ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» នៅថ្ងៃនេះដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តភាគឦសាននេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ៧ ខែមេសាឱ្យដឹងថា ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការមេនេះធ្វើឡើងក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូត រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋាភិបាលបានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការរៀបចំ និងដាក់ឱ្យអនុវត្តនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យការអភិវឌ្ឍជាតិក្នុងរយៈពេលពីឆ្នាំ ២០២១-២០៣៥ និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍតំបន់ភូមិភាគឦសានដែលមានខេត្តមណ្ឌលគិរីជាស្នូលឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា។
លោក នាង វណ្ណៈ នាយករងទីចាត់ការ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ខែមេសាថា ពាក់ព័ន្ធនឹង «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» នេះ លោកមិនដឹងថា មានផែនការសំខាន់ៗអ្វីខ្លះទេ ប៉ុន្តែយ៉ាងណាក្តីវានឹងរួមចំណែក និងជំរុញល្បឿននៃការអភិវឌ្ឍទេសចរណ៍របស់ខេត្តកាន់តែល្អប្រសើរ។
លោកថ្លែងថា៖ «ការរៀបចំវាជាការល្អសម្រាប់ខេត្ត។ ដូចដឹងស្រាប់ហើយចក្ខុវិស័យក៏ដូចជាការកំណត់របស់រដ្ឋាភិបាល ជាខេត្តប៉ូលសេដ្ឋកិច្ចទី ៤។ ផែនការអភិវឌ្ឍន៍ទេសចរណ៍នេះក្រសួងទេសចរណ៍បានចុះមកសិក្សាផ្ទាល់អ៊ីចឹងគាត់ប្រហែលជាមានគម្រោងអភិវឌ្ឍន៍ទេសចរណ៍ច្រើននៅក្នុងខេត្តនេះ»។
បើតាមលោក នាង វណ្ណៈ នៅក្នុងខេត្តមណ្ឌលគិរីមានតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ប្រមាណ ១០០ ទីតាំង ប៉ុន្តែតំបន់ទេសចរណ៍ខ្លះក៏មានផ្លូវទៅដល់ និងខ្លះទៀតមិនទាន់មានផ្លូវនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថា «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី គឺជាផែនការយុទ្ធសាស្ត្រមួយចាប់ផ្តើមក្នុងវិស័យទេសចរណ៍ ដែលផែនការនេះនឹងបន្តអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀតដែលមានប៉ូលទេសចរណ៍ដូចខេត្តមណ្ឌលគិរីដែរ។
លោកបានពន្យល់ថា ខេត្តមណ្ឌលគិរី គឺជាប៉ូលទេសចរណ៍ធម្មជាតិ និងទេសចរណ៍ជីវចម្រុះ ដែលមានទេសភាព និងអាកាសធាតុល្អនៅក្នុងការទាក់ទាញភ្ញៀវមកសម្រាកលម្ហែ។ ទោះបីយ៉ាងណាតំបន់នេះនៅមិនទាន់មានការអភិវឌ្ឍនោះទេ។ ដូច្នេះក្រោយពីតំបន់នេះដាក់ចេញផែនការ និងក្លាយទៅជាតំបន់អភិវឌ្ឍន៍ដែលនឹងធ្វើឱ្យតម្លៃអចលនទ្រព្យ និងសេដ្ឋកិច្ចមានការកើនឡើង។
លោកថ្លែងថា៖ «ផែនការមេនេះជាលទ្ធផលវានឹងអាចបង្កើតការងារក្នុងតំបន់នោះ បង្កើតឱ្យមានចរន្តសេដ្ឋកិច្ចកាន់តែល្អក៏ប៉ុន្តែក៏ត្រូវតែជំរុញវិស័យអប់រំឱ្យមានការលូតលាស់ក្នុងតំបន់ផងដែរ ដើម្បីឱ្យប្រជាជនទទួលបានផលប្រយោជន៍សេដ្ឋកិច្ចពីផែនការនេះ»។
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចបង្កើតគណៈកម្មាធិកាដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ ២០២១-២០៣៥ (គ.ជ.ផ.ម.) កាលពីចុងឆ្នាំ ២០២១ ដោយប្រគល់ភារកិច្ចជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ជាអនុប្រធាន និងមានថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នចំនួន ២០ អង្គភាពជាសមាជិក៕ LA