ភ្នំពេញ: អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បាននិងកំពុងបើកការសាកល្បងហោះហើរក្នុងការប្រើប្រាស់សម្ភារបរិក្ខារនានា និងសមត្ថភាពរបស់បុគ្គលិក មុននឹងទទួលបានការអនុញ្ញាតឱ្យបើកដំណើរការទូទៅពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសា ថា អាកាសយានដ្ឋាននេះបានធ្វើការសាកល្បងហោះហើរតាំងពីថ្ងៃទី ១៩ ខែមេសា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៦។ លោកបានថ្លែងថា ជាធម្មតា នៅពេលដែលការដំឡើងឧបករណ៍ផ្សេងៗ ក៏ដូចជាសម្ភារបរិក្ខារនៅអាកាសយានដ្ឋានរួចរាល់ហើយ ត្រូវតែមានការធ្វើតេស្តវាស់វែងសាកល្បងឧបករណ៍ និងសម្ភារបរិក្ខារទាំងនោះជាមុនសិន មុននឹងបើកដំណើរការ។
លោកបានបន្ថែមថា ក្រៅពីតេស្តសាកល្បងលើការហោះហើរ និងសម្ភារបរិក្ខារហើយ ក្រុមការងារ ក៏តម្រូវឱ្យបណ្តុះបណ្តាល និងធ្វើតេស្តសមត្ថភាពរបស់បុគ្គលិក ដែលត្រូវបម្រើការ និងប្រើប្រាស់ឧបករណ៍ទាំងនោះដែរ ដើម្បីបង្ហាញថា ធនធានមនុស្សទាំងអស់នោះ អាចប្រើប្រាស់ឧបករណ៍ទាំងនោះ រួមមានដូចជា ប្រព័ន្ធភ្លើងនាំផ្លូវ ប្រព័ន្ធវិទ្យុនាំផ្លូវចុះចត ប្រព័ន្ធទំនាក់ទំនង រថយន្តពន្លត់អគ្គិភ័យ និងផ្នែកផ្សេងទៀត បានយ៉ាងស្ទាត់ជំនាញ។
លោកបានគូសបញ្ជាក់ថា៖ «អាជ្ញាធរយើងមានកាតព្វកិច្ច (រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល) ត្រួតពិនិត្យ និងចេញវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ ដើម្បីបញ្ជាក់ថា ការធ្វើតេស្តនេះ ក៏ដូចជាមនុស្សដែលកាន់ឧបករណ៍នេះ គាត់មានគុណវុឌ្ឍិ ដើម្បីប្រើប្រាស់ និងបញ្ជាឧបករណ៍ទាំងនោះ»។
តាមការគ្រោងទុករបស់ក្រុមហ៊ុនចិន Union Development Group ដែលជាក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនេះ គឺគ្រោងនឹងដំណើរការប្រតិបត្តិការហោះហើរសាកល្បងនៅខែកក្កដា ឆ្នាំ ២០២២ នេះ តែបើតាមល្បឿននៃការធ្វើតេស្តសាកល្បងនេះ ការបើកដំណើរការអាចមានភាពយឺតយ៉ាវជាងការគ្រោងទុកបន្តិច។ នេះបើតាម លោក ស៊ិន ចាន់សិរីវុត្ថា។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រំពឹងថា កំណើនអ្នកវិនិយោគ និងភ្ញៀវទេសចរ ទៅកាន់ខេត្តកោះកុងនឹងមានការកើនឡើងខ្ពស់ បន្ទាប់ពីអាកាសយានដ្ឋាន-អន្តរជាតិតារាសាគរបើកឱ្យដំណើរការ។
លោកស្រីបានបញ្ជាក់បន្ថែមថា៖ «ព្រលានយន្តហោះនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការធ្វើដំណើររបស់វិនិយោគិន និងភ្ញៀវទេសចរ ដែលមានបំណងចង់ចូលមកវិនិយោគ និងកម្សាន្តនៅក្នុងខេត្តកោះកុង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធថ្មីៗរបស់ខេត្តបាននិងកំពុងស្ថាបនា និងបានរួចរាល់មួយចំនួនធំ»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ ឱ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងជំរុញដំណើរការទេសចរណ៍ឱ្យមានសកម្មភាព និងកំណើន ស្របពេលដែលកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច។
លោកស្រីអះអាងថា៖ «ខេត្តកោះកុងជាខេត្តមួយ ដែលមានសក្តានុពលអេកូទេសចរណ៍ ធម្មជាតិដែលជំរុញឱ្យវិនិយោគិនចាប់អារម្មណ៍ច្រើនលើការវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តនេះ។ កន្លងទៅ មានភ្ញៀវអន្តរជាតិច្រើនដែរ ដែលចាប់អារម្មណ៍ចំពោះដំណើរកម្សាន្តទៅកាន់ខេត្តនេះ ប៉ុន្តែដោយសារព្រលានយន្តហោះនៅកំពុងសាងសង់ ទើបភ្ញៀវជួបការលំបាកខ្លះ ប៉ុន្តែនៅពេលព្រលានយន្តហោះនេះបើកដំណើរការច្បាស់ណាស់ការហោះហើរត្រង់មានច្រើន»។
អាកាសយានដ្ឋាននេះលាតសន្ធឹងលើផ្ទៃដីទំហំ ៤,៥ ហិកតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង គឺវិនិយោគដោយក្រុមហ៊ុនចិន UDG ដែលមានទុនវិនិយោគសរុប ៣៥០ លានដុល្លារ ខណៈដែលការស្ថាបនាដំណាក់កាលទី ១ ដែលមានតម្លៃទឹកប្រាក់សរុប ២០០ លានដុល្លារ ។ អាកាសយានដ្ឋាននេះអាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ Boeing-777 និង Airbus A-340៕ LA