
ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានទឹកប្រាក់សរុប ៤៨,០១ពាន់លានដុល្លារ កើនឡើង ២៨,២ភាគរយធៀបនឹងឆ្នាំ២០២០ ក្នុងនោះការនាំចេញមានទឹកប្រាក់ ១៩,៣០ពាន់លានដុល្លារ កើនឡើង ៥,៣ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៧០ពាន់លានដុល្លារ កើនឡើង ៥០,៣ភាគរយ។ រូបថត រ៉ាហ៊ីម
ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារ កើនជាង ៩ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ២៥ភាគរយ។
យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ១៣ ១៦២,៧៤លានដុល្លារ កើនឡើង ៩,១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ១២ ០៦៣,៧៣លានដុល្លារ។
ទិន្នន័យខាងលើឱ្យដឹងទៀតថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ៥ ៧១៦,៨២លានដុល្លារ កើនឡើង ២៥,៧ភាគរយពីចំនួន ៤ ៥៤៩,៥១លានដុល្លារ និងការនាំចូលមានទឹកប្រាក់ ៧ ៤៤៥,៩២លានដុល្លារ ធ្លាក់ចុះ -០,៩ភាគរយពីចំនួន ៧ ៥១៥,២១លានដុល្លារ។
ទោះយ៉ាងណា បើយោងតាមទិន្នន័យខាងលើ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ គឺមានឱនភាពប្រមាណ -១ ៧២៩,០៩លានដុល្លារ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺកូវីដ១៩ អត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងលក្ខណៈអំណោយផលនៃស្ថានភាពនយោបាយ បានធ្វើឱ្យវិស័យផលិតកម្មកម្ពុជាកើនឡើងជាលំដាប់។ ម៉្យាងទៀតការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសជាច្រើនក៏បានចូលជាធរមានជាបន្តបន្ទាប់ផងដែរ។
លោកប្រាប់ទៀតថា៖ «កំណើនទំហំពាណិជ្ជកម្មអន្តរជាតិនេះ គឺបញ្ជាក់ថា កម្ពុជាបាននិងកំពុងក្លាយជាប្រទេសដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងចង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកំណើនការនាំចេញកាន់តែច្រើន»។
ទោះយ៉ាងណា លោក វណ្ណៈ បានលើកឡើងថា កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ទីផ្សារនាំចេញ និងកាត់បន្ថយការនាំចូល ព្រោះតាមរយៈទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅតែអវិជ្ជមាន។
លោកបានបញ្ជាក់ថា៖«ដើម្បីកាត់បន្ថយការនាំចូល កម្ពុជាត្រូវខិតខំទាញយកសក្តានុពលនៃវត្ថុធាតុដើមក្នុងស្រុកប្រើប្រាស់ឱ្យបានច្រើនជាងមុន។ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកនឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមច្រើនជាងមុនផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បាននិយាយថា ភាពល្អប្រសើរនៃច្បាប់វិនិយោគថ្មី ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាទាំងលក្ខណៈទ្វេភាគី និងពហុភាគី ភាពរឹងមាំនៃសកម្មភាពផលិតកម្ម និងតម្លៃពលកម្មមានតម្លៃសមរម្យ ព្រមទាំងការទទួលមានឧត្តមភាពពីវិបត្តិនៃប្រទេសមួយចំនួន (មីយ៉ាន់ម៉ា) បានធ្វើឱ្យកម្ពុជាស្រូបយកបាននូវការចូលមកបណ្តាក់ទុន និងបញ្ជាទិញពីទីផ្សារអន្តរជាតិកាន់តែច្រើន។
លោកបន្តថា កំណើនទំហំពាណិជ្ជកម្ម ពិសេសការនាំចេញរបស់កម្ពុជា នឹងមានទំហំកាន់តែធំ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសនានាលើពិភពលោកនឹងកាន់តែរីកចម្រើន ដោយបច្ចុប្បន្នកម្ពុជាមានមុខទំនិញកាន់តែច្រើនសម្រាប់នាំចេញ»។
ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានទឹកប្រាក់សរុប ៤៨,០១ពាន់លានដុល្លារ កើនឡើង ២៨,២ភាគរយធៀបនឹងឆ្នាំ២០២០ ក្នុងនោះការនាំចេញមានទឹកប្រាក់ ១៩,៣០ពាន់លានដុល្លារ កើនឡើង ៥,៣ភាគរយ និងការនាំចូលមានទឹកប្រាក់ ២៨,៧០ពាន់លានដុល្លារ កើនឡើង ៥០,៣ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
វីដេអូ៖