ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រត្តិបត្តិការជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដើម្បីលើកកម្ពស់វិស័យឯកជនក្នុងកិច្ចការពាណិជ្ជកម្ម និងគាំទ្រកិច្ចសហប្រតិបត្តិការកម្រិតតំបន់ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានចុះហត្ថលេខាដោយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ នៅសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងពាណិជ្ជកម្មឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះមានគោលដៅរួមគ្នាជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន/អាស៊ីខាងកើត; ស្នើជារបាយការណ៍អនុសាសន៍វិស័យឯកជនជូនដល់ថ្នាក់ដឹកនាំ អាស៊ាន/អាស៊ីខាងកើត និងកិច្ចសហការរៀបចំកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន និងជំរុញឱ្យក្រុមហ៊ុននានាជួយឧបត្ថម្ភកិច្ចប្រជុំកំពូលនេះ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា JETRO និងសភាពាណិជ្ជកម្មកម្ពុជា គឺមានកិច្ចសហការជាមួយគ្នានេះតាំងពីយូរណាស់មកហើយ ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យបានកាន់តែខ្លាំង។
លោក បន្តថា ភាគីទាំង ២ ក៏នឹងចូលរួមជាមួយនឹងក្រសួងពាណិជ្ជកម្មក្នុងការជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ជប៉ុនឱ្យបានចេញកាន់តែឆាប់ នៅពេលខាងមុខ។ លោកបានថ្លែងថា៖ «និយាយទៅ ស្ថាប័នទាំង ២ មានកិច្ចការងារជាច្រើនផ្សេងទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគមកកាន់កម្ពុជា និងតំបន់ ដើម្បីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង ២»។
លោក ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្ម និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុននេះ គឺការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគ ព្រោះក្រៅតែវិស័យរដ្ឋាភិបាល គឺវិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ដើម្បីជំរុញឱ្យមានការតភ្ជាប់វិស័យឯកជន និង វិស័យឯកជន ដើម្បីប្រមូលអ្នកវិនិយោគរបស់ខ្លួនស្វែងរកសក្តានុពលនៅក្នុងប្រទេសដែលជាសមាជិកទាំងនៅក្នុងតំបន់អាស៊ាន និងអាស៊ីខាងកើត។
លោកថ្លែងថា៖ «MoU នេះ វានឹងជួយច្រើនក្នុងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនគឺដើម្បីវិនិយោគ និងពាណិជ្ជកម្ម ព្រោះវិស័យឯកជន ជាអ្នកដឹងថាកន្លែងណាមានផលចំណេញ សម្រាប់ការវិនិយោគ និងផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី ពហុភាគី រួមជាមួយនឹង RCEP។ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាលក៏កំពុងជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនផដែរ»៕ LA