ភ្នំពេញៈ ទឹកប្រាក់នៃការនាំចូល-ចេញទំនិញ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ កើនដល់ប្រមាណ ៧១០ លានដុល្លារ ហក់ឡើងជាង ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
ទិន្នន័យរបស់ SSEZ កាលពីចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២២ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាននាំចូល-នាំចេញទំនិញក្នុងទឹកប្រាក់សរុប ៧១០ លានដុល្លារ កើនឡើង ៥០,៧៤ ភាគរយបើធៀបត្រីមាសទី ១ ឆ្នាំ ២០២១ ដែលមាន ៤៧១ លានដុល្លារ។ ទោះយ៉ាងណា SSEZ មិនបានបង្ហាញពីចំនួនដាច់ដោយឡែកនៃទំហំទឹកប្រាក់នាំចូល និងនាំចេញនោះទេ។
SSEZ បានបញ្ជាក់ថា៖ «ចាប់តាំងពីដើមឆ្នាំ ២០២២ មកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានធ្វើឱ្យមានលក្ខណៈធម្មតាដោយចាត់វិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ និងជំរុញការសាងសង់ដំណាក់កាលថ្មីដែលអាចបន្តរក្សាបាននូវសម្ទុះនៃការអភិវឌ្ឍល្អជាលំដាប់»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ភាពអំណោយផលនៃទីតាំងភូមិសាស្ត្រធ្វើឱ្យសកម្មភាពវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហក់ឡើងជាលំដាប់ ខណៈចំនួនក្រុមហ៊ុនចូលទៅបណ្តាក់ទុនក៏បង្ហាញកំណើនផងដែរ។ ភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ ១៩ និងយុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់រដ្ឋាភិបាលកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកបន្តថា ម្យ៉ាងវិញទៀត ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសជាច្រើន ក៏ជាមេដែកក្នុងការបង្កើនឱកាសសម្រាប់ការផលិតទំនិញនៅកម្ពុជា ដើម្បីនាំចេញទៅលក់ឱ្យប្រទេសដៃគូក្រោមលក្ខខណ្ឌពិសេសផងដែរ។
លោកបានថ្លែងថា៖ «បើនិយាយពីការបណ្តាក់ទុនវិនិយោគ គឺកំពុងកើនឡើងជាលំដាប់ ទាំងពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេស។ ចំនួនទឹកប្រាក់នាំចេញនាំចូលរបស់ SSEZ នឹងកើនឡើងខ្ពស់ថែមទៀត»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២៥ ខែមេសា ថា កំណើនទឹកប្រាក់នាំចូល-នាំចេញជាបន្តបន្ទាប់របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបញ្ជាក់ពីភាពរឹងមាំនៃចង្វាក់ផលិតកម្ម និងការបញ្ជាទិញពីសំណាក់ដៃគូ។ មានចំណុចជាច្រើនដែលជំរុញឱ្យទំហំទឹកប្រាក់នាំចូល-នាំចេញរបស់ SSEZ កើនឡើង ដែលមានដូចជា ទីផ្សារនាំចេញកាន់តែធំ, ច្បាប់វិនិយោគថ្មីមានលក្ខណៈអំណោយផល, ការទទួលបានភាពអនុគ្រោះពន្ធពីទីផ្សារប្រទេសធំៗ (អាមេរិក សហភាពអឺរ៉ុប), ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាទាំងលក្ខណៈទ្វេភាគី និងពហុភាគី, និងមានកម្លាំងពលកម្មច្រើន និងតម្លៃសមរម្យ ជាដើម។
លោកបន្ថែមថា ក្រៅពីមានចង្វាក់ផលិតកម្មល្អ SSEZ ក៏មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនៅទីផ្សារអន្តរជាតិផងដែរ។
លោកបញ្ជាក់ថា៖ «ផ្អែកលើកត្តារួមផ្សំខាងលើ ខ្ញុំគិតថា សម្ទុះនៃសកម្មភាពផលិត និងចំនួនទឹកប្រាក់ការនាំចូល-នាំចេញ SEZZ នឹងបន្តកើនខ្ពស់ថែមទៀតក្នុងឆ្នាំ ២០២២ នេះ»។
លោកលើកឡើងទៀតថា កំណើននៃប្រាក់នាំចូល-នាំចេញទំនិញរបស់ក្រុមហ៊ុន/សហគ្រាសនៅកម្ពុជាពេលនេះ គឺមិនមែនកើតមានតែនៅ SSEZ នោះទេ គឺលោកសង្កេតឃើញមាននៅគ្រប់ទីកន្លែង ហើយសូម្បីតែចំនួនគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេសក៏កំពុងកើនឡើងផងដែរ។
របាយការណ៍និន្នាការសេដ្ឋកិច្ចសង្គម ប្រចាំខែកុម្ភៈ ឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា រយៈពេល ២ ខែដើមឆ្នាំ ២០២២ គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានចំនួនសរុប ៣៥ គម្រោងកើនឡើង ១៤ គម្រោង ដែលមានទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារ កើនឡើង ២៣៦,៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានតម្លៃ ១៣ ១៦២,៧៤ លានដុល្លារ កើន ៩,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំចេញក្នុងទឹកប្រាក់ ៥ ៧១៦,៨២ លានដុល្លារ កើន ២៥,៧ ភាគរយ និងនាំចូល ៧ ៤៤៥,៩២ លានដុល្លារ ធ្លាក់ចុះ ០,៩ ភាគរយ។
អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ កាលពីចុងឆ្នាំ ២០២១ បាននិយាយថា ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១។ SSEZ ត្រូវបានបើកដំណើរការកាលពីឆ្នាំ២០០៨។
កាលពីឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបាននាំចូល-ចេញទំនិញក្នុងទឹកប្រាក់សរុប ២ ២៣៤ លានដុល្លារ កើន ៤២,៧៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមទិន្នន័យពី SSEZ៕ LA