ភ្នំពេញៈ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីលើកដំបូងរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលស្ថិតនៅផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងកំណើនការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។
លោក Pongtorn Tangmanuswong ប្រធានក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត បានលើកឡើងថា ការសម្ពោធដាក់ឱ្យដំណើរការស្ថានីយប្រេងឥន្ធនៈកាល់តិច ទី ៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី ១ នេះគឺស្ថិតនៅក្នុងដំណាក់កាលរីកចម្រើនថ្មីមួយទៀតក្នុងការផ្តល់សេវារបស់ខ្លួននៅកម្ពុជា ជាពិសេសជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើននៅក្នុងពេលបច្ចុប្បន្នក៏ដូចជានាពេលអនាគត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ក្រុមហ៊ុន កាល់តិចបានដាក់ទិសដៅពង្រីកស្ថានីយផ្តល់សេវារបស់ខ្លួនឱ្យបាន ១០០ ស្ថានីយក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ ជាពិសេសការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។
តាមរយៈការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន នៅពេលនេះ លោក ចាន់ថុល មានជំនឿថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់ ៣ ដំណើរការដោយថាមពលអគ្គិសនីនឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគត នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងនៅទូទាំងប្រទេស។
លោកថ្លែងថា៖ «ការប្រើប្រាស់រថយន្តអគ្គិសនី គឺមិនបំពុលផ្សែងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោកជាពិសេសការចំណាយក៏វាថោកជាង ៣ ដងបើធៀបជាមួយនឹងការចាក់សាំង។ មួយវិញទៀត ការប្រើប្រាស់រថយន្តអគ្គិសនី ក៏ស្របនឹងកម្ពុជាដែលបានប្តេជ្ញាកាត់បន្ថយបំពុលបរិយាកាស CO2 ត្រឹម ២៧ ភាគរយនៅឆ្នាំ ២០៣០ និងកម្រិតសូន្យឆ្នាំ ២០៥០»។
លោកបានលើកឡើងទៀតថា ជាមួយគ្នានេះរដ្ឋាភិបាលក៏បានបញ្ចុះតម្លៃនាំចូលរថយន្តអគ្គិសនីប្រមាណ ៥០ ភាគរយផងដែរបើធៀបនឹងការនាំចូលរថយន្តប្រើប្រេងឥន្ធនៈផ្សេងទៀតដែលនេះនឹងជំរុញឱ្យមានការវិនិយោគ និងការប្រើប្រាស់រថយន្តអគ្គិសនីនេះនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានឱ្យដឹងដែរថា ចំពោះការដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ក្រុមហ៊ុនអាមេរិកនៅពេលនេះ គឺជាសញ្ញាល្អមួយសម្រាប់ប្រទេសកម្ពុជាដែលឈានទៅរកការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន។
លោកបានបន្ថែមថា កម្ពុជា គឺប្រទេសដែលមានសក្តានុពលទីផ្សារ និងសេដ្ឋកិច្ចរីកលូតលាស់ល្អ ដោយមានទាំងប្រជាជន និងយុវជនវ័យក្មេងច្រើនបានធ្វើឱ្យអាមេរិក ក៏ដូចជាក្រុមហ៊ុនរបស់ខ្លួនបាននាំមកនូវគុណភាពល្អ សេវាល្អ និងស្តង់ដាក្នុងប្រទេសកម្ពុជា។
លោកនិយាយថា៖ «កម្ពុជា គឺជាប្រទេសមានបរិយាកាសវិនិយោគល្អប្រសើរដោយក្នុងនោះបាននាំចូលនូវក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុន កូកាកូឡា ក្រុមហ៊ុនរថយន្ត Ford ដែលមានរោងចក្រនៅក្នុងខេត្តពោធិ៍សាត់ Starbucks និងក្រុមហ៊ុនផ្សេងទៀត។ ទាំងនេះគឺជាការរីកចម្រើន»៕ LA
វីដេអូ៖