ភ្នំពេញៈ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប (Iron & Steel) ក្នុងតម្លៃទឹកប្រាក់ជាង ៨៤ លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
នេះបើយោងតាមតារាងស្ថិតិទំនិញពាណិជ្ជកម្មនាំចូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចូលដែក និងដែកថែបចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ មានតម្លៃសរុប ៨៤,០៨ លានដុល្លារអាមេរិក កើនឡើង ៣,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ចំនួន ៨១,២៣ លានដុល្លារអាមេរិក។ ដោយឡែកសម្រាប់ខែមីនា ឆ្នាំ ២០២២ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានចំនួន ២៦,២៩ លានដុល្លារ ធ្លាក់ចុះ ១២,១ ភាគរយពីចំនួន ២៩,៩ លានដុល្លារ បើធៀបនឹងខែមីនា ឆ្នាំ ២០២១។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ឱ្យដឹងថា សម្រាប់វិស័យសំណង់ មានការថយចុះទៅលើផ្នែកសំណង់ខុនដូ ដោយឡែកសម្រាប់ការសាងសង់បុរីលំនៅឋាននៅតែមានកំណើនដដែលបើទោះមានវិបត្តិកូវីដ ១៩ ក៏ដោយ ដែលជាហេតុនាំឱ្យតម្រូវការដែក និងដែកថែប នៅតែមានជាធម្មតា។
លោកបានបន្ថែមថា បើទោះជាតម្រូវការលំនៅឋានមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែអ្នកអភិវឌ្ឍន៍ភាគច្រើននៅតែបន្តការសាងសង់ដដែល ដើម្បីបញ្ចប់គម្រោងដែលបានអូសបន្លាយពីឆ្នាំមុន។ លោកថា លំនៅឋានមានការឡើងថ្លៃតិចដែរ ដោយសារសម្ភារសំណង់ស្ទើរគ្រប់មុខបានឡើងថ្លៃ ជាពិសេសដែក។
លោកបានបញ្ជាក់ថា៖ «ដែកបានចាប់ផ្តើមឡើងថ្លៃ ដោយកាលពីមុនតម្លៃពី ៦០០ ទៅ ៧០០ ដុល្លារ ក្នុង ១ តោន ឡើងដល់ ៨០០ ទៅ ៩០០ ដុល្លារក្នុង ១ តោន។ ការឡើងថ្លៃនៃសម្ភារសំណង់ ជាពិសេសដែក អាចថាដោយសារតែបញ្ហាវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រេងឥន្ធនៈឡើងថ្លៃផង ដែលបណ្តាលឱ្យដឹកជញ្ជូនឡើងថ្លៃផងដែរ»។
លោក ជីវ ស៊ីផេង អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើននៃការសាងសង់លំនៅឋានឯកជន និងលក្ខណៈបុរី បានធ្វើឱ្យតម្រូវការនាំចូលដែកក្នុងវិស័យសំណង់កើនឡើង។ កំណើននេះនឹងបន្តមានសម្ទុះកាន់តែខ្ពស់បន្ថែមទៀត ចាប់ពីពេលនេះតទៅ ខណៈការបើកប្រទេសឡើងវិញនឹងធ្វើឱ្យមានវិនិយោគិនអន្តរជាតិថ្មីៗបន្ថែមទៀត ចូលមកកម្ពុជា។
លោកថ្លែងថា៖ «ទោះបីការរីករាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យដំណើរការសាងសង់គម្រោងធំៗមួយចំនួនត្រូវជាប់គាំង ពិសេសគម្រោងដែលមានម្ចាស់ជាជនបរទេស ប៉ុន្តែសម្រាប់គម្រោងដែលមានម្ចាស់ជាវិនិយោគិនក្នុងស្រុក គឺការសាងសង់មានដំណើរការទៅមុខជាធម្មតា។ លោកបន្តថា ជាក់ស្តែងគម្រោងសាងសង់លំនៅឋានមានលក្ខណៈជាបុរី គឺដំណើរការសាងសង់ និងការទិញលក់ មាន ដំណើរការទៅមុខយ៉ាងរលូន»។
យោងតាមលោក ស៊ីវផេង ដែកដែលនាំចូលមកកម្ពុជាមានមកពីប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ ជាដើម។
កាលពីដើមខែធ្នូ ២០២០ មានរោងចក្រផលិតដែកថែបមួយរបស់ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.ក ដែលវិនិយោគដោយវិនិយោគិនចិនក្នុងទឹកប្រាក់ ១៦,៧ លានដុល្លារបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ដែលអាចមានសមត្ថភាពផលិតបាន ៥០០ ០០០ តោន ក្នុងដំណាក់កាលដំបូង។
ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញថា ក្នុងឆ្នាំ២ ០២១ គម្រោងសាងសង់នៅទូទាំងប្រទេសចំនួន ៤ ៣០៣ គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបានអនុម័ត។ ចំនួនទុនវិនិយោគនេះបើធៀបនឹងឆ្នាំ ២០២០ គឺថយចុះ ៣១,២១ ភាគរយ៕