ភ្នំពេញៈ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងផលិតផលវាយនភណ្ឌទៅទីផ្សារអន្តរជាតិក្នុងតម្លៃជាង ៣,១ ពាន់លានដុល្លារ កាលពីត្រីមាសទី ១ ឆ្នាំ ២០២២ កើនជិត ២៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២២ ការនាំចេញផលិតផលកាត់ដេរ សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង និងផលិតផលវាយនភណ្ឌមានចំនួន ៣ ១៥៥ លានដុល្លារកើន ៦២៧,៨ លានដុល្លារ ស្មើ ២៤,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លោក កាំង ម៉ូនីកា បានប្រាប់ថា កំណើននៃការនាំចេញសម្រាប់វិស័យកាត់ដេរនៅក្នុងត្រីមាសទី ១ នេះ គឺមកពីកត្តាស្ថិរភាពផលិតកម្ម និងកត្តាអំណោយផលពីខាងក្រៅ ដូចជា ទី ១ ការបង្វែរការបញ្ជាទិញជាយុទ្ធសាស្ត្រពីប្រទេសចិនមកកាន់ប្រទេសផ្សេងៗ ដោយកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមនេះដែរ និងទី ២ បញ្ហានៅមីយ៉ាន់ម៉ាបានធ្វើឱ្យការបញ្ជាទិញមួយចំនួនត្រូវបង្វែរមកកម្ពុជាជំនួសវិញ។
លោកបន្ថែមថា នេះជាសញ្ញាវិជ្ជមានដែលកំណើននេះអាចនឹងបន្តដល់ចុងឆ្នាំ ២០២២។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា កំណើនការលក់មិនប្រាកដថាប្រាក់ចំណេញច្រើនដូចមុនទេ។
លោកបាននិយាយថា៖ «ដូចយើងដឹងហើយថា ក្នុងអំឡុងវិបត្តិកូវីដ ១៩ នេះ ការចំណាយច្រើនជាងធម្មតា ដូចនេះទោះបីជាការលក់កើនឡើងក៏ពិតមែន តែប្រាក់ចំណេញមានកម្រិតតិចតួច។ នៅចុងក្រោយនេះ យើងមានបញ្ហាច្រើន ទាំងបញ្ហាប្រាក់បៀវត្សរ៍ផង ការចំណាយទៅលើកូវីដ ១៩ ផង ការព្យួរផលិតកម្មនៅពេលកម្មករអវត្តមានដោយសារកូវីដ។ ដូចនេះការនាំចេញមិនមែនមានន័យថា ប្រាក់ចំណេញមានកំណើនដែរនោះទេ»។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានលើកឡើងថា សមាគមមិនទាន់មានតួលេខច្បាស់លាស់ពីការនាំចេញផលិតស្បែកជើងទេ។ លោកបានថ្លែងថា៖ «សមាជិករបស់សមាគមស្បែកជើងកម្ពុជាទទួលបានការបញ្ជាទិញច្រើន ដោយសារបណ្តាប្រទេសមួយចំនួននៅលើពិភពលោក បានចាប់ផ្តើមបើកទីផ្សារឡើងវិញ និងមានប្រទេសខ្លះបានបន្ធូរបន្ថយលើការចេញចូលក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យចរាចរណ៍ទំនិញចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ទោះបីមិនប្រសើរដូចកាលពីមិនទាន់មានវិបត្តិកូវីដ ១៩ តែយើងយល់ស្ថានភាពនៃការធ្វើពាណិជ្ជកម្មឱ្យបានល្អប្រសើរជាង ២ ឆ្នាំមុន»។
ទិន្នន័យ GMAC បង្ហាញថា ក្នុងឆ្នាំ ២០២១ ការនាំចេញផលិតផលកាត់ដេរមានតម្លៃ ១១ ៣៨៩ លានដុល្លារកើនឡើង ១៥,២ ភាគរយ ក្នុងនោះសម្លៀកបំពាក់ ៨ ០១៧ លានដុល្លារ ស្បែកជើង ១ ៣៩០ លានដុល្លារ និងផលិតផលធ្វើដំណើរ ១ ៤៩០ លានដុល្លារ ក្រៅពីនេះគឺផលិតផលវាយនភណ្ឌផ្សេងៗទៀត៕ LA