ភ្នំពេញៈ លោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះជាបន្តទៀត។
ក្នុងជំនួបពិភាក្សាការងាររវាងលោក Kishida Fumio និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកនៃតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ៤ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុននៅពេលខាងមុខនេះ ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida បានទទួលយកគំនិតផ្តួចផ្តើមរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដំឡើងទំនាក់ទំនងទ្វេភាគីនេះផងដែរ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមេសា បានសម្តែងការសប្បាយចិត្តចំពោះលោកនាយករដ្ឋមន្ត្រី Kishida Fumio និងរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រ ក្នុងការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុនេះឱ្យមានសមត្ថភាពទទួលចូលចតនាវាធំៗមកពីទូទាំងពិភពលោក។ លោកបន្តថា ទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងជប៉ុន និងទំនាក់ទំនងរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Kishida Fumio បានជះឥទ្ធិពលដ៏សំខាន់សម្រាប់កម្ពុជាក្នុងការទទួលបាននូវផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ខណៈដែលអង្គការ JICA បច្ចុប្បន្ននេះ បាននិងកំពុងជួយដល់គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទឹកជ្រៅនេះ។
បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្ននេះ ជម្រៅកំពង់ផែក្រុងព្រះសីហនុមានត្រឹមតែ ៩,៥ ម៉ែត្រប៉ុណ្ណោះ ដែលធ្វើឱ្យនាវាធំៗ មិនអាចចូលចតបាននោះទេ។ បញ្ហានេះបានធ្វើឱ្យមានការផ្ទេរទំនិញចេញពីនាវាធំៗទាំងនោះ នៅឯកំពង់ផែប្រទេសថៃ វៀតណាម និងសិង្ហបុរីជាដើម ឱ្យមកដាក់នៅក្នុងនាវាដែលអាចចូលមកចតនៅក្នុងកំពង់ផែក្រុងព្រះសីហនុដែលមានត្រឹមជម្រៅ ៩,៥ ម៉ែត្រនេះ។ ការណ៍នេះបានធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនមានតម្លៃខ្ពស់ មិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារបានទេ។
លោកថ្លែងថា៖ «បានជាយើង និងប្រទេសជប៉ុនបាននិងកំពុងរៀបចំគម្រោង ជំហានទី ២ និងជំហានទី ៣ ធ្វើយ៉ាងណាឱ្យកំពង់ផែថ្មីឈានដល់ ១៤ ម៉ែត្រកន្លះ ដែលអាចទទួលនាវាធំចតចំនួន ៨០%។ ប៉ុន្តែជំហានទី ៣ នឹងឡើងដល់ ១៧ ម៉ែត្រ កន្លះ។ ដូច្នេះ ១៧ ម៉ែត្រកន្លះនេះ ដែលប្រទេសជប៉ុននឹងជួយដែរនោះនឹងធ្វើឱ្យនាវាដឹកទំនិញគ្រប់ប្រភេទទាំងអស់អាចចូលចតនៅក្នុងប្រទេសកម្ពុជាបានហើយ»។
លោក ឡុង ឌីម៉ង់ បញ្ជាក់ទៀតថា ការពង្រីក និងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ក្រោយកិច្ចសហការរវាងជប៉ុន និងកម្ពុជា គឺជាកិច្ចការចាំបាច់ ពីព្រោះកំពង់ផែនេះ ជាច្រកសេដ្ឋកិច្ចមួយដ៏សំខាន់ របស់កម្ពុជាក្នុងការនាំចេញ-នាំចូលនូវមុខទំនិញគ្រប់ប្រភេទ។ ដូច្នេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះ កើតចេញពីផ្លែផ្កានៃទំនាក់ទំនងល្អរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ ប្រជាជន និងប្រជាជនបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយ JICA តាមរយៈការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនបាននិងកំពុង សាងសង់ ពង្រីកកំពង់ផែក្រុងព្រះសីហនុជំហានទី ១ អាចឱ្យនាវាមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចតបាននៅឆ្នាំ ២០២៥ ខណៈពីមុនមានជម្រៅទឹក ៩,៥០ ម៉ែត្រ។ ភាគីទាំង ២ នឹងបន្តពង្រឹង ជំហានទី ២ និងទី ៣ បន្ថែមដល់ឆ្នាំ ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៥ ម៉ែត្រចូលចតបាន ហើយនាវានៅលើពិភពលោក ៩៧ ភាគរយអាចចូលចត និងធ្វើឱ្យតម្លៃដឹកជញ្ជូន តាមផ្លូវទឹកមានការថយចុះការប្រកួតប្រជែងប្រទេសក្នុងតំបន់៕ LA