ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋឆែកគ្រោងនឹងចុះអនុស្សរណ:នៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងពេលឆាប់ៗនេះលើការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២ បានជួប ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងសហការីនៅទីស្តីការក្រសួងកសិកម្ម ដោយភាគីទាំង ២ បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សាគ្នាជាជំហានបឋមក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគត ដែលក្នុងនោះមាន ដូចជា ការងារបណ្តុះបណ្តាលធនធានមនុស្ស ទាំងរយ:ពេលខ្លី និងពេលវែង ការផ្លាស់ប្តូរមន្ត្រីជំនាញឱ្យទៅធ្វើទស្សនកិច្ចសិក្សា ដើម្បីដកស្រង់បទពិសោធលើការងារអនុវត្តបច្ចេកទេសផ្ទាល់។
ក្រៅពីនេះ ភាគីទាំង ២ នឹងសហការគ្នាលើការអភិវឌ្ឍវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ, ការធ្វើទំនើបកម្មកសិកម្ម និង ការពង្រឹងសមត្ថភាពលើការកែច្នៃកសិផលផងដែរ។
លោក វេង សាខុន បានថ្លែងថា ក្រោយភាគីទាំង ២ ឯកភាពគ្នារៀបចំឯកសារ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំង ២ ហើយសង្ឃឹម ថានឹងឈានទៅអនុវត្តលើខ្លឹមសារ MoU នេះឱ្យចេញជាផ្លែផ្កា ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំង ២ នាពេលឆាប់ៗនេះ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «នាពេលអនាគតដ៏ខ្លី កិច្ចសហប្រតិបត្តិការនេះនឹងលេចចេញជារូបរាង និងទទួលបានជោគជ័យ ជាពិសេសគឺភាគីកម្ពុជាផ្ទាល់ដែលកំពុងត្រូវការកសាងធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាល ការលើកកម្ពស់គុណភាព និងផលិតភាពផលិតកម្មកសិកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញ និងជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប»។
បើយោងតាមលោករដ្ឋមន្ត្រី វេង សាខុន រដ្ឋាភិបាលឆែកដែលបានទិញអង្ករពីកម្ពុជាចំនួនជាង ៧ ០០០ តោនក្នុងឆ្នាំ ២០២១ ហើយសង្ឃឹមថាបរិមាណនេះនឹងកើនឡើងនាពេលអនាគត៕ LA