ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណង TS១១ ដែលស្ថិតក្នុងចំណោមផែរណប ៧ ផ្សេងទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៨៥ ភាគរយហើយ ដោយគ្រោងបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការផ្លូវការនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីកាត់បន្ថយពេលវេលា និងតម្លៃដឹកជញ្ជូន និងទទួលទំនិញឆ្លងកាត់មកពីបណ្តាខេត្តនានារបស់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែមេសាថា ក្រោយដាក់ឱ្យដំណើរការជាផ្លូវការកំពង់ផែរណបនេះ (ដើមខែកក្កដា) ក្រសួងក៏នឹងត្រៀមដាក់ឱ្យដំណើរការផែរណបផ្សេងទៀតក្នុងរយៈពេល ៣ ឬ ៤ ខែ ទៅមុខទៀតដូចជា ផែព្រែកអញ្ចាញ, ផែព្រែកក្តាម, ផែទន្លេបិទ នៅខេត្តកំពង់ចាម, ផែឆ្លូង នៅខេត្តក្រចេះ និងផែកំពង់ឆ្នាំងជាបន្តបន្ទាប់ទៀត។ លោកបន្តថា គម្រោងអភិវឌ្ឍន៍កំពងផែរណបពហុបំណង TS១១ នៅភ្នំពេញនេះ គឺជាផែនការ និងជាផ្នែកមួយឈានទៅរកការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅកម្ពុជាឱ្យបានកាន់តែច្រើន។ ផែរណប TS១១ នេះអាចទទួលបានពី ៦-៩ ម៉ឺន TEUs និងបង្កើតការងារបានជាច្រើន កាត់បន្ថយ ការដឹកទំនិញតាមផ្លូវគោក កាត់បន្ថយថវិកា និងពេលវេលាបានមួយកម្រិតទៀត។
បើតាម លោក ចាន់ថុល នេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកកាន់តែច្រើនតាមដែលអាចធ្វើបាន។ ជាមួយគ្នានេះបណ្តាប្រទេសនៅជិតខាងកម្ពុជា ក៏បានប្រើប្រាស់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសគេផងដែរ។
លោកថ្លែងថា៖ «ប្រទេសខាងលើក៏ប្រើប្រាស់ទឹកអភិវឌ្ឍន៍ប្រទេសគេ និងប្រទេសខាងក្រោមក៏គេប្រើទឹកអភិវឌ្ឍន៍ប្រទេសគេដែរ។ ដូច្នេះយើងក៏មានលទ្ធភាពដើម្បីប្រើប្រាស់ទឹកទន្លេមេគង្គ ដើម្បីដឹកជញ្ជូនទំនិញដែរ។ យើងមានផែនការសាងសង់កំពង់ផែរណបចំនួន ៧ ដើម្បីឱ្យងាយស្រួលប្រមែប្រមូលទំនិញទូទាំងប្រទេសឱ្យចូលមកកំពង់ផែភ្នំពេញ ហើយយកទៅលក់នៅបរទេស និងចែកចាយទីផ្សារក្នុងស្រុក»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការសាងសង់ផែរណបនឹងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកកើនឡើងដែលនេះជាប្រភពធ្វើឱ្យការចំណាយនៅក្នុងការដឹកជញ្ជូនក្នុងប្រទេសចុះថោក និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។
លោកបន្តថា ការដាក់ចេញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំប្រព័ន្ធដឹកជញ្ជូន និងការរៀបចំកំពង់ផែរណបជាច្រើននៅតាមទន្លេមេគង្គនេះ គឺបានលើកកម្ពស់ឱ្យការប្រកួតប្រជែងឱ្យមានការរីកចម្រើន និងអាចមានលទ្ធភាពដណ្តើមឈ្នះប្រទេសជិតខាងក្នុងតំបន់ ខណៈដែលប្រទេសវៀតណាមបានធ្វើរួចហើយ និងទទួលជោគជ័យចំពោះផែនការដឹកជញ្ជូនតាមផ្លូវទឹកនេះ។
លោកថ្លែងថា៖ «ការតភ្ជាប់ប្រព័ន្ធផ្លូវទឹក ការរៀបចំចំណត និងការរៀបចំតភ្ជាប់ពីទន្លេមេគង្គទៅកំពត កែប ព្រះសីហនុ និងកោះកុង និងតំបន់ផ្សេងទៀត គឺជាចំណុចយុទ្ធសាស្ត្រនៃការដឹកជញ្ជូន និងទម្លាក់ថ្លៃដើមឱ្យកាន់តែទាបសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជំរុញលទ្ធភាពក្នុងការប្រកួតប្រជែងកាន់តែខ្លាំងក្លា»។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (PPA-P) បាននិយាយកាលពីចុងខែមីនាថា ជាមួយស្ថានភាពធូរស្រាលនៃការរីករាលជំងឺកូវីដ ១៩ ដោយសារតែអត្រានៃការចាក់វ៉ាក់សាំងទាំងក្នុងតំបន់ និងពិភពលោកកើនឡើងខ្ពស់បានបង្កើតភាពស៊ាំក្នុងសហគមន៍ធ្វើឱ្យបណ្តាប្រទេសនានាបានបើកសេដ្ឋកិច្ចទូលំទូលាយជាងមុន ដែលជាកត្តានឹងធ្វើឱ្យសកម្មភាពទំនិញឆ្លងកាត់ផែ កាន់តែមានសកម្មភាពខ្លាំងជាងមុនជាលំដាប់៕ LA