ភ្នំពេញៈ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសរយៈពេលជិត ៤ ខែមានបរិមាណសរុបជាង ៤ លានតោន កើនជិត ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើតាមក្រសួងកសិកម្ម។
ទិន្នន័យបង្ហាញថា ទោះពិភពលោកកំពុងបន្តទទួលរងឥទ្ធិពលអវិជ្ជមានពីវិបត្តិកូវីដ ១៩ និងវិបត្តិសង្គ្រាមនៅប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ ក៏ការនាំចេញកសិផលកម្ពុជានៅតែរក្សាបានភាពល្អប្រសើរដដែល ដោយក្នុងរយៈពេលជិត ៤ ខែ (ដើមខែមករា ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២) មានបរិមាណសរុប ៤ ០៤០ ៧០៣,៦៩ តោន កើនឡើង ២១៤ ២៧០,៨៤ តោន ស្មើនឹង ៥,៦០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះការនាំចេញអង្ករ ស្រូវ ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនទៀត មានការកើនឡើងគួរឱ្យកត់សម្គាល់។
យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម កត់សម្គាល់ឃើញថា ការនាំចេញកសិផលស្រស់មួយចំនួនដូចជា ផ្លែចេកស្រស់ និងស្វាយស្រស់ មានការថយចុះ ពិសេសការនាំចេញទៅទីផ្សារប្រទេសចិន។ ការធ្លាក់ចុះនេះត្រូវបានលើកឡើងថា បណ្តាលមកពីកត្តាមួយចំនួនដូចជា កង្វះទូត្រជាក់សម្រាប់ផ្ទុកកសិផល និងការរឹតបន្ដឹងការត្រួតពិនិត្យទំនិញ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ស្របតាមយុទ្ធសាស្ត្រគ្មានការឆ្លងរាលដាលជំងឺកូវីដ ១៩ ពីប្រទេសខាងក្រៅនៅតាមបណ្តាច្រកទ្វារនាំចូលប្រទេសចិន-វៀតណាម ការរឹតបន្ដឹងលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យដែលបណ្តាលមកពីការរកឃើញកូវីដ ១៩ នៅលើសម្បកកេសវេចខ្ចប់ផ្លែចេកពីសំណាក់អាជ្ញាធរគយចិនជាពេលកន្លងមក។
ក្រសួងកសិកម្មបានបញ្ជាក់ថា ការនាំចេញកសិផលទៅកាន់ទីផ្សារក្រៅប្រទេសតែងមានការប្រែប្រួលដែលជាការសម្រេចចិត្តរបស់ផ្នែកឯកជន ដើម្បីឆ្លើយតបទៅនឹងកត្តាទីផ្សារ រីឯក្រសួងកំពុងខិតខំជំរុញការងារផលិតកម្មឱ្យកាន់តែមានភាពរីកចម្រើនទៅមុខប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របតាមលក្ខខណ្ឌតម្រូវនៃប្រទេសនាំចូល ព្រមទាំងខិតខំចរចាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញកសិផលទាំងនោះទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានកាន់តែច្រើន។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេមបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសចិន បានធ្វើឱ្យមានការរអាក់រអួលដល់ការនាំចេញផលិតផលកសិកម្មទៅប្រទេសនេះ ពិសេសផ្លែចេកស្រស់ និងស្វាយ កំពុងមានបញ្ហា ដោយសារតែការរឹតបន្តឹងនៅតាមកំពង់ផែរបស់ប្រទេសចិន បានបណ្តាលឱ្យទូកុងតឺន័រមួយចំនួនពីវៀតណាម មិនអាចចូលទៅចិនបាន។
លោកបន្ថែមថា ការនាំចេញចេកស្រស់ ក៏ដូចជាកសិផលដទៃទៀតទៅប្រទេសដទៃទៀត ហាក់ដូចជានៅទ្រឹង ដោយសារប្រទេសចិននៅតែបិទខ្ទប់ ហើយវៀតណាមនៅតែមានការផ្ទុះឆ្លងរីករាលដាលកូវីដ ១៩ ចំនួនច្រើន ដែលតម្រូវការចេញចូលនៅតាមកំពង់ផែមានកម្រិត ជាពិសេសនៅប្រទេសចិន។
តាមការប៉ាន់ស្មានរបស់លោក ហ៊ុន ឡាក់ ការនាំចេញផ្លែចេកស្រស់កម្ពុជាអាចនឹងនៅបន្តជួបស្ថានភាពបែបនេះដដែល ពោលគឺមិនមានការកើនឡើងទេ ព្រោះចាប់ពីខែឧសភា ប្រទេសចិនដល់ពេលប្រមូលផលផ្លែឈើស្រស់ ដែលនឹងធ្វើឱ្យប្រទេសនេះកាត់បន្ថយការនាំចូលផ្លែឈើពីប្រទេសដទៃ។
លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិនៃនាយកដ្ឋាននាំចេញកសិផលនៃក្រុមហ៊ុនអង្គរ ហ្គ្រីន បាននិយាយថា ការនាំចេញស្វាយរបស់ក្រុមហ៊ុននៅឆ្នាំនេះមានការធ្លាក់ចុះខ្លាំង ដោយសារក្រុមហ៊ុនមិនអាចនាំចេញស្វាយទៅប្រទេសចិន ដែលធ្វើបាត់បង់ចំណែកទីផ្សារចិនទាំងស្រុង។
លោកបន្តថា បន្ទាប់ពីបាត់បង់ទីផ្សារចិន អង្គរ ហ្គ្រីន បានប្រឹងប្រែងនាំចេញទៅទីផ្សារប្រទេសជិតខាងកម្ពុជាគឺថៃ និងវៀតណាម ខណៈទីផ្សារផ្សេងទៀត ក្រុមហ៊ុនមិនអាចបង្វែរទៅលក់ភ្លាមៗបានទេ ដោយត្រូវការពេលវេលា ដើម្បីរៀបចំ។ ម្យ៉ាងវិញទៀតវិបត្តិកូវីដ ១៩ នៅតែបន្តកើតមានដដែលស្របពេលដែលជិតផុតរដូវស្វាយហើយ ដោយត្រូវរង់ចាំរហូតដល់ត្រីមាសទី ៤ ទើបអាចនាំចេញបានទៀត។
លោកបញ្ជាក់ថា៖ «នៅចុងឆ្នាំនេះ យើងក៏រង់ចាំមើលស្ថានភាពទីផ្សារ និងការដាំដុះរបស់កសិករថាតើពួកគាត់នឹងកាត់បន្ថយការដាំដុះស្វាយច្រើនកម្រិតណា សម្រាប់នាំចេញនៅចុងឆ្នាំ។ ដូចនេះ យើងមិនទាន់ប្រាកដថានៅចុងឆ្នាំ ២០២២ នេះ ការនាំចេញរបស់យើងនឹងប្រសើរឡើងវិញ ឬក៏យ៉ាងណានោះទេ»៕ LA