ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១,៧ ពាន់លានដុល្លារ កើនជាង ១៣ ភាគរយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១ ក្នុងនោះការនាំទំនិញពីវៀតណាមកើនឡើងជាង ២២ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់សរុប ១ ៧២២,០៥ លានដុល្លារ កើនឡើង ១៣,៦ ភាគរយពីចំនួន ១ ៥១៥,៣ លានដុល្លារ ក្នុងនោះការនាំទំនិញពីកម្ពុជា មានចំនួន ៧៥៨,៨១ លានដុល្លារ កើន ៣,៩ ភាគរយ និងការនាំចូលទំនិញពីវៀតណាម មានចំនួន ៩៦៣,២៣ លានដុល្លារ កើនឡើង ២២,៧ ភាគរយ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វៀតណាម គឺជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មធំទី ៣ ជាមួយកម្ពុជា តាមពីក្រោយប្រទេសចិន ដែលមានទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារ និងអាមេរិកជាង ២,២២ ពាន់លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ទំហំទឹកប្រាក់ការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកំណើននេះបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២។ លោកបន្តថា សម្រាប់កំណើនការនាំចេញទំនិញកម្ពុជាទៅវៀតណាម គឺភាគច្រើនមកពីការនាំចេញកសិផលដូចជា ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និងស្វាយចន្ទី ជាដើម។ វៀតណាម គឺជាទីផ្សារសំខាន់របស់កម្ពុជា ខណៈកន្លងមកប្រទេសទាំង ២ ធ្លាប់សន្យានឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនលើសពី ១០ ពាន់លានដុល្លារ។
លោកនិយាយថា៖ «កសិផល នឹងក្លាយជាទំនិញដ៏សំខាន់របស់កម្ពុជាក្នុងការបង្កើនឧត្តមភាពការនាំចេញទៅវៀតណាម។ បច្ចុប្បន្នវៀតណាមក៏ជាទីតាំងនៃការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ»។
កសិផល គឺជាទំនិញចម្បងគេដែលកម្ពុជានាំចេញទៅវៀតណាម ចំណែកផលិតផលវៀតណាម នាំមកកម្ពុជា មានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម។
កន្លងមកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាមធ្លាប់បានសន្យានឹងខិតខំជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកើនលើសពី ១០ ពាន់លានដុល្លារ។
ក្នុងជំនួបជាមួយលោក Le Quoc Doanh អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វៀតណាម កាលពីចុងខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជនវៀតណាមជាច្រើនកំពុងបោះទុនវិនិយោគលើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មនៅកម្ពុជា ដើម្បីនាំចេញទៅវៀតណាម និងប្រទេសជាច្រើនទៀតលើពិភពលោក។ ផលិតផលទាំងនោះមានដូចជា ស្រូវ ដំឡូងមីស្រស់ និងក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែចេក និងកៅស៊ូជាដើម។
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ១៣ ១៦២,៧៤ លានដុល្លារ កើនឡើង ៩,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានទឹកប្រាក់ ១២ ០៦៣,៧៣ លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញក្នុងទឹកប្រាក់ ៥ ៧១៦,៨២ លានដុល្លារ កើន ២៥,៧ ភាគរយ និងការនាំចូលមានទឹកប្រាក់ ៧ ៤៤៥,៩២ លានដុល្លារ ធ្លាក់ចុះ -០,៩ ភាគរយ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បង្ហាញថា គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៣៩ ពាន់លានដុល្លារ ក្នុងនោះការវិនិយោគរបស់វិនិយោគិនវៀតណាម មានទឹកប្រាក់ ២,៥ ពាន់លានដុល្លារ ស្មើ ៦,៣ ភាគ ខណៈប្រទេសចិន បាននាំមុខគេជាមួយនឹងទំហំទឹកប្រាក់ ១៧,៣ ពាន់លានដុល្លារ និងប្រទេសកូរ៉េ ចំនួន ៤,១ ពាន់លានដុល្លារ៕ LA