​» (​ជាង ១ ០០០ ម៉ែត្រការ៉េ​)​។

ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​គម្រោង​លក់រាយ​មួយចំនួន​ដែល​គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២២ ​នេះ​មានដូចជា ផ្សារ​ទំនើប ជីប ម៉ុង សែនសុខ ផ្សារ​ទំនើប​ជីប ម៉ុង ២៧១ ​មេហ្គាម៉ល ផ្សារ​ទំនើប​ព្រីនស៍ អ៊ីនធឺណា​ស្យូណាល់​ផ្លាហ្សា និង​ផ្សារ​ទំនើប ឡាក់គី ផាវីលីន ម៉ល​៕ LA

វីដេអូ៖