ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តនូវការប្រើប្រាស់ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System - GTAS) នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយរំពឹងថា វានឹងបង្កើនប្រសិទ្ធភាពការងាររបស់គយនិងរដ្ឋាករកម្ពុជា និងទប់ស្កាត់បទល្មើសឆ្លងដែន។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្លែងក្នុងពិធីប្រកាសដាក់អនុវត្តជាផ្លូវការនោះថា ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស (Global Travel Assessment System - GTAS) ដែលជាជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការនៃឧបករណ៍បច្ចេកវិទ្យាព័ត៌មាន របស់អង្គការគយពិភពលោក (World Customs Organization - WCO) ដើម្បីប្រើប្រាស់ក្នុងការទទួលទិន្នន័យព័ត៌មានអ្នកដំណើរជាមុន (Advance Passenger Information - API) និងកំណត់ត្រាឈ្មោះអ្នកដំណើរ (Passenger Name Record - PNR) ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ឆ្លងកាត់តាមថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) សម្រាប់វិភាគហានិភ័យអ្នកដំណើរតាមផ្លូវអាកាស។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា GTAS នឹងធ្វើឱ្យមានប្រសិទ្ធភាពការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមចំណែកកាត់បន្ថយបទល្មើសឆ្លងដែនតាមបណ្តាអាកាសយានដ្ឋានអន្តរជាតិ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនិងជំរុញរំហូរភ្ញៀវទេសចរ ដោយមិនតម្រូវឱ្យបន្ថែមបន្ទុកចំណាយថវិការដ្ឋ។ កិច្ចការនេះក៏នឹងចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ១៩។
បើតាមលោករដ្ឋមន្ត្រី កិច្ចការនេះត្រូវខកខានដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០២១ ដោយសារការរីករាលដាលជំងឺកូវីដ១៩ខ្លាំងនិងផលប៉ះពាល់លើវិស័យអាកាសយានដ្ឋាន៕