
កំពង់ផែពហុបំណងតម្លៃ $១,៥ ពាន់លាន គ្រោងបើកដំណើរការឆ្នាំ ២០២៥។ រូប MPWT
កំពតៈ មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងកម្រិតអន្តរជាតិតម្លៃប្រមាណ ១ ៥០០ លានដុល្លារអាមេរិកដែលវិនិយោគដោយក្រុមហ៊ុន កំពត ឡូជីស្ទិក អេន ផត ឯ.ក បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ ដោយមានទីតាំងនៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឱ្យដឹងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងនេះកាលពីថ្ងៃទី ៥ ខែឧសភាថា មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងនេះនឹងត្រូវសាងសង់លើផ្ទៃដីកម្មសិទ្ធិទំហំ ៦០០ ហិកតា និងមានជម្រៅទឹក ១៥ ម៉ែត្រដែលអាចឱ្យនាវាចំណុះ ១០ ម៉ឺនតោនចូលចតបាន។
លោកបន្តថា ការសាងសង់មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងនេះ គឺជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរុងរឿងបន្ថែមទៀត និងជួយឱ្យកម្ពុជាឈានទៅសម្រេចផែនការក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៥០។ មជ្ឈមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនឹងដើរតួនាទីដ៏សំខាន់ក្នុងការជួយរៀបចំឱ្យមានភ័ស្តុភារកម្ម តំបន់សេដ្ឋកិច្ចពិសេស និងជាមជ្ឈមណ្ឌលប្រេងឥន្ធនៈ និងឧស្ម័ននៅកម្ពុជា។
លោកថ្លែងថា៖ «កំពង់ផែនេះ នឹងបំពេញបន្ថែមការងារកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ នៅពេលដែលដឹកជញ្ជូនតាមទន្លេបាសាក់ គឺកំពង់ផែនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនផលិតផលកសិផលនៅទូទាំងប្រទេសចេញទៅសមុទ្រចូលកំពង់ផែពហុបំណងកំពតចេញទៅលក់នៅបរទេស»។
បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងកំពតនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ នឹងត្រូវចំណាយថវិកា ២០០ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៥។ កំពង់ផែនេះនឹងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូលបានប្រមាណ ៣០០ ០០០ TEU និងប្រមាណ ៦០០ ០០០ TEU នៅឆ្នាំ ២០៣០។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយថា មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងកំពតនឹងមានសមត្ថភាពក្នុងការចែកចាយ ស្តុក និងធ្វើភ័ស្តុភារកម្ម ទាំងទំនិញគោក និងទំនិញរាវដែលនឹងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងកាត់បន្ថយការចំណាយ ព្រមទាំងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានយ៉ាងច្រើន។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី ដែលបានចូលរួមក្នុងពិធីបញ្ចុះបឋមសីលាសាងសង់មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងនេះបានឱ្យដឹងថា មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងនេះ មានវិសាលភាពយ៉ាងធំដែលស្របទៅនឹងតម្រូវការ និងការរីកចម្រើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគត។
លោកប្រាប់ថា៖ «នៅពេលកំពង់ផែចាប់ផ្តើមប្រតិបត្តិការ វានឹងផ្តល់ផលចំណេញច្រើន ព្រោះនៅជិតរាជធានីភ្នំពេញ។ នៅពេលនេះកំពង់ផែក្រុងព្រះសីហនុក៏មានការកកស្ទះខ្លះដែរ អ៊ីចឹងកំពង់ផែនេះនឹងកាន់តែផ្តល់ភាពងាយស្រួល និងចំណេញពេលវេលា សម្រាប់ការធ្វើភ័ស្តុភារកម្មនៅកម្ពុជា»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថា ការសាងសង់មជ្ឈមណ្ឌលភ័ស្ដុភារកម្ម និងកំពង់ផែពហុបំណងនេះនឹងផ្តល់នូវសេវាច្រកចេញចូលតែមួយនៃការដឹកជញ្ជូន ដែលអាចកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទៅតាមផ្លូវសមុទ្ររបស់កម្ពុជា៕ LA
វីដេអូ៖