ភ្នំពេញៈ ភ្ញៀវទេសចរអន្តរជាតិជិត ១៦ម៉ឺននាក់បានធ្វើដំណើរចូលមកកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើង ១២៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះជាង ៥៤ភាគរយ បានចូលមកកម្ពុជាតាមផ្លូវអាកាស។ នេះបើយោងតាមក្រសួងទេសចរណ៍។
ទិន្នន័យក្រសួងទេសចរណ៍ នាចុងសប្តាហ៍នេះបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១៥៩ ៥៤៦នាក់ កើនពីចំនួន ៧០ ៩០១នាក់នារយៈពេលដូចគ្នាឆ្នាំ២០២១ ឬស្មើនឹង ១២៥ភាគរយ។ ក្នុងចំណោមនោះ ភ្ញៀវចូលតាមអាកាសយាន្តដ្ឋានអន្តរជាតិទាំង ៣ មានចំនួន ៨៦ ៩៧៦នាក់ កើនឡើង ១៥៩,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ និងតាមផ្លូវគោក និងទឹក មានចំនួន ៧២ ៥៧០នាក់ កើនឡើង ៩៤,២ភាគរយ។
បើតាមក្រសួងទេសចរណ៍ ភ្ញៀវទេសចរវៀតណាម បានចូលមកកម្ពុជាច្រើនជាងគេដោយមានចំនួន ៤៦ ៣០៣នាក់ កើនឡើង ១១៩៩,៩ភាគរយ, ថៃ ៣៩ ៦១៥នាក់ កើន ១២,២ភាគរយ, ចិន ៩ ៧៥៣នាក់ ធ្លាក់ចុះ ៥៩,១ភាគរយ, អាមេរិក ៨ ៨២០នាក់ កើន ៨៧៦,៧ភាគរយ, ឥណ្ឌូនេស៊ី ចំនួន ៨ ៥៧៨នាក់ កើន ២៦៨ភាគរយ ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា បារាំង, កូរ៉េខាងត្បូង, ម៉ាឡេស៊ី, និងចក្រភពអង់គ្លេស ជាដើម។
កំណើនភ្ញៀវទេសចរបរទេសចូលកកម្ពុជា បានចាប់ផ្តើមរើបឡើងវិញជាបន្តបន្ទាប់ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយសារការផ្ទុះរាលដាលនៅកម្កពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ភាពល្អប្រសើរនៃយុទ្ធនាការចាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ និងចំនួននៃការឆ្លងស្ថិតក្នុងកម្រិតទាប បានជួយទាក់ទាញភ្ញៀវ និងវិនិយោគិនបរទេសជាច្រើនឱ្យចូលមកកម្ពុជា ពិសេសចាប់ពីដើមឆ្នាំ២០២២ មក។ លោកស្រីលើកឡើងទៀតថា និន្នាការនេះនឹងបន្តកើនឡើងច្រើនបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។
លោកស្រីប្រាប់ថា៖«ចាប់តាំងពីចុងឆ្នាំ២០២១ មកមិនត្រឹមតែភ្ញៀវទេសចរអន្តរជាតិកើនឡើងវិញជាបណ្តើរៗនោះទេ សូម្បីតែចំនួនក្រុមហ៊ុនយន្តហោះដែលផ្អាកសកម្មភាពហោះហើរក៏បាននាំគ្នាមកដាក់ពាក្យស្មើសុំហោះហើរផងដែរ»។
កាលពីឆ្នាំ២០២១ កន្លមកកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៩៦ ៤៩៥នាក់ ថយចុះ ៨៥ភាគរយ ធ្លាក់ចុះ ៨២ភាគរយធៀបនឹងឆ្នាំ២០២០។