ភ្នំពេញៈ ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានប្រមាណជាង ២,៨ ពាន់លានដុល្លារ កើនជាង ៣៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះការនាំទំនិញពីចិន មានទឹកប្រាក់រហូតដល់ជាង ២,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។
ទិន្នន័យប្រចាំត្រីមាសទី ១ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឱ្យដឹងថា ចាប់ពីខែមករាដល់ខែមីនា ឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទឹកប្រាក់សរុប ២ ៨៧៣,៤៣ លានដុល្លារកើនឡើង ៣០,១៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ២ ២០៧,៨៨ លានដុល្លារ។
ក្នុងនោះការនាំទំនិញពីប្រទេសចិនមកប្រទេសកម្ពុជាមានទឹកប្រាក់ ២ ៥៥១,៦៤ លានដុល្លារ កើនឡើង ៣៦,១ ភាគរយពីចំនួន ១ ៨៧៤,៣៥ លានដុល្លារ និងការនាំចេញទំនិញពីកម្ពុជាទៅប្រទេសចិន មានទឹកប្រាក់ ៣២១,៧៨ លានដុល្លារ ធ្លាក់ -៣,៥ ភាគរយពី ៣៣៣,៥៣ លានដុល្លារ។
បច្ចុប្បន្នប្រទេសកម្ពុជា-ចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាមួយគ្នាចំនួន ២ ដែលបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺកម្ពុជានឹងអាចនាំផលិតផលជាង ៣៤០ មុខទៅប្រទេសចិន។ ៩៥ ភាគរយនៃផលិតផលនេះនឹងចុះពន្ធដល់ ០ ភាគរយ ហើយនៅសល់ ៥ ភាគរយ គឺចុះក្នុងរយៈពេល ១០ ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ ០ ភាគរយ។
ដោយឡែក RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានប្រទេសអាស៊ានទាំង ១០ ជាសមាជិក ព្រមជាមួយប្រទេសចំនួន ៥ ផ្សេងទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៨ ខែមេសាថា ភាពល្អប្រសើរនៃទំនាក់ទំនងការទូតរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ធ្វើឱ្យសកម្មភាពដោះដូរទំនិញរវាងប្រទេសទាំង ២ កើនឡើងជាបន្តបន្ទាប់ ពិសេសប្រទេសចិនគឺជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម/ផលិតផលពាក់កណ្តាលសម្រេចច្រើនជាងគេឱ្យកម្ពុជាសម្រាប់យកមកកែច្នៃ/ផលិត ដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។ ក្រៅពីជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ប្រទេសចិនក៏មានវិនិយោគិនរបស់ខ្លួនកំពុងបណ្តាក់ទុនលើវិស័យជាច្រើននៅកម្ពុជាផងដែរ។
លោកលើកឡើងថា ភាគច្រើននៃវត្ថុធាតុដើមបានពីទីផ្សារប្រទេសចិន គឺសម្រាប់យកមកកែច្នៃជាផលិតផលសម្រេចសម្រាប់នាំទៅទីផ្សារ អាមេរិក អឺរ៉ុប និងប្រទេសមួយចំនួនទៀត។
លោកបញ្ជាក់ថា៖ «ប្រទេសចិន គឺជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជាដែលតែងផ្តល់វត្ថុធាតុដើមឱ្យកម្ពុជាដើម្បីគាំទ្រដល់ដំណើរការចង្វាក់ផលិតកម្មស្ទើរគ្រប់វិស័យ ដែលរួមមានដូចជា វិស័យវាយនភណ្ឌ សំណង់ និងថាមពលជាដើម»។
ទាក់ទងនឹងអតុល្យភាពជញ្ជីងពាណិជ្ជកម្ម លោកអះអាងថា វាមិនមែនជាសូចនាករដែលបញ្ជាក់ពីក្តីព្រួយបារម្ភនោះទេ ព្រោះផលិតផលនាំចូលទាំងអស់នោះ ភាគច្រើនលើសលប់ គឺជាផលិតផលសម្រាប់ឱ្យមកកែច្នៃ/ផលិតដើម្បីបម្រើដល់ការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
ដោយឡែកសម្រាប់ទំនិញដែលកម្ពុជានាំទៅកាន់ប្រទេសចិន គឺមានភាគច្រើនជាផលិតផលកសិកម្ម។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនបាននិងកំពុងជួយជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែមានភាពមមាញឹក ខណៈការចូលមកបណ្តាក់ទុនរបស់ចិននៅកម្ពុជាក៏នឹងកើនឡើងដែរ។ លោកបន្តថា ទោះយ៉ាងណា ដោយសារតែអតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដូច្នេះកម្ពុជាត្រូវតែពង្រឹកសមត្ថភាពផលិត និងគុណភាពផលិតផលរបស់ខ្លួនឱ្យបានកាន់តែល្អបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ទោះបីអតុល្យភាពដ៏ធំនៃជញ្ជីងពាណិជ្ជកម្មកម្ពុជា និងចិន កើតឡើងដោយសារការនាំចូលវត្ថុធាតុដើមសម្រាប់បម្រើដល់ខ្សែចង្វាក់ផលិតកម្មនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ (ពិសេសប្រទេសអាមេរិក និងសហគមន៍អឺរ៉ុប) ប៉ុន្តែចំណុចមួយដែលកម្ពុជាត្រូវតែចាប់អារម្មណ៍ និងខិតខំបន្ថែមនោះ គឺការផលិតផលិតផលដែលអាចឆ្លើយតបនឹងស្តង់ដាទីផ្សារប្រទេសចិន»។
ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ១៣ ១៦២,៧៤ លានដុល្លារ កើនឡើង ៩,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់ ៥ ៧១៦,៨២ លានដុល្លារ កើនឡើង ២៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ៧ ៤៤៥,៩២ លានដុល្លារ ធ្លាក់ចុះ -០,៩ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ LA