ភ្នំពេញៈ កម្ពុជាបាននាំចូលដែក និងដែកថែប (Iron & Steel) ក្នុងទឹកប្រាក់ជាង ៨៤ លានដុល្លារក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ កើនឡើងជាង ៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចូលដែក និងដែកថែប ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ បានតម្លៃសរុប ៨៤,០៨ លានដុល្លារកើនឡើង ៣,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ចំនួន ៨១,២៣ លានដុល្លារ។ ដោយឡែកសម្រាប់ខែមីនា ឆ្នាំ ២០២២ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានចំនួន ២៦,២៩ លានដុល្លារ ធ្លាក់ចុះ ១២,១ ភាគរយពីចំនួន ២៩,៩ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២១។
លោក ជីវ ស៊ីផេង អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យដំណើរការសាងសង់គម្រោងធំៗមួយចំនួនត្រូវជាប់គាំង ពិសេសគម្រោងដែលមានម្ចាស់ជាជនបរទេស ប៉ុន្តែសម្រាប់គម្រោងដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុក គឺការសាងសង់មានដំណើរការទៅមុខជាធម្មតា។ លោកបន្តថា ជាក់ស្តែងគម្រោងសាងសង់លំនៅឋានមានលក្ខណៈជាបុរី គឺដំណើរការសាងសង់ និងការទិញលក់ មានដំណើរការទៅមុខយ៉ាងរលូន។
លោកថ្លែងថា៖ «កំណើននៃការសាងសង់លំនៅឋានឯកជន និងលក្ខណៈបុរី បានធ្វើឱ្យតម្រូវការនាំចូលដែកក្នុងវិស័យសំណង់កើនឡើង។ កំណើននេះនឹងបន្តសម្ទុះកាន់តែខ្ពស់បន្ថែមទៀតចាប់ពីពេលនេះតទៅ ខណៈការបើកប្រទេសឡើងវិញនឹងធ្វើឱ្យមានវិនិយោគិនអន្តរជាតិថ្មីៗបន្ថែមទៀតចូលមកកម្ពុជា»។
យោងតាមលោក ស៊ីវផេង ដែកដែលនាំចូលមកកម្ពុជាមានមកពីប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ ជាដើម។
កាលពីខែដើមខែធ្នូ ២០២០ មានរោងចក្រផលិតដែកថែបមួយរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលអាចមានសមត្ថភាពផលិតបាន ៥០០ ០០០ តោនក្នុងដំណាក់កាលដំបូង។
ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤ ៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបានអនុម័ត។ ចំនួនទុនវិនិយោគនេះបើធៀបនឹងឆ្នាំ ២០២០ គឺថយចុះ ៣១,២១ ភាគរយ៕
វីដេអូ៖