ភ្នំពេញៈ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួនជាង ១០ ម៉ឺនតោនក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ថយចុះ ១៣,៤៦ ភាគរយធៀបត្រីមាសទី ១ ឆ្នាំ ២០២១។
របាយការណ៍ស្តីពីលទ្ធផលនៃការនាំចេញកសិផលនៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ពីខែមករា-ខែមីនា ឆ្នាំ ២០២២ ការនាំចេញផ្លែចេកស្រស់មានចំនួន ១០៣ ៦២៦,៨៤ តោន ថយចុះ ១៣,៤៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះការនាំទៅប្រទេសចិនមានចំនួន ៩៨ ៥៣០,២៦ តោន និងវៀតណាម ចំនួន ៥ ០៩៦,៥៨ តោន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៥ ខែមេសា ថា កត្តានាំឱ្យការនាំចេញផ្លែចេកថយចុះ គឺដោយសារតែការនាំចេញទៅប្រទេសចិនត្រូវបានរឹតបន្តឹងជាងមុន។ ការរឹតបន្តឹងនេះព្រោះភាគីចិនពិនិត្យឃើញថា ការនាំចេញផ្លែចេកស្រស់ពីកម្ពុជានាពេលកន្លងទៅមានជាប់មេរោគកូវីដ ១៩ និងបានផ្អាកនាំចូលចេកពីកម្ពុជាមួយរយៈផងដែរកាលពីពេលកន្លងទៅ។
លោកបន្ថែមថា បច្ចុប្បន្នទាំងក្រសួង និងក្រុមហ៊ុននាំចេញបានបង្កើនការប្រុងប្រយ័ត្ន ខ្លាំងបន្ទាប់ពីទទួលបានព័ត៌មាននេះ ដោយភាគីចិនបានធ្វើការណែនាំខ្លះដែរ ចំពោះការវេចខ្ចប់មុននឹងនាំចេញ ហើយភាគីចិន ក៏បានពិនិត្យលម្អិតបន្ថែមទៀតនៅតាមច្រកកំពង់ផែ មុនចូលដល់ទីផ្សារ។
លោកបានបញ្ជាក់ថា៖ «យើងឃើញថា បរិបទនៃការរីករាលជំងឺកូវីដ ១៩ គឺបានប៉ះពាល់ធ្ងន់ធ្ងរដល់ការដឹកជញ្ជូន ពិសេសការដឹកជញ្ជូនតាមផ្លូវទឹកដែលកន្លងទៅកុងតឺន័រត្រជាក់សម្រាប់នាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន គឺចំណាយត្រឹមតែ ២ ៥០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះតម្លៃកុងតឺន័របានកើនដល់ ៧ ០០០ ដុល្លារ។ មូលហេតុនេះធ្វើឱ្យក្រុមហ៊ុនមួយចំនួនទម្លាក់ការងារនេះចោល មិនធ្វើការនាំចេញបន្តព្រោះតែមិនមានប្រាក់ចំណេញ»។
បើយោងតាមលោករដ្ឋមន្ត្រីមិនត្រឹមតែផ្លែចេកស្រស់នោះទេដែលជួបបញ្ហា ពោលគឺនៅមានប្រភេទផ្លែឈើស្រស់ផ្សេងទៀតដូចជាផ្លែស្វាយស្រស់ ក៏ជួបបញ្ហានេះដែរ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម បានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ការឡើងថ្លៃទូកុងតឺន័រ និងការកក់កប៉ាល់ដឹកជញ្ជូនជួបការលំបាកច្រើន ដោយសារតែសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់ជំរុញឱ្យតម្លៃដឹកជញ្ជូនកើនទៅតាមនោះដែរ។
លោកបន្តថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសចិនបានធ្វើឱ្យមានភាពរអាក់រអួលដល់ការនាំចេញគ្រប់ទំនិញទៅទីនោះ ពិសេសផ្លែចេកស្រស់ ដែលកំពុងតែមានបញ្ហាហើយ ដោយសារការរឹតបន្តឹងនៅតាមកំពង់ផែរបស់ប្រទេសចិន។
លោកនិយាយថា៖ «ការនាំចេញចេកស្រស់ ក៏ដូចជាកសិផលដទៃទៀតទៅកាន់ប្រទេសដទៃទៀតហាក់បីដូចជានៅទ្រឹង ដោយសារនៅប្រទេសចិននៅតែមានការបិទខ្ទប់ ហើយវៀតណាមនៅតែមានការផ្ទុះការឆ្លងរីករាលដាលកូវីដ ១៩ ក្នុងចំនួនច្រើន ដែលតម្រូវឱ្យការចេញចូលតាមកំពង់ផែមានកម្រិត ជាពិសេសនៅក្នុងប្រទេសចិន។ បញ្ហាប្រេងឥន្ធនៈឡើងថ្លៃក៏ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញចេកស្រស់នេះដែរ»។
បើតាមការប៉ាន់ស្មានរបស់លោក ហ៊ុន ឡាក់ ចំពោះការនាំចេញផ្លែចេកស្រស់ពីកម្ពុជានឹងអាចនៅតែបន្តជួបស្ថានភាពបែបនេះដដែល ពោលគឺមិនកើនឡើងទេ ដោយសារចាប់ពីខែក្រោយ (ខែឧសភា) ប្រទេសចិនដល់ពេលប្រមូលផលផ្លែឈើស្រស់ ដែលអាចនឹងធ្វើឱ្យប្រទេសនេះកាត់បន្ថយការនាំចូលផ្លែឈើពីប្រទេសដទៃ។
របាយការណ៍ក្រសួងកសិកម្មកាលពីឆ្នាំ ២០២១ បង្ហាញថា កម្ពុជា បាននាំចេញចេកស្រស់ទៅក្រៅប្រទេសក្នុងបរិមាណសរុប ៤២៣ ១៦៨,៩៧ តោន កើនឡើងជាង ២៧ ភាគរយ។ នៅក្នុងនោះការនាំទៅប្រទេសចិនមានចំនួន ៣៧ ៦៩៦១, ៦០តោន, ទៅវៀតណាម ៤៥ ១៩៣,៣៧ តោន, ជប៉ុនចំនួន ៥៣៣,៥២ តោន និងសិង្ហបុរី ៤៨០,៤៨ តោន៕ LA