ភ្នំពេញៈ កម្ពុជា​នាំចេញ​ស្រូវ និង​អង្ករ​សម្រេច​បាន​ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ជាង​ ៥១៦​ លាន​ដុល្លារ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​គោលដៅ​សំខាន់ៗ​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២២​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​មេសា ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចេញ​ស្រូវ​ និង​អង្ករ​មានតម្លៃ​ទឹកប្រាក់​សរុប ៥១៦,២១ ​លាន​ដុល្លារ ដោយ​ទឹកប្រាក់​ជាង​ ១៣៩,៥៧ ​លាន​ដុល្លារ​ទទួលបាន​ពី​បរិមាណ​នាំចេញ​អង្ករ​មាន​ចំនួន ២២១ ១៣៨ តោន កើនឡើង​ ១៤,៨៨ ​ភាគរយ និង​នាំចេញ​ស្រូវ​បាន​ចំនួន ១ ៦៤៨ ៤៧៤ ​តោន​ដែលមាន​តម្លៃ​ទឹកប្រាក់ សរុប​មាន​ចំនួន ៣៧៦,៦៤ លាន​ដុល្លារ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ថ្វីដ្បិតតែ​បរិមាណ​នាំចេញ​អង្ករ មាន​កំណើន​គួរសម​ក៏ពិតមែន ទាំង​នៅ​ត្រីមាស​ទី​ ១ និង​ក្នុង​រយៈពេល​ ៤ ខែ​ដើម​ឆ្នាំនេះ ប៉ុន្តែ​ទឹកប្រាក់​ទទួលបាន​គឺ​កើនឡើង​តិចតួច​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​នៅ​ដើមឆ្នាំ​។

លោក​បាន​បន្ថែមថា តម្លៃ​ស្រូវ​នឹងមាន​ភាពល្អប្រសើរ​មក​វិញ​នៅ​ត្រីមាស​ទី​ ២ ដោយ​តម្លៃ​អាច​កើនឡើង​ប្រមាណ​ ១០ ​ភាគរយ ឬ​ច្រើនជាង​នេះ បើ​ធៀប​នឹង​តម្លៃ​ស្រូវ​នៅ​ត្រីមាស​ទី​ ១ ដោយសារតែ​សម្ទុះ​នៃ​ការបញ្ជាទិញ​ច្រើន ជាពិសេស​កំណើន​ទៅកាន់​ប្រទេស​ចិន និង​សហគមន៍​អឺរ៉ុប​។

លោក​បាន​បញ្ជាក់ថា​៖ «​កំណើន​ទៅកាន់​ប្រទេស​ចិន និង​សហគមន៍​អឺរ៉ុប​នឹង​ហក់​ឡើង​ខ្លាំង​នៅក្នុង​ត្រីមាស​ទី​ ២ ​នេះ ហើយ​យើង​នៅ​បន្ត​រក្សា​កំណើន​នេះ​ជាប់​រហូត តាម​សេចក្តី​ត្រូវការ​របស់​អ្នកបញ្ជា​ទិញ ដោយសារ​យើង​មាន​ស្រូវ​ស្តុក​ទុក ជាពិសេស​ប្រភេទ​ស្រូវ​ដែល​ទីផ្សារ​មាន​តម្រូវការ​។ ​ដូចនេះ យើង​បន្ត​ការកែច្នៃ នឹង​នាំចេញ​ទៅតាម​តម្រូវការ​ចិន និង​អឺរ៉ុប​»​។

ទោះជា​យ៉ាងណា​ក៏ដោយ លោក​បញ្ជាក់ថា ការនាំ​ចេញទៅ​ទីផ្សារ​ចិន​ហាក់​មាន​ឧបសគ្គ​ខ្លះ ដោយ​ការផ្ទុះ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​នេះ​ជាថ្មី​ម្តងទៀត ដោយ​រដ្ឋាភិបាល​ចិន​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​។

លោក​បាន​អះអាង​ថា​៖ «​យើង​មាន​បញ្ហា​ប្រឈម ដោយសារ​ប្រទេស​ចិន​មាន​ការបិទ​ខ្ទប់ ធ្វើឱ្យ​ធាតុ​ចូល​កសិកម្ម​រួមមាន​ជី និង​ថ្នាំ​កសិកម្ម រួមទាំង​សម្បក​វេច​ខ្ចប់ និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ចង្វាក់​ផលិតកម្ម​មានការ​ប៉ះពាល់​។ ​ម្យ៉ាងវិញទៀត អាច​ប៉ះពាល់​ដល់ទី​ផ្សារ​មួយចំនួន​នៅក្នុង​តំបន់​បិទខ្ទប់​របស់​ចិន ប៉ុន្តែ​បញ្ហា​នេះ មាន​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ ខណៈដែល​ខាង​សហព័ន្ធ នឹង​ពិភាក្សា​ជាមួយ​ភាគី​ចិន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការនាំ​ចេញទៅ​ទីផ្សារ​ចិន មាន​ភាពរលូន​»​។

លោក ហេង ផេង អ្នក​នាំចេញ​អង្ករ​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ដើមឆ្នាំ​នេះ រោង​ម៉ាស៊ីន​កិនស្រូវ​របស់​លោក​ប្រមូល​ទិញ និង​កិនស្រូវ​លក់បាន​ច្រើន រីឯ​តម្លៃ​ក៏បាន​ឡើង​ពី​ជាង​ ១​ លាន​រៀល ដល់​ ១,៣ ​លាន​រៀល ក្នុង ​១ ​តោន​។

លោក​បញ្ជាក់ថា​៖ «​ជាទូទៅ​ស្រូវ​នៅ​ដើមឆ្នាំ​បែបនេះ តែងតែ​លក់បាន​ថ្លៃ ដោយសារ​មិនមាន​អ្នកប្រមូល​ផល​ច្រើន​។ ប៉ុន្តែ​តម្លៃ​អាច​នឹង​ធ្លាក់ចុះ​បន្តិច​មកវិញ នៅ​អំឡុង​ខែសីហា​ខាងមុខនេះ នៅពេល​ដែល​កសិករ​ប្រមូល​ផល​បាន​ច្រើន​គ្នា​»​។

ក្រុមហ៊ុន​ចំនួន​ ៤៨ បាន​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ៥៤ ​ប្រទេស​ក្នុងអំឡុង​ពេលនេះ​។ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ​បាន ចំនួន ១១៥ ២៥៥ ​តោន​ឈរ​នៅ​លេខ​រៀង​ទី​ ១ ឬ​ស្មើនឹង​ ៥២,១២ ​ភាគរយ នៃ​ការនាំចេញ​សរុប ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦២,៧៤ លាន​ដុល្លារ ខណៈ​តំបន់​អឺរ៉ុប​មាន​បរិមាណ​ ៦៨ ៥៥៥​ តោន ឬ​ស្មើនឹង ៣១ ​ភាគរយ ទទួលបាន​ទឹកប្រាក់​ចំនួន ៥១,០២ ​លាន​ដុល្លារ​៕LA

វីដេអូ៖