
ផលិតផលកាហ្វេថ្មី ២ មុខរបស់ KOFI គឺ វាយោ និងវេហា គ្រោងនាំចេញ។ ហេង ជីវ័ន
ភ្នំពេញ: សហគ្រាសលីងកាហ្វេខូហ្វី (KOFI) ប្រកាសពីផលិតផលកាហ្វេ ២ មុខបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងគ្រោងនឹងនាំចេញទៅកាន់ប្រទេសជប៉ុន និងកូរ៉េនាពេលខាងមុខ។
នៅក្នុងពិធីសម្ពោធជាផ្លូវការ សហគ្រាសលីងកាហ្វេខូហ្វី KOFI និងការប្រកាសលក់ផលិតផលកាហ្វេថ្មីគឺ វាយោ និងវេហា លោក ហ៊ឺ តារា នាយកគ្រប់គ្រងនៃសហគ្រាសលីងកាហ្វេខូហ្វី KOFI បានថ្លែងថា រាល់ផលិតផលកាហ្វេទាំងអស់របស់សហគ្រាសលីងកាហ្វេខូហ្វី KOFI សុទ្ធតែមានលាយបញ្ចូលជាមួយគ្រាប់កាហ្វេដែលដាំដុះនៅខេត្តមណ្ឌលគិរីលាយផ្សំជាមួយកាហ្វេដែលនាំចូលពីបរទេស ដើម្បីបង្កើនគុណភាពនិងរសជាតិរបស់វា ដើម្បីសម្រេចគោលបំណងផលិត ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយអាចនាំចេញទៅក្រៅប្រទេសបាន។
លោកបានបន្ថែមថា មានក្រុមហ៊ុនមួយចំនួនមកពីប្រទេសជប៉ុន និងកូរ៉េ បានទាក់ទងមកខាងសហគ្រាសលីងកាហ្វេខូហ្វីក្នុងការសាកល្បងលើរសជាតិ និងគុណភាពផលិតផលកាហ្វេ ដើម្បីអាចនាំចេញទៅកាន់ប្រទេសប្រទេសទាំង ២ នេះបាន។
លោកបានបញ្ជាក់ថា៖ «មានក្រុមហ៊ុនខ្លះដែរមកពីខាងប្រទេសជប៉ុន និងកូរ៉េ ដែលគេបានទាក់ទង ដើម្បីតេស្តរសជាតិផលិតផលកាហ្វេរបស់យើង ដើម្បីធ្វើយ៉ាងណាឱ្យយើងផលិតកាហ្វេមួយដែលល្អ និងអាចនាំចេញទៅផ្គត់ផ្គង់ទីផ្សាររបស់គេបាន។ យើងមើលឃើញថា កម្ពុជាយើងបាននាំចូលកាហ្វេពីក្រៅប្រទេសមកច្រើន ដូចនេះ ការពង្រីកខ្លួនរបស់ខូហ្វីពីសិប្បកម្មខ្នាតតូចមកជាសហគ្រាសលីងកាហ្វេដ៏ធំជាងគេនៅក្នុងស្រុកនេះ ដោយសារយើងមើលឃើញពីតម្រូវការច្រើន ចំណែកទីផ្សារក៏នៅទូលាយផងដែរ»។
លោកបានបន្តថា សិប្បកម្មលីងកាហ្វេនេះ មានបទពិសោធជាង ១៣ ឆ្នាំមក ហើយចំពោះអាជីវកម្ម។ ដោយសារកំណើនអ្នកបរិភោគកាហ្វេកើនឡើងជាបន្តបន្ទាប់ ទើបសិប្បកម្មសម្រេចពង្រីកអាជីវកម្មបន្ថែមទៀត មកជាសហគ្រាសលីងកាហ្វេខូហ្វី KOFI ដោយមានគោលដៅជួយដល់កសិករ តាមរយៈការវិនិយោគរកទីផ្សារបន្ថែមដល់អ្នកដាំដុះកាហ្វេនៅខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុនកំពុងធ្វើការជាមួយកសិករ ក្នុងការពង្រឹងគុណភាពកាហ្វេបន្ថែមទៀត។
លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះជាមោទនភាពសម្រាប់កម្ពុជា ដែលមានផលិតផលកាហ្វេជារបស់ខ្លួនឯង ដោយមានរសជាតិ និងគុណភាព មិនចាញ់ផលិតផលកាហ្វេដែលនាំចូលនោះទេ។
លោកបានបន្ថែមថា សហគ្រាសលីងកាហ្វេខូហ្វីនេះ ជាក្រុមហ៊ុនផ្គត់ផ្គង់កាហ្វេក្នុងស្រុកមួយ ដែលបានរួមចំណែកក្នុងទីផ្សារ ដែលកំពុងតែមានតម្រូវការ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ គឺមានតម្រូវការខ្ពស់លើផលិតផលកាហ្វេទាំងនេះ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំគិតថាសហគ្រាសលីងកាហ្វេខូហ្វីនេះ ជាក្រុមហ៊ុនក្នុងស្រុក ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាន ដោយសារយើងបានមើលឃើញពីចង្វាក់ផលិតកម្មប្រៀបដូចនឹងរោងចក្រមួយដែរ។ ដូចនេះ ខ្ញុំជឿថា ផលិតផលគ្រាប់កាហ្វេពីក្រុមហ៊ុននេះនឹងរួមចំណែកសំខាន់ ក្នុងការបំពេញតម្រូវការទីផ្សារ មិនចាញ់ផលិតផលនាំចូលនោះទេ»។
តាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កាលពីឆ្នាំ ២០២១ កម្ពុជាផលិតគ្រាប់កាហ្វេមានបរិមាណសរុប ៦៧៥ តោន ថយចុះជាង ២៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៩៤០ តោន៕ LA