ភ្នំពេញៈ ក្រសួងកសិកម្មស្នើដល់ក្រុមហ៊ុនពាណិជ្ជកម្ម វិស័យផលិតកម្មកសិកម្ម ផលិតកម្មសត្វ និងផលិតផលជលផល ចូលរួមអនុវត្តឱ្យបានឆាប់បំផុត ចំពោះការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជាក្នុងវិស័យកសិកម្ម។
លិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី ២ ឱ្យបានឆាប់រហ័សបំផុតក្នុងការអនុវត្តវិធានការនៃកិច្ចសម្រួលពាណិជ្ជកម្មដល់ក្រុមហ៊ុន វិស័យឯកជនពាក់ព័ន្ធនឹងវិស័យផលិតកម្មកសិកម្ម ផលិតផលជលផល និងផលិតកម្មសត្វ ព្រមទាំងយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល ក្រសួងបានស្នើឱ្យអនុវត្តលក្ខខណ្ឌចំនួន ៣។
លក្ខខណ្ឌទី ១ ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងវិញ្ញាបនបត្រពាក់ព័ន្ធនឹងចំណីសត្វ និងបសុឱសថត្រូវរៀបចំ និងភ្ជាប់ការតម្រូវឯកសារស្របតាមច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ និងប្រកាសស្តីពីនីតិវិធី និងការតម្រូវបមាណីយ (Standard, measure; model) នៃការចុះបញ្ជី ការនាំចូល ការនាំចេញ ការនាំឆ្លងកាត់ ការផលិត ការលាយផ្សំ ការវេចខ្ចប់ជាថ្មី ការធ្វើសន្និធិ ការផ្គត់ផ្គង់ចែកចាយ ការដឹកជញ្ជូនចំណីសត្វ និងបសុឱសថ ដូចមានតម្រូវលក្ខខណ្ឌនៅក្នុងប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា, ទី ២ ការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ការនាំចេញទៅវិញ និងការនាំចូលទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យត្រូវរៀបចំ និងភ្ជាប់ការតម្រូវឯកសារស្របតាមអនុក្រឹត្យ និងប្រកាសស្តីពីនីតិវិធីនៃការត្រួតពិនិត្យភូតគាមអនាម័យដូចមានតម្រូវលក្ខខណ្ឌក្នុងប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា និងទី ៣ ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណនាំចេញ នាំចូល និងនាំឆ្លងកាត់ផលផលិតផលជលផល ត្រូវរៀបចំ និងភ្ជាប់ការតម្រូវឯកសារ ស្របតាមច្បាប់ស្តីពីជលផល និងប្រកាសស្តីពីនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណនាំចេញ នាំចូលនិងនាំឆ្លងកាត់ផល ផលិតផលជលផល ដូចមានតម្រូវលក្ខខណ្ឌក្នុងប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការរៀបចំឱ្យមានការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជានេះ គឺមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលកម្ពុជា និងប្រទេសជាដៃគូកាលពីពេលកន្លងទៅ។ លោកបន្ថែមថា ការរៀបចំឱ្យមានប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជានាំមកនូវគុណប្រយោជន៍ច្រើនដល់អ្នកវិនិយោគ តាមរយៈការកាត់បន្ថយពេលវេលា និងចំណាយមិនចាំបាច់នានា ក៏ដូចជាគុណប្រយោជន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការគ្រប់គ្រងទិន្នន័យអ្នកពាក់ព័ន្ធក្នុងវិស័យផលិតកម្មកសិកម្ម ផលិតផលជលផល និងផលិតកម្មសត្វ ដើម្បីធ្វើយ៉ាងណាឱ្យត្រឹមត្រូវទៅច្បាប់តម្រូវផង បទដ្ឋានបច្ចេកទេស និងអនាម័យផងដែរ។
លោកបញ្ជាក់ថា៖ «ដូចយើងឃើញហើយនៅក្នុងវិស័យកសិកម្ម មានដូចជា ខាងផ្នែកវារីវប្បកម្ម ផ្នែកចិញ្ចឹមសត្វ ផ្នែកខាងបន្លែផ្លែឈើជាដើម សុទ្ធតែត្រូវចុះបញ្ជីទាំងអស់នៅពេលចង់នាំចេញទៅប្រទេសដទៃទៀត ដែលមាននៅក្នុងកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ ដូច្នេះក្រសួងកសិកម្ម ដែលជាក្រសួងសាមីត្រូវតែគ្រប់គ្រងប្រមូលអ្នកក្នុងវិស័យនេះឱ្យមកចុះបញ្ជីឱ្យបានគ្រប់ៗគ្នា និងត្រូវអនុវត្តការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិក ទើបទទួលបានការអនុញ្ញាតឱ្យនាំចេញ»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា វិស័យឯកជនចំណេញពេលវេលាច្រើននៅពេលដែលស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិកនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជានេះ។
លោកបញ្ជាក់ថា៖ «សម្រាប់វិស័យស្រូវអង្ករ យើងត្រូវស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ដូចនេះការស្នើសុំប្រព័ន្ធអេឡិចត្រូនិកនេះ គឺងាយស្រួល លឿនរហ័ស»។
កម្ពុជាបាននាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងបរិមាណជាង ៣,៤ លានតោននៅត្រីមាសទី ១ ឆ្នាំ ២០២២ កើនជាង ១១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ខណៈតាមការប៉ាន់ស្មានអាចមានតម្លៃជាង ១,២ ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម៕ LA