ភ្នំពេញៈ កម្ពុជា ទទួលបានភ្ញៀវជិត ៤,៦ លាននាក់ នៅក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២២ ក្នុងនោះភ្ញៀវជាតិជាង ៤,៥ លាននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជិត ៣ ម៉ឺននាក់។
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៥៩០ ៣២៦ នាក់ ក្នុងនោះភ្ញៀវជាតិ ៤ ៥៦១ ៤៧៧ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨ ៨៤៩ នាក់។
លោកប្រាប់ឱ្យដឹងទៀតថា តួលេខ ប្រចាំថ្ងៃរួមមាន ថ្ងៃទី ១ មាន ភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ៨៦២ ៨៩៧ នាក់ ថ្ងៃទី ២ មានចំនួន ១ ៥៧៩ ២៥១ នាក់ និងថ្ងៃទី ៣ មាន ចំនួន ២ ១៤៨ ១៧៨ នាក់។ នៅក្នុងនោះដែរ គោលដៅទេសចរណ៍សំខាន់ ៗ មានដូចជា ខេត្តបាត់ដំបង ចំនួន ៥៦៥ ៦១៨ នាក់ ខេត្តកំពង់ចាម ៥១៤ ៤៤៧ នាក់ ខេត្តសៀមរាប ៤០០ ៥៩១ នាក់ ខេត្តបន្ទាយមានជ័យ ៣៨៨ ២៧៣ នាក់ ខេត្តព្រៃវែង ៣៨២ ៨៦៧ នាក់ ខេត្តកំពង់ស្ពឺ ៣៣១ ៨០៩ នាក់ ខេត្តពោធិ៍សាត់ ២៩៨ ០៣៧ នាក់ ខេត្តកំពង់ឆ្នាំង ២៧៥ ៤០០ នាក់ ខេត្តកំពត ២៥៤ ២៧០ នាក់ ខេត្តព្រះសីហនុ ២៣២ ២៦៤ នាក់ និងរាជធានីភ្នំពេញ ២២២ ២២០ នាក់។
បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បណ្តាខេត្តនៅក្នុងនោះដែរ គោលដៅទេសចរណ៍សំខាន់ៗមានដូចជា ខេត្តបាត់ដំបង ៥៦៥ ៦១៨ នាក់,កំពង់ចាម ៥១៤ ៤៤៧ នាក់,សៀមរាប ៤០០ ៥៩១ នាក់,បន្ទាយមានជ័យ ៣៨៨,២៧៣ នាក់,ខេត្តព្រៃវែង ៣៨២ ៨៦៧ នាក់,កំពង់ស្ពឺ ៣៣១ ៨០៩ នាក់,ពោធិ៍សាត់ ២៩៨ ០៣៧ នាក់,កំពង់ឆ្នាំង ២៧៥ ៤០០ នាក់,កំពត ២៥៤ ២៧០ នាក់,ព្រះសីហនុ ២៣២ ២៦៤ នាក់ និងរាជធានីភ្នំពេញ ២២២ ២២០ នាក់។
លោករដ្ឋមន្ត្រីបានបន្តថា៖ «ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី ៣ នេះនៅបន្តមានភាពផុលផុស និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី ២ ម្សិលមិញ។ ជាក់ស្តែង តួលេខថ្ងៃទី ៣ នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦,០២% ធៀបនឹងថ្ងៃទី ២។ សរុបថ្ងៃទី ១ និងទី ២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី ៣ នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឱ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ ២០១៩»។ សរុបរយៈពេល ៣ ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ ២០២២ នេះមានភ្ញៀវប្រហាក់ប្រហែលនឹង ៣ ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ ២០១៩ (ដែលមានចំនួនប្រមាណ ៤ ៧២៦ ៦០២ នាក់)។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា មន្ទីរបានសហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលខេត្តដោយបានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល ៣ ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។
លោកបានបញ្ជាក់ថា នៅក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប ភ្ញៀវទេសចរមានចំនួនប្រមាណ ៤០០ ៥៩១ នាក់ ដោយក្នុងនោះ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានចំនួនប្រមាណ ៣៩៧ ០០០ នាក់។
លោកបានបញ្ជាក់ថា៖ «ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៤៥-៥០ % ប្រមាណជា ១៨០ ០០០-១៩០ ០០០ នាក់ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៣៤៨ ០០០ នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ២៤ ៥០០ នាក់,តំបន់ទន្លេសាបមានចំនួនប្រមាណ ២ ៥០០ នាក់,សហគមន៍ទេសចរណ៍អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានចំនួនប្រមាណ ២២ ០០០ នាក់។ ជាមួយគ្នានោះដែរ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ៣ ៥៩១ នាក់»។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹះស្នា បានថ្លែងថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ ថ្ងៃ ១៤-១៦ មេសា ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរសរុបប្រមាណ ២៣២ ២៦៤ នាក់ (ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៥០%) ភ្ញៀវជាតិ ២១៨ ៨៥៣ នាក់ និងភ្ញៀវបរទេស ១៣ ៤១១ នាក់។
លោកបានបន្ថែមថា៖ «សម្រាប់ ឆ្នាំកន្លងទៅ ពុំមានទិន្នន័យទេ ដោយសារខេត្តស្ថិតនៅក្នុងដំណាក់កាលបិទខ្ទប់ ការពារការរីករាលដាលជំងឺកូវីដ ១៩។ ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិកងកេងចំនួន ៤ ជើងមានភ្ញៀវសរុប ២០៥ នាក់។ ខេត្តមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងតាមគោលដៅទេសចរណ៍ទាំងអស់»៕