
កិច្ចប្រជុំអន្តរក្រសួងដើម្បីប្រមូលធាតុចូលទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយ អារ៉ាប៊ី សាអ៊ូឌីត ។ សហការី
ភ្នំពេញៈ កម្ពុជាចាប់ផ្តើមបើកការពិភាក្សាក្នុងការប្រមូលធាតុចូលលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និង អារ៉ាប៊ីសាអ៊ូឌីត, ការធ្វើពិពិធកម្មពាណិជ្ជកម្ម និងទីផ្សារនាំចេញក្នុងតំបន់មជ្ឈឹមបូព៌ា និងការជំរុញវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២២ មេសា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើខ្លឹមសារសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា និង អារ៉ាប៊ី សាអ៊ូឌីត ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ១៣ ស្ថាប័ន។
លោកបានថ្លែងបញ្ជាក់អំពីការផ្តួចផ្តើមឱ្យមានសេចក្តីព្រាងកិច្ចព្រមព្រៀងខាងលើ ដោយក្នុងអំឡុងជំនួបរវាងក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូត អារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ ភាគីទាំង ២ បានគាំទ្រឱ្យមានការបង្កើតលិខិតតុបករណ៍ ដើម្បីប្រើប្រាស់ជាក្របខ័ណ្ឌរៀបចំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ សំដៅពង្រឹងភាពជាដៃគូ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ។ បន្ថែមពីលើនេះ ការផ្តួចផ្តើមនេះគឺស្របតាមស្មារតីនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំង ២ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នៅកម្ពុជា។
លោកមានសុទិដ្ឋិនិយមថា៖ «កិច្ចព្រមព្រៀងខាងលើនឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវ័ន្តសម្រាប់កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និង អារ៉ាប៊ី សាអ៊ូឌីត នាពេលអនាគត តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមកនូវសក្តានុពលសេដ្ឋកិច្ច ការធ្វើពិពិធកម្មពាណិជ្ជកម្ម និងទីផ្សារការនាំចេញក្នុងតំបន់មជ្ឈិមបូព៌ា និងជំរុញវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន»។
សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និង អារ៉ាប៊ី សាអ៊ូឌីត បានបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពសំខាន់ៗមួយចំនួនដូចជា ពាណិជ្ជកម្ម, វិនិយោគ, ធនាគារ, កសិកម្ម, ឧស្សាហកម្ម, រ៉ែ និងថាមពល, ទូរគមនាគមន៍, អប់រំ, ទេសចរណ៍ និងហាឡាល។ល។
កាលពីថ្ងៃទី ១៨ ខែមីនា ព្រះអង្គម្ចាស់ Faisal bin Far-han Al Saud បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពេលនោះលោកនាយករដ្ឋមន្ត្រីជំរុញឱ្យកម្ពុជា និង អារ៉ាប៊ី សាអ៊ូឌីត ធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់សកម្មភាព និងសក្តានុពលដែលកម្ពុជាមាន។
ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានលើកឡើងថាដំណើរទស្សនកិច្ចនោះគឺដើម្បីពង្រីកចំណងមិត្តភាពរវាងប្រទេសទាំង ២ ផង និងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ផង តាមរយៈកិច្ចពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដោយប្រទេសទាំង ២ មានសក្តានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ។
សក្តានុពលទាំងនោះ មានដូចជា វិស័យទេសចរណ៍ អប់រំ បច្ចេកវិទ្យា ថាមពល វប្បធម៌ កសិកម្ម។ល។ ក្នុងន័យនេះ ព្រះអង្គម្ចាស់ក៏បានសុំការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
លោក ហ៊ុន សែន បានយល់ស្របជាមួយនឹងព្រះអង្គម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឱ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការលើរាល់សកម្មភាព និងសក្តានុពលដែលកម្ពុជាមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការ និងជំរុញការអនុវត្តឱ្យបានជោគជ័យនាពេលខាងមុខ។
យោងតាមរបាយការណ៍ពី Trading Economics ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ នៅមានទំហំតិចតួចនៅឡើយដោយមានត្រឹមតែ ២០ លានដុល្លារក្នុងឆ្នាំ ២០២០ កើនឡើងត្រឹមតែ ៥ ភាគរយប៉ុណ្ណោះបើធៀបទៅឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញពីកម្ពុជាមានតែ ៣,១ លានដុល្លារប៉ុណ្ណោះ ខណៈការនាំចូលវិញមានចំនួន ១៥,៩២ លានដុល្លារ៕ LA