ភ្នំពេញៈ កម្ពុជាបាននាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណជាង ៣ ពាន់តោន ក្នុងត្រីមាសដំបូង ឆ្នាំ ២០២២ កើនឡើងជាង ១៧៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ការនាំចេញម្រេចក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២២ មានបរិមាណសរុប ៣ ០៧២,៩៤ តោនកើនឡើង ១៧៥,០៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញទៅប្រទេសវៀតណាម មានបរិមាណច្រើនជាងគេដែលស្មើនឹង ២ ៩៣០,០១ តោន, អាល្លឺម៉ង់ ១០៥,៦០ តោន, ម៉ាឡេស៊ី ១៣,៦៤ តោន, ប៊ែលហ្ស៊ិក ៨,៨០ តោន, បារាំង ៧,៨៩ តោន, ឆេក ២,៣០ តោន, កាណាដា ១ តោន, ជប៉ុន ១ តោន, អាមេរិក ០,៩២ តោន, ចក្រភពអង់គ្លេស ០,៩ តោន, ស៊ុ អ៊ែត ០,៤៩ តោន, កាហ្សាក់ស្ថាន ០,២៩ តោន និងអូស្ត្រាលី ០,១០ តោន។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែមេសាថា ការនាំចេញម្រេចកើនឡើងនៅដើមឆ្នាំនេះ គឺដោយសារស្តុកចាស់សល់ពីឆ្នាំមុន (កសិករខ្លះបានប្រមូលផលកាលពីអំឡុងខែវិច្ឆិកា ឆ្នាំមុន)។ ម្យ៉ាងវិញទៀត បច្ចុប្បន្នកសិករក៏កំពុងប្រមូលផលម្រេចបណ្តើរៗដើម្បីអាចលក់ចេញបន្តទៀតនៅក្នុងខែឧសភា ឬមិថុនាខាងមុខ។
លោកបានបន្ថែមថា កាលពីខែមករា ដើមឆ្នាំ ២០២២ ទីផ្សារម្រេចហាក់មានភាពល្អប្រសើរ ដោយលក់បានក្នុងតម្លៃប្រមាណ ១៥ លានរៀលក្នុង ១ តោន ប៉ុន្តែនៅពេលនេះហាក់ចុះថ្លៃបន្តិចមកវិញ ដោយសារកសិករចាប់-ផ្តើមប្រមូលផលនាំឱ្យបរិមាណម្រេចមានច្រើន ទើបក្រុមឈ្មួញបញ្ចុះតម្លៃ។ លោកបន្តទៀតថា វៀតណាមនៅតែជាទីផ្សារដ៏ធំសម្រាប់ម្រេចកម្ពុជា។
លោកប្រាប់ថា៖ «ម្រេចដែលយើងផលិតបានគឺលក់ទៅកាន់វៀតណាមច្រើនជាងគេ ព្រោះវៀតណាមជាអ្នកចែកចាយធំ។ ខាងសហព័ន្ធកំពុងទាក់ទាញអ្នកវិនិយោគ និងអ្នកបញ្ជាទិញមកទិញផ្ទាល់ពីយើងវិញដើម្បីអាចឱ្យចំណេញបានច្រើនជាងលក់ឱ្យឈ្មួញវៀតណាម។ ប៉ុន្តែមុននឹងយើងអាចទាក់ទាញគេមកទិញដោយផ្ទាល់បាន យើងក៏ត្រូវមានហេដ្ឋារចនាសម្ព័ន្ធ ការវេចខ្ចប់មានក្រុមហ៊ុនផ្គត់ផ្គង់ត្រឹមត្រូវ មានស្តុកគ្រប់គ្រាន់ក្នុង ១ ឆ្នាំៗ និងមានរោងចក្រកែច្នៃច្រើនជាដើម។ បច្ចុប្បន្នយើងមានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ ដែលវិនិយោគក្នុងការកែច្នៃម្រេចនេះដូច្នេះយើងទាមទារឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត»។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជាបានបន្តថា នៅពេលកម្ពុជាអាចលក់ម្រេចទៅឱ្យអ្នកបញ្ជាទិញដោយផ្ទាល់ មិនបាច់ឆ្លងកាត់តាមប្រទេសវៀតណាម កសិករនឹងចំណេញច្រើនជាងមុន រដ្ឋក៏នឹងទទួលបានចំណូលច្រើនជាងមុនផងដែរលើពន្ធ និងការដឹកជញ្ជូនចេញពីកំពង់ផែ។
ចំពោះម្រេចកំពតវិញត្រូវបានលោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ប្រាប់ថា ម្រេចកំពត កំពុងប្រមូលផល ដោយអាចនឹងនាំចេញនៅក្នុងអំឡុងខែឧសភា ខាងមុខ ខណៈម្រេចនាំចេញភាគច្រើនជាប្រភេទម្រេចប្រឡាក់អំបិល ឬជ្រក់។
លោកបន្តថា បរិមាណផលនៅដើមឆ្នាំនេះទំនងមិនកើនទេ ដោយអាចមានចំនួនប្រហាក់ប្រហែលឆ្នាំ ២០២១ ដែលមានប្រមាណជាង ១២០ តោនដោយសារសមាគមមិនបានពង្រីកផ្ទៃដីដាំដុះ។
លោកបញ្ជាក់ថា៖ «យើងទើបប្រមូលផលបានតិចតួចប៉ុណ្ណោះ តែម្រេចយើងត្រូវបានក្រុមហ៊ុននាំចេញកុម្ម៉ង់អស់ហើយចំពោះកសិករខ្នាតតូច។ ដោយឡែកចំពោះកសិករខ្នាតធំគឺមិនទាន់ទទួលបានការកុម្ម៉ង់នៅឡើយទេ។ ក្រុមហ៊ុននាំចេញភាគច្រើនគេផ្តោតសំខាន់លើកសិករខ្នាតតូច ព្រោះទំនិញនាំទៅលក់នៅទីផ្សារអឺរ៉ុប គឺផ្អែកលើសមធម៌ទើបមានទីផ្សារធំ។ ចំពោះតម្លៃក៏មិនមានអ្វីប្រែប្រួលដែរដោយម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារ, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារក្នុង ១ គីឡូក្រាម ដោយតម្លៃនេះគឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ»។
បើតាមប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា សព្វថ្ងៃមានក្រុមហ៊ុនឥណ្ឌាមួយមានគម្រោងប្រមូលទិញម្រេចស្រាលរបស់កម្ពុជា ដើម្បីយកទៅធ្វើគ្រឿងផ្សំសម្រាប់ថ្នាំពេទ្យ ដោយពេលនេះសហព័ន្ធកំពុងពិចារណា និងទាមទារឱ្យមានការចុះកិច្ចសន្យាកសិកម្ម ដើម្បីផ្តល់ទំនុកចិត្តដល់កសិករ៕