ភ្នំពេញៈ កម្ពុជាទទួលបានប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារពីការនាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ កើន ២០ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ខណៈនៅក្នុងឆ្នាំ ២០២២ នេះ កំណើនត្រូវរំពឹងនឹងមានសម្ទុះខ្ពស់ជាងឆ្នាំ ២០២១។ នេះបើយោងតាម លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៥ ខែមេសា លោក លី ឃុនថៃ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កន្លងមកការនាំចេញផលិតផលស្បែកជើងផលិតនៅកម្ពុជាទៅក្រៅប្រទេស មានទឹកប្រាក់សរុប ១,៣ ពាន់លានដុល្លារ កើនឡើង ២០,៤ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមានប្រមាណ ១,០៨ ពាន់លានដុល្លារ។ កំណើននេះបណ្តាលមកពីកត្តាមួយចំនួនដូចជា ភាពធូរស្បើយការឆ្លងរាលដាលជំងឺកូវីដ ១៩, កំណើននៃអត្រាចំនួនប្រជាជនចាក់វ៉ាក់សាំង, ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាច្រើនលើពិភពលោក, កំណើននៃប្រាក់ចំណូលរបស់បុគ្គល និងគ្រួសារ, និងការកម្រើកឡើងវិញដោយសន្សឹមៗនៃវិស័យទេសចរណ៍។ លោកបន្តថា ជាមួយនឹងចំណុចទាំងអស់នេះការនាំចេញស្បែកជើងក្នុងឆ្នាំ ២០២២ នេះរំពឹងថា នឹងមានកំណើនលើសឆ្នាំ ២០២១។
លោកអះអាងថា ភាពវិជ្ជមាននេះក៏ដោយសារតែកម្ពុជាទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងទាន់ពេលវេលាផងដែរ ពិសេសមកពីប្រទេសចិន។
ចំពោះស្ថានភាពរោងចក្រស្បែកជើងនៅកម្ពុជាក្នុងឆ្នាំ ២០២២ នេះលោក ឃុនថៃ បានបញ្ជាក់ថា នឹងកើនឡើងច្រើន ព្រោះកំណើននៃការបញ្ជាទិញស្បែកជើងកម្ពុជាកំពុងហក់ឡើងគួរឱ្យកត់សម្គាល់ ខណៈច្បាប់វិនិយោគថ្មីរបស់កម្ពុជាដែលចូលជាធរមានកាលពីចុងឆ្នាំ ២០២១ ក៏មានភាពទាក់ទាញ និងអំណោយផលច្រើន។ បន្ថែមពីលើនេះ កម្ពុជាក៏អាចទទួលបានកំណើននៃរោងចក្រដែលប្តូរទីតាំងពីប្រទេសផ្សេងដូចជា ចិន និងមីយ៉ាន់ម៉ា ដែរព្រោះកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយល្អ មានច្បាប់វិនិយោគអំណោយផល មានកម្លាំងពលកម្មពេញវ័យច្រើន និងតម្លៃសមរម្យ។
លោកបានថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២២ នេះខ្ញុំគិតថា ប្រាក់ដែលបានពីការនាំចេញស្បែកជើងនឹងអាចមានកំណើនចន្លោះពី ២០-៣០ ភាគរយធៀបឆ្នាំ ២០២១ ព្រោះនៅពេលការធ្វើដំណើរកើនឡើងតម្រូវការស្បែកជើងនឹងឡើងទៅតាមនោះដែរ»។
ទីផ្សារដែលទទួលទិញស្បែកជើងពីកម្ពុជាច្រើនជាងគេ គឺអាមេរិក, អឺរ៉ុប, កាណាដា, អង់គ្លេស, ជប៉ុន និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត។ នេះបើតាមលោក ឃុនថៃ។
នៅក្នុងជំនួបជាមួយសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងកាបូបកាលពីសប្តាហ៍មុន លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទោះបីរយៈពេលជាង ២ ឆ្នាំកន្លងមក ពិភពលោកបានជួបនឹងវិបត្តិបណ្តាលមកពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ក៏ការនាំចេញផលិតផលស្បែកជើង និងធ្វើដំណើរ និងកាបូប នៅតែរក្សាបាននូវសញ្ញាវិជ្ជមាន និងអាចទាក់ទាញការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។
បន្ថែមពីលើនេះ លោក ចម ប្រសិទ្ធ ក៏បានលើកឡើងដែរថា៖ «អ្វីដែលខ្ញុំចង់រំឭក គឺសមាគមរោងចក្រទាំងអស់ត្រូវតែបង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួមក្នុងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) របស់អង្គការ ILO ព្រោះជាកម្មវិធីដែលផ្តួចផ្តើមឡើងដោយខ្ញុំផ្ទាល់តាំងពីឆ្នាំ ១៩៩៨ គឺសម្រាប់ការកែលម្អស្ថានភាពការងារនៅកម្ពុជា និងគោរពសិទ្ធិកម្មករ ដែលមានទស្សនវិស័យវែងឆ្ងាយទៅមុខសម្រាប់កេរ្តិ៍ឈ្មោះ និងអនាគតក្នុងវិស័យវាយនភណ្ឌនៅកម្ពុជាសម្រាប់ទាញទំនុកចិត្តពីអ្នកបញ្ជាទិញ។ រោងចក្រនីមួយៗត្រូវតែចាត់ទុកកម្មវិធីនេះជាទុនខ្លួនឯង និងជាចំណុចសំខាន់សម្រាប់ការងារទីផ្សាររបស់ខ្លួន»។
បើតាមលោក ឃុនថៃ ស្បែកជើងផលិតនៅកម្ពុជាមានម៉ាកអន្តរជាតិល្បីៗជាច្រើនដូចជា Adidas, Clarks, និង Timberland ជាដើម៕ LA