ភ្នំពេញៈ គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៣ ដែលមានទុនវិនិយោគសរុប ១៨,៨ លានដុល្លារ និងបង្កើតការងាបាន ២ ០០៥ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមឱ្យវិនិយោគនៅចុងសប្តាហ៍នេះ។
យោងតាម CDC គម្រោងវិនិយោគទាំង ៣ នេះរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Orient Hongye (Cambodia) Knitting Co., Ltd នៅផ្លូវណតប្រ៊ីត សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ មានទុនវិនិយោគ ៣ លានដុល្លា បង្កើតការងារបាន ៥១៤ កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន Kylin (Cambodia) Sports Co., Ltd. នៅផ្លូវជាតិលេខ ២ សង្កាត់រលួស ខណ្ឌដង្កោ មានទុនវិនិយោគ ៥,៣ លានដុល្លារ បង្កើតការងារបាន ៧១៤ កន្លែង និងចុងក្រោយគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទរបស់ក្រុមហ៊ុន Spearhead Commodities (Cambodia) Co., Ltd. នៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ១០,៥ លានដុល្លារ និងអាចបង្កើតការងារបាន ៧៧៧ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរួចមក នៅពេលនេះចំនួនគម្រោងវិនិយោគដែលដាក់ពាក្យស្នើសុំ និងទទួលបានការអនុម័តពី CDC កើនឡើងជាបន្តបន្ទាប់។ ការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិនក្នុងស្រុក និងមកពីក្រៅប្រទេសក្នុងការចូលមកបណ្តាក់ទុននៅកម្ពុជាអាចបណ្តាលមកពីការរួមផ្សំមួយចំនួនដូចជា កត្តាច្បាប់វិនិយោគថ្មីដែលមានលក្ខណៈងាយស្រួល និងមានភាពទាក់ទាញ, សុខភាពសាធារណៈនៅកម្ពុជាមានភាពល្អប្រសើរ និងចៀសឆ្ងាយពីជំងឺផ្សេងៗ, កម្លាំងពលកម្មមានតម្លៃសមរម្យ និងសម្បូរ និងមានទីផ្សារជាមួយប្រទេសធំៗជាច្រើនលើពិភពលោក។ លោកបន្ថែមថា កំណើននៃការបណ្តាក់ទុនវិនិយោគបាននឹងកំពុងផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់ថា៖ «កម្ពុជាកំពុងក្លាយជាកន្លែងបណ្តាក់ដ៏ពេញនិយម ព្រោះការវិនិយោគនៅទីនេះនឹងទទួលផលចំណេញជាច្រើនទាំងលើចង្វាក់ផលិតកម្ម ក៏ដូចជាការនាំចេញ ព្រោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនលើពិភពលោក»។
អគ្គលេខាធិការក្រុប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្ដាសោភា កន្លងមកបាននិយាយថា កម្ពុជាគឺជាប្រទេសដែលមានកាលានុវត្តភាពច្រើនសម្រាប់ការវិនិយោគ ខណៈកម្ពុជាក៏ទើបបានដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីវិនិយោគថ្មីដែលមានភាពទាក់ទាញ និងអំណោយសម្រាប់ការចូលមកបណ្តាក់ទុន។
លោកបានថ្លែងថា៖ «តាមរយៈការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព និងទាន់ពេលវេលាទាំងនេះហើយ ទើបកម្ពុជាអាចបើកដំណើរការប្រទេសពេញលេញ និងឈានដល់ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»៕