ភ្នំពេញៈ រោងចក្រផលិតចំណីសត្វតម្លៃ ១៥ លានដុល្លារ នៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច De HeusTMH(Cambodia) បានបើកដំណើរការហើយ ដោយអាចមានសមត្ថភាពអាចផលិតចំណីសត្វបាន ១៨ ម៉ឺនតោនក្នុង ១ ឆ្នាំ។
ពិធីបើកសម្ពោធនេះបានធ្វើឡើងកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ រួមទាំងតំណាងក្រុមហ៊ុនចិញ្ចឹមសត្វ ផលិតចំណីសត្វ សហគមន៍អ្នកចិញ្ចឹមសត្វ តំណាងលក់ចែកចាយមកពីប្រទេសវៀតណាម ឥណ្ឌា និងមីយ៉ាន់ម៉ា ដៃគូអាជីវកម្មថ្នាក់ជាតិ និងអន្តរជាតិ។
លោក វេង សាខុន បាននិយាយថា ការបង្កើតរោងចក្រផលិតចំណីសត្វនេះ គឺឆ្លើយតបទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងថា ជាការកែលម្អនូវបរិយាកាសវិនិយោគ និងការធានានូវលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជន ក៏ដូចជាអំពាវនាវ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន គឺជាកាតព្វកិច្ចចាំបាច់របស់ក្រសួងដែលត្រូវសហការចូលរួមបំពេញតួនាទី ដើម្បីលើកស្ទួយវិស័យផលិតកម្មចិញ្ចឹមសត្វ ធានាបានការផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកក្នុងបរិបទកូវីដ ១៩ និងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា៖ «ភ្ជាប់ទៅនឹងភាពជោគជ័យដែលក្រុមហ៊ុនសម្រេចបានក្នុងវ័យជាង ១០ ឆ្នាំនៃអាយុអាជីវកម្ម នៅកម្ពុជាគឺពិតជាបានចូលរួមចំណែកបន្ថែមទៀតក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មចំណីសត្វក្នុងស្រុក កាត់បន្ថយការនាំចូល បង្កើតការងារជូនប្រជាជន បង្កើនចំណូលគ្រួសារ»។
លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា ក្រុមហ៊ុនគួរសិក្សា និងស្រាវជ្រាវបន្ថែមលើការផលិតចំណីត្រីឆ្តោ ដើម្បីជំនួសឱ្យការប្រើវត្ថុធាតុដើមជាប្រភេទកូនត្រីដែលចាប់ពីប្រភពធម្មជាតិ ដោយជំរុញ និងលើកទឹកចិត្តឱ្យប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក តាមរយ:ការធ្វើកិច្ចសន្យាផលិតប្រមូលទិញពីកសិករ ដើម្បីកាត់បន្ថយការនាំចូល។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនគួរបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬក៏ត្រូវចុះកិច្ចសន្យាជាមួយអ្នកផលិត ដើម្បីផ្សព្វផ្សាយពូជ និងបច្ចេកទេស ក៏ដូចជាធ្វើការពិសោធគុណភាពចំណី។
លោកបានបន្តថា ក្រុមហ៊ុនត្រូវខិតខំពង្រីកសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទ ដើម្បីស្រូបយកឱ្យបានកាន់តែច្រើនទាំងធនធានមនុស្ស ធនធានចំណេះដឹង បទពិសោធ និងធនធានវត្ថុធាតុដើម។
លោក ចាន់ គឹមរិទ្ធី អគ្គនាយកនៃក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច បានលើកឡើងថា ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុន រួមទុនថ្មីមួយ។
លោកបានបន្ថែមថា ឆន្ទ:ចម្បងរបស់ក្រុមហ៊ុនគឺបង្កើតរោងចក្រផលិតចំណីសត្វនៅកម្ពុជាមួយដែលឆ្លើយតបតាមស្តង់ដាទំនើប មានអនាម័យ និងគោរពតាមបទដ្ឋាន ISO 22000 ព្រមទាំងធ្វើអាជីវកម្មផលិតផលអាហារបំប៉នសត្វ ដើម្បីបម្រើឱ្យអនុវិស័យផលិតកម្មសត្វនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
លោក គឹមរិទ្ធី បញ្ជាក់ថា៖ «ក្រុមហ៊ុនបានសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧១៥៤ ម៉ែត្រការ៉េ មានសមត្ថភាព ផលិតចំណីសត្វគ្រប់ប្រភេទចំនួន ១៥ ០០០ តោនក្នុង ១ ខែ និងមានកម្មករបម្រើការចំនួន ៥២ នាក់ ព្រមទាំងមានផែនការផលិតចំណីសត្វ ១៨ ម៉ឺនតោនក្នុង ១ ឆ្នាំ។
តាមមន្ត្រីក្រុមហ៊ុន វត្ថុធាតុដើមក្នុងស្រុកដែលក្រុមហ៊ុនប្រើគឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មម៉ដ្ឋ កាកដូង កាកស្រាបៀរ និងម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិតភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប។ ២០ ភាគរយនៃថាមពលដែលប្រើប្រាស់ក្នុងរោងចក្រគឺបានពីប្រភពថាមពលពន្លឺព្រះអាទិត្យ។ ទិសដៅអនាគតក្រុមហ៊ុននឹងបង្កើតរោងចក្រនៅខេត្តបាត់ដំបងមួយទៀតដែលជាខេត្តផលិតវត្ថុធាតុដើមសំខាន់មួយ»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលដែលមានរោងចក្រផលិតចំណីសត្វកាន់តែច្រើនគឺកាន់តែល្អ សម្រាប់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ដោយសារតែមានការប្រកួតប្រជែងតម្លៃគ្នាជំរុញឱ្យវិស័យផលិតកម្មសត្វមានការរីកចម្រើន។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នចំណីសត្វនាំចូលកំពុងមានការឡើងថ្លៃប្រមាណ ២០ ភាគរយធៀបនឹងតម្លៃពីមុន ដូចនេះបើសិនជាមានរោងចក្រផលិតក្នុងស្រុកកាន់តែច្រើន កសិករនឹងអាចទិញក្នុងតម្លៃមួយសមរម្យ។ ម្យ៉ាងវិញទៀត មានរោងចក្រកាន់តែច្រើនក៏អាចមានលទ្ធភាពស្រូបយកផលិតផលកសិកម្ម ដែលជាវត្ថុធាតុដើមផលិតរួមមាន ដំឡូងមី ពោតក្រហមជាដើមកាន់តែច្រើន ដើម្បីជួយបង្កើនទីផ្សារដល់កសិករផងដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោក ស្រ៊ុន ពៅ បានលើកឡើងថា ចំណីសត្វនៅក្នុងស្រុកនៅមានតម្លៃថ្លៃជាងចំណីសត្វដែលបាននាំចូលពីប្រទេសជិតខាងទៅទៀត ដោយសារតែការចំណាយថ្លៃដើមខ្ពស់លើប្រព័ន្ធទឹក និងអគ្គិសនីដែលមានតម្លៃថ្លៃ។ ព្រោះហេតុនោះ កសិករភាគច្រើននៅតែប្រើប្រាស់ចំណីនាំចូលដដែល។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតចំណីសត្វប្រមាណជាង ២០ នៅទូទាំងប្រទេស៕LA