ទីក្រុងញូវយ៉កៈ ក្រុមហ៊ុន Tesla បានរាយការណ៍កំណើនប្រាក់ចំណេញនៅត្រីមាសទី ១ កាលពីថ្ងៃពុធលើរថយន្តដែលមានតម្លៃកាន់តែខ្ពស់ ហើយបានឱ្យដឹងថាផែនការទិន្នផលឆ្នាំ ២០២២ របស់ខ្លួនកំពុងដំណើរការ ទោះបីជាមានបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ដែលកំពុងបន្ត និងការរងផលប៉ះពាល់ដោយសារតែវិធានការបិទខ្ទប់ជំងឺកូវីដ ១៩ នៅពេលថ្មីៗនេះនៅក្នុងប្រទេសចិនក៏ដោយ។
ក្រុមហ៊ុនរថយន្តអគ្គិសនីដែលទទួលជោគជ័យខ្លាំងបំផុតរបស់លោក Elon Musk បានបំបែកកំណត់ត្រាថ្មីមួយ ផ្នែកប្រាក់ចំណេញប្រចាំត្រីមាសចំនួន ៣,៣ ពាន់លានដុល្លារ បន្ទាប់ពីការបង្ហាញរោងចក្រថ្មីៗ នៅក្នុងអាល្លឺម៉ង់ និងរដ្ឋតិចសាសរបស់អាមេរិក ដែលបានចាប់ផ្តើមចែកចាយពាណិជ្ជកម្ម។
ឧបសគ្គជាច្រើនក្រុមហ៊ុនប្រឈមមុខរួមមានការបង្កើនតម្លៃដើមវត្ថុធាតុដើម ក៏ដូចជាការដាច់ភ្លើងរយៈពេលមួយសប្តាហ៍នៅរោងចក្រសៀងហៃ បន្ទាប់ពីការរឹតបន្តឹងជំងឺកូវីដ ១៩ ពេលថ្មីៗរបស់រដ្ឋាភិបាលចិន។
ក្រុមហ៊ុន Tesla បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីប្រាក់ចំណូលរបស់ខ្លួនថា៖ «រោងចក្រផ្ទាល់ខ្លួនរបស់យើងកំពុងដំណើរការក្រោមសមត្ថភាពសម្រាប់ត្រីមាសជាច្រើន ដោយសារខ្សែចង្វាក់ផ្គត់ផ្គង់បានក្លាយជាកត្តាកំណត់ដ៏សំខាន់ ដែលទំនងជានឹងបន្តរហូតដល់រយៈពេលផ្សេងទៀតនៅឆ្នាំ ២០២២»។
ប៉ុន្តែ លោក Musk បានឱ្យដឹងថាវា «ហាក់ដូចជា» ក្រុមហ៊ុនមួយនេះនឹងផលិតរថយន្តច្រើនជាង ១ លានកន្លះនៅឆ្នាំ ២០២២ ដែលនឹងលើសពីគោលដៅកំណត់រយៈពេលវែងរបស់ក្រុមហ៊ុនដែលមានកំណើនទិន្នផលយ៉ាងហោចណាស់ ៥០ ភាគរយ។
លោក Musk បានឱ្យដឹងនៅក្នុងសន្និសីទមួយជាមួយក្រុមវិនិយោគិន និងក្រុមអ្នកវិភាគថា៖ «យើងកំពុងរីកចម្រើនយ៉ាងរហ័សបំផុតធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនៅតែមានទំនុកចិត្តលើកំណើនលើសពី ៥០ ភាគរយសម្រាប់ការរំពឹងទុកនៅពេលអនាគត។ លោកថា៖ «អនាគតគួរឱ្យរំភើបខ្លាំងណាស់»។
ប៉ុន្តែរថយន្តម៉ូដែល Tesla 3 បច្ចុប្បន្នចុះបញ្ជីក្នុងតម្លៃចាប់ផ្តើម ៤២ ៦៩០ ដុល្លារ ដែលធ្វើឱ្យវាហួសពីលទ្ធភាពសម្រាប់គ្រួសារជាច្រើន។
លោក Musk ដែលបាននិយាយជាយូរមកហើយអំពីតម្រូវការក្នុងការធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃសមរម្យសម្រាប់មហាជន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបានបញ្ជាក់ថា៖ «ច្បាស់ណាស់ យើងចង់ធ្វើឱ្យរថយន្ត EV មានតម្លៃសមរម្យតាមដែលអាចធ្វើទៅបាន»។
លោក Musk ដែលបានកត់សម្គាល់ពីរបៀបដែលក្រុមហ៊ុនផ្គត់ផ្គង់បានស្វែងរកការបង្កើនតម្លៃពី ២០ ទៅ ៣០ ភាគរយសម្រាប់គ្រឿងបន្លាស់បានឱ្យដងថា៖ «វាមានការលំបាកខ្លាំងណាស់នៅពេលដែលអតិផរណាមានកម្រិតខ្ពស់ក្នុងរយៈពេល ៤០ ឬ ៥០ ឆ្នាំ»។
សម្រាប់ត្រីមាសចុងក្រោយនេះ ក្រុមហ៊ុន Tesla បានរាយការណ៍ប្រាក់ចំណេញចំនួន ៣,៣ ពាន់លានដុល្លារ កើនឡើង ៦៥៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយប្រាក់ចំណូលកើនឡើងចំនួន ៨១ ភាគរយដល់ ១៨,៨ ពាន់លានដុល្លារ។
ក្រុមហ៊ុនមួយនេះបានផលិតរថយន្តចំនួន ៣០៥ ៤០៧ គ្រឿងក្នុងអំឡុងពេលនេះ ដែលទាបជាងបន្តិចធៀបនឹងកម្រិតត្រីមាសមុន ប៉ុន្តែគ្រប់គ្រាន់ដើម្បីជំរុញទិន្នផលលើសពី ១ លានគ្រឿងក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។
លោក Zach Kirkhorn ប្រធានផ្នែកហិរញ្ញវត្ថុបានឱ្យដឹងថា រោងចក្រសៀងហៃរបស់ក្រុមហ៊ុន Tesla «បានខាតបង់រយៈពេលផលិតប្រហែល ១ ខែ» ដោយសារតែការបិទខ្ទប់ ប៉ុន្តែការផលិតនោះ «កំពុងចាប់ផ្ដើមដំណើរការឡើងវិញក្នុងកម្រិតមានកំណត់ ដើម្បីត្រឡប់ទៅផលិតកម្មពេញលេញឡើងវិញបានលឿនតាមដែលអាចធ្វើទៅបាន»។
លោក Kirkhorn បានឱ្យដឹងថា អតិផរណាតម្លៃលើវត្ថុធាតុដើមបានកើនឡើងក្នុងអំឡុងត្រីមាសទី ១ ហើយការចំណាយក្នុងត្រីមាសទី ២ មាននិន្នាការ «ខ្ពស់ជាងបន្តិច»។
ដោយសារបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់នៅតែបន្ត ក្រុមអ្នកវិភាគផ្នែករថយន្តបានព្រមានថា កំណើនរថយន្ត EV អាចត្រូវបានរារាំងដោយវត្ថុធាតុដើមមានកម្រិត៕ LA