ទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ីៈ សាជីវកម្មប្រេងជាតិរបស់ប្រទេសលីប៊ីបានប្រកាសកាលពីថ្ងៃអាទិត្យពីការបិទផលិតកម្មនៅឯកន្លែងអាជីវកម្មប្រេងដ៏សំខាន់មួយនៅភាគខាងត្បូងរបស់ប្រទេសដោយប្រកាសថាវាជា «អំណាចប្រធានស័ក្តិ (Force Majeure)»។
NOC បានបង្ហាញនៅលើ Facebook ថា៖ «កាលពីថ្ងៃសៅរ៍... ទីតាំងបូមប្រេង Al-Fil ត្រូវបានទទួលរងនូវការប៉ុនប៉ងបិទដោយបំពានដោយសារតែការចូលរបស់បុគ្គល ១ ក្រុម និងការរារាំងកម្មករនៅទីតាំងនោះពីការបន្តផលិតកម្ម»។
សាជីវកម្មប្រេងជាតិ បានបន្ថែមថា អណ្តូងប្រេងនេះត្រូវបានបិទកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការបិទជាលើកទី ២ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ «ធ្វើឱ្យវាមិនអាចទៅរួចទេសម្រាប់ NOC ដើម្បីអនុវត្តកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន»។
ក្រុមហ៊ុនបាននិយាយថា ខ្លួន «មានកាតព្វកិច្ចប្រកាសពីស្ថានភាពនៃអំណាចប្រធានស័ក្តិ» ហើយនឹងមិនអាចផ្តល់ប្រេងឆៅដល់បរិវេណ Mellitah នៅលើឆ្នេរសមុទ្រភាគពាយព្យរបស់ប្រទេសនេះទៀតទេ។
ការប្រកាសអំពីប្រធានស័ក្តិ គឺជាចំណាត់ការផ្លូវច្បាប់ដែលអនុញ្ញាតឱ្យភាគីនានារួចផុតពីកាតព្វកិច្ចតាមកិច្ចសន្យា នៅពេលដែលកត្តាជាច្រើនដូចជាការប្រយុទ្ធគ្នា ឬគ្រោះមហន្តរាយធម្មជាតិធ្វើឱ្យពួកគេមិនអាចបំពេញកាតព្វកិច្ចបាន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីប៊ី ការបិទនេះកើតឡើង បន្ទាប់ពីបុគ្គល ១ ក្រុមបានប្រកាសថាពួកគេកំពុងបញ្ឈប់ការផលិត «រហូតដល់រដ្ឋាភិបាលដែលត្រូវបានតែងតាំងដោយសភាចូលកាន់តំណែងនៅក្នុងរដ្ឋធានី»។
ថ្មីៗនេះប្រទេសលីប៊ីបានមើលឃើញខ្លួនឯងម្តងទៀតជាមួយនឹងរដ្ឋាភិបាលគូប្រជែង ២ បន្ទាប់ពីសភាដែលមានមូលដ្ឋាននៅភាគខាងកើតកាលពីខែកុម្ភៈបានតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅក្នុងការប្រឈមដោយផ្ទាល់ទៅនឹងរដ្ឋាភិបាលដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី។
ចំណាត់ការនេះគូសបញ្ជាក់អំពីវិសាលភាពនៃការបែងចែកនៅក្នុងប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ខណៈដែលអ្នកសង្កេតការណ៍ភ័យខ្លាចការបន្ត ចូលទៅក្នុងអំពើហិង្សាជាថ្មីម្តងទៀត។
អណ្តូងប្រេង Al-Fil មានចម្ងាយប្រហែល ៧៥០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងទ្រីប៉ូលី ត្រូវបានគ្រប់គ្រងរួមគ្នាដោយ NOC និងក្រុមហ៊ុនថាមពលយក្សអ៊ីតាលី ENI ហើយផលិតប្រេងប្រហែល ៧ ម៉ឺនបារ៉ែលក្នុង ១ ថ្ងៃ។
អណ្តូងប្រេងនោះត្រូវបានគេបង្ខំឱ្យបិទជាបណ្ដោះអាសន្នរួចហើយនៅដើមខែមីនានៅពេលដែលក្រុមប្រដាប់អាវុធបិទវ៉ាល់ដែលចែកចាយប្រេងឆៅ។
ប្រាក់ចំណូលពីប្រេងមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ដែលជាប្រទេសមួយស្ថិតនៅលើទុនបម្រុងដែលគេស្គាល់ច្រើនជាងគេនៅទ្វីបអាហ្វ្រិក។
NOC គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នមួយចំនួនដែលនៅរក្សាភាពរឹងមាំ ទោះបីជាមានអំពើហិង្សា និងភាពគ្មានច្បាប់ជាច្រើនទសវត្សរ៍ ដែលបានកាន់កាប់ប្រទេសនេះ ចាប់តាំងពីការបះបោរគាំទ្រដោយអង្គការណាតូ ដែលបានផ្តួលរំលំមេដឹកនាំ Moamer Kadhafi ដែលគ្រប់គ្រងប្រទេសនេះដ៏យូរមក៕ RR