ភ្នំពេញៈ ចិន ឈរលំដាប់ទី ១ ក្នុងចំណោមប្រទេសទាំង ៦ ដែលវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេបើគិតត្រឹមចុងឆ្នាំ ២០២១ ខណៈការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារ កើនជាង ១១ ភាគរយ បើធៀបនឹងចុងឆ្នាំ ២០២០។
យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា នៅបន្តភាពរឹងមាំដោយមានទំហំទឹកប្រាក់ ១៦៨,៨ ពាន់ពាន់លានរៀល ឬស្មើនឹង ៤១ ពាន់លានដុល្លារ កើន ១១,២ ភាគរយធៀបចុងឆ្នាំ ២០២០ ដែលការវិនិយោគដោយផ្ទាល់នេះមានការគាំទ្រដោយវិនិយោគពីប្រទេសចិនកូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និងម៉ាឡេស៊ី។ ប្រទេសទាំងនេះភាគច្រើនវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន កសិកម្ម និងសំណង់។ ចិនបានវិនិយោគភាគច្រើនទៅលើវិស័យកម្មន្តសាល ដែលជាវិស័យស្រូបទាញការវិនិយោគលំដាប់ទី ២ បន្ទាប់ពីហិរញ្ញវត្ថុ ដែលមានប្រមាណជាង ៣០ ភាគរយនៃការវិនិយោគសរុបរបស់ខ្លួននៅកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនការវិនិយោគផ្ទាល់បរទេសនៅកម្ពុជាកាលពីឆ្នាំ ២០២១ គឺជាលទ្ធផលដែលគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសប្រមុខរដ្ឋាភិបាលដែលតែងកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។
លោកបានបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាំងមុនពេលកូវីដ ១៩ រហូតមកដល់ពេលនេះភាគច្រើនបានពីការវិនិយោគផ្ទាល់ពីក្រុមហ៊ុនចិន ដោយក្រៅពីរាជធានីភ្នំពេញ វិនិយោគិនចិន ក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុតាមរយៈការវិនិយោគទៅលើវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀត ដែលជួយឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការល្អ។
លោកបញ្ជាក់ថា៖ «ចំពោះការវិនិយោគនេះកម្ពុជាមិនមានការរើសអើងទេ ដោយយើងទទួលរាល់វិនិយោគិនដែលចង់វិនិយោគដោយស្របច្បាប់មិនត្រឹមតែចិននោះទេ។ បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង យើងឃើញថា ជប៉ុនជាប្រទេសដែលមានលទ្ធភាពច្រើនក្នុងការវិនិយោគផ្ទាល់នៅកម្ពុជា។ មួយទៀតប្រទេសឥណ្ឌា ក៏មានសេដ្ឋកិច្ចធំ និងរីកលូតលាស់ដែលអាចឱ្យយើងចាប់យកឱកាសវិនិយោគជាមួយប្រទេសនេះបាន ខណៈថ្នាក់ដឹកនាំប្រទេសយើងកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាផងដែរ»។
ដើម្បីបន្តពង្រីកការវិនិយោគដោយផ្ទាល់ពីបរទេសនេះថែមទៀត លោក លឹម ហេង បានអះអាងថា នៅខែក្រោយ (ខែឧសភា) គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាធុរកិច្ច និងវិនិយោគជាមួយសភាពាណិជ្ជកម្មញូវយ៉កដែលគ្រោងនឹងមកកម្ពុជាស្វែងរកឱកាសវិនិយោគ។ ដោយឡែកនៅខែមិថុនា សភាពាណិជ្ជកម្មកម្ពុជានឹងបើកការិយាល័យតំណាងនៅប្រទេសកាណាដា ហើយពេលនោះលោក និងក្រុមការងារ នឹងជួបពិភាក្សាជាមួយអ្នកវិនិយោគក្នុងប្រទេសនេះផងដែរ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ឱ្យដឹងដែរថា នេះជាសុទិដ្ឋិនិយមមួយក្នុងចរន្តសេដ្ឋកិច្ច ស្របពេលដែលកម្ពុជា ត្រូវបានគេរំពឹងថា ជាប្រទេសដែលមានការថមថយការរីករាលដាលកូវីដ ១៩ មុនគេតាមរយៈការចាក់វ៉ាក់សាំង។
លោកបន្ថែមថា កត្តានេះធ្វើឱ្យអ្នកវិនិយោគពីបរទេសបង្វែរការចាប់អារម្មណ៍មកប្រទេសកម្ពុជា និងបានសុំសិទ្ធិវិនិយោគនៅកម្ពុជាដោយផ្ទាល់ ដែលនេះជាការលើកទឹកចិត្តពលរដ្ឋកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការចូលបម្រើការទៅតាមជំនាញ និងឯកទេសដែលខ្លួនមាន។
លោកបញ្ជាក់ថា៖ «កំណើននេះអាចលើកកម្ពស់ឱ្យមានចរន្តសេដ្ឋកិច្ចដែលផលិតក្នុងស្រុក និងជំរុញការនាំចេញឱ្យច្រើនជាងមុន។ យើងឃើញថា ចិននៅតែវិនិយោគច្រើន ទោះមានវិបត្តិកូវីដ ១៩ ហើយក្រៅពីចិន អាចថាជប៉ុន និងកូរ៉េ ដោយប្រទេសទាំង ២ នេះនឹងជួយទាញបរិយាកាសនៃការវិនិយោគឱ្យមានតុល្យភាព និងមានភាពងាយស្រួលជាងមុន»។
បើតាមរបាយការណ៍ដដែល ការវិនិយោគផ្ទាល់លើវិស័យហិរញ្ញវត្ថុ មានទឹកប្រាក់ ៩,៤ ពាន់លានដុល្លារ, កម្មន្តសាល ៨,៥ ពាន់លានដុល្លារ, អចលនទ្រព្យ ៤,៩ ពាន់លានដុល្លារ, សណ្ឋាគារ និងភោជនីយដ្ឋាន ៤,៤ ពាន់លានដុល្លារ, កសិកម្ម ៤,២ ពាន់លានដុល្លារ, អគ្គិសនី ២,៦ ពាន់លានដុល្លារ, សំណង់ ១,៦ ពាន់លានដុល្លារ និងវិស័យផ្សេងៗទៀតមានចំនួន ៥,៣ ពាន់លានដុល្លារ៕ LA