ភ្នំពេញ: កម្ពុជា និងចិន កំពុងសិក្សាលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ដើម្បីតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ទៅសមុទ្រខេត្តកែបដោយមិនចាំបាច់ឆ្លងកាត់ប្រទេសវៀតណាម។
នៅក្នុងជំនួបពិភាក្សា ថ្ងៃទី ២២ មេសា ឆ្នាំ ២០២២ ជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) តំណាងឱ្យក្រុមហ៊ុន CCCC Transportation Consultants Co., Ltd តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះនឹងធ្វើឱ្យប្រសើរឡើងវិញ ចំពោះបណ្តាញផ្លូវទឹករបស់កម្ពុជាឱ្យមានការតភ្ជាប់ដោយរលូន ដែលនឹងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។ លោកថា គម្រោងនេះក៏នឹងជួយជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកច្រើនជាងការដឹកជញ្ជូនតាមផ្លូវគោកផងដែរ។
លោកបានបញ្ជាក់ថា៖ «ផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះ នឹងធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានការផ្លាស់ប្ដូរជាវិជ្ជមាន។ កម្ពុជាសម្បូរទៅដោយបណ្ដាញផ្លូវទឹកទន្លេ ដែលរួមមាន ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជាមិនទាន់បានទាញយកសក្ដានុពលដ៏ធំធេងនៃធនធានធម្មជាតិទាំងអស់នោះមកប្រើប្រាស់ឱ្យបានក្នុងកម្រិតអតិបរមានៅឡើយទេ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានឱ្យដឹងថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់នេះ ជាគម្រោងដ៏ល្អបំផុត ដែលប្រតិបត្តិករជាច្រើននៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្មមានការគាំទ្រ និងចង់បាន។
លោកបានបញ្ជាក់ថា៖ «នៅកម្ពុជា ការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវទឹក (ផ្លូវទន្លេ) និងផ្លូវដែកនៅមានកម្រិតនៅឡើយ ដោយភាគច្រើនការដឹកជញ្ជូនផ្លូវថ្នល់ ដោយប្រើប្រាស់រថយន្តធំៗ មានច្រើនជាងគេ។ ការដឹកជញ្ជូនតាមផ្លូវទឹកមានលក្ខណៈប្រសើរជាងគេ ដោយសារតែកម្ពុជាមានសក្តានុពលបណ្ដាញផ្លូវទឹកច្រើន ដែលស្ថិតនៅជាប់នឹងតំបន់កសិឧស្សាហកម្ម និងតំបន់ឧស្សាហកម្ម»។
បើយោងតាមលោក ចន្ធី បានឱ្យដឹងទៀតថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញនៅកម្ពុជា ទាំងការនាំចេញ និងនាំចូល តាមផ្លូវទឹក (ផ្លូវសមុទ្រ) មានប្រមាណជាង ៧០ ភាគរយ ដោយឆ្លងកាត់កំពង់ផែព្រះសីហនុតាមផ្លូវគោក ប្រមាណ ២០ ភាគរយ និងជិត ១០ ភាគរយទៀត ដឹកជញ្ជូនតាមផ្លូវអាកាស៕ LA