ភ្នំពេញ: ដំណើរការសាងសង់រោងចក្រថាមពលជីវម៉ាសនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដំបូងរបស់កម្ពុជាដែលវិនិយោគដោយក្រុមហ៊ុន EBCIS នឹងបញ្ចប់តាមការគ្រោងទុកក្នុងគោលបំណងលើកកម្ពស់វិស័យឯកជនប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ហើយរោងចក្រនេះនឹងរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាផងដែរ។
គម្រោងរោងចក្រថាមពលជីវម៉ាស់ ដែលមានទុនវិនិយោគ ៥,៨ លានដុល្លារ ត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុន Heine-ken នៅកម្ពុជាត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានបានពី BECIS ជាប្រតិបត្តិករថាមពលដែលមានការិយាល័យកណ្ដាលនៅប្រទេសសិង្ហបុរី។
គម្រោងនេះចាប់ផ្តើមបុកគ្រឹះតាំងពីខែធ្នូមានទីតាំងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និង គ្រោងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ ២០២២ រយៈពេល ៨ ខែ បន្ទាប់ពីពិធីចាប់ផ្ដើមដំណើរការសាងសង់។ នៅពេលបញ្ចប់គម្រោងនេះនឹងក្លាយជារោងចក្រថាមពល ជីវម៉ាសឈានមុខគេរបស់កម្ពុជា ដោយបន្ថែមសមត្ថភាពដំឡើងជាង ៩ មេហ្គាវ៉ាត់ទៅលើរោងចក្រដែលមានស្រាប់នៅកម្ពុជា។
លោក Neil Allen នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន BECIS បានឱ្យដឹងថា កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន BECIS នៅក្នុងតំបន់ទន្លេមេគង្គ។ វត្តមានរបស់ក្រុមហ៊ុន BECIS នៅកម្ពុជា បង្ហាញពីសមត្ថភាពរបស់យើងក្នុងការបម្រើអតិថិជនក្នុងតំបន់នៅក្នុងទីផ្សារទាំងអស់នៅអាស៊ីអាគ្នេយ៍។
លោក Allen បានថ្លែងថា៖ «យុទ្ធសាស្ត្រឆ្ពោះទៅកាន់ទីផ្សាររបស់យើងត្រូវបានសម្របសម្រួលយ៉ាងខ្លាំងដោយភាពជាដៃគូរបស់យើងជាមួយ Confluences។ ជំនួយរបស់ពួកគេមានសារៈសំខាន់នៅគ្រប់ជំហាននៃការអនុវត្តរបស់យើងនៅកម្ពុជា។ ការទទួលបានជា QIP គឺជាចំណុចសំខាន់មួយទៀតនៅក្នុងគម្រោងនេះ។ ការណ៍នេះនឹងអាចឱ្យយើងពង្រីកទាំងក្រុមការងារ និងសេវាកម្មរបស់យើងក្នុងស្រុក ហើយមានតួនាទីជាដៃគូរយៈពេលវែងនៃដំណោះស្រាយថាមពលនៅប្រទេសកម្ពុជា»។
លោក SoreasmeyKe Bin ប្រធានសភាពាណិជ្ជកម្មបារាំងនៅកម្ពុជាបានឱ្យដឹងថា ការសម្រេចចិត្តរបស់ CDC ក្នុងការផ្តល់គម្រោងជីវម៉ាសដល់ក្រុមហ៊ុន BECIS នូវឋានៈ QIP បង្ហាញពីនិរន្តរភាពបានក្លាយជាគន្លឹះដ៏សំខាន់ក្នុងការធានា បានសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារពិភពលោក។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បានឱ្យដឹងថា ដោយមានកាតព្វកិច្ចក្នុងការលើកកម្ពស់វិស័យឯកជនប្រកបដោយការទទួលខុសត្រូវនៅព្រះរាជាណាចក្រកម្ពុជា និងស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព CDC ផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងការលើកទឹកចិត្តដល់ការអភិវឌ្ឍគម្រោងបៃតង។
លោកលើកឡើងថា៖ «រោងចក្រជីវម៉ាសផ្តល់សក្តានុពលដ៏អស្ចារ្យ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា។ រោងចក្រជីវម៉ាស Heineken របស់ក្រុមហ៊ុន BECIS គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាគំរូដ៏ល្អឥតខ្ចោះក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ គម្រោងស្រដៀងគ្នានេះកាន់តែច្រើននឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកដល់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាជំរុញយ៉ាងសកម្ម»។
រោងចក្រជីវម៉ាសនេះនឹងដុតអង្កាមដែលមានប្រភពមកពីខេត្តព្រៃវែងក្បែរនោះ។ រោងចក្រនេះមានគោលបំណងសម្រាប់ថាមពលកម្ដៅកកើតឡើងវិញបាន ១០០ ភាគរយកាត់បន្ថយការបំភាយឧស្ម័នកាបូន ៦០ ភាគរយក្នុងផលិតម្ម ដោយសន្សំឧស្ម័នកាបូនិកបាន ១៧ ០០០ តោនក្នុង ១ ឆ្នាំ៕ LA