ភ្នំពេញៈ ប្រទេសកម្ពុជារំពឹងថា កំណើននៃតម្លៃបន្ថែមសរុបក្នុងវិស័យកសិកម្មនឹងកើនពី ២២ ៧៩០ ពាន់លានរៀលក្នុងឆ្នាំ ២០១៩ ដល់ ៣១ ៨៥២ ពាន់លានរៀលនៅឆ្នាំ ២០៣០ ដែលមានអត្រា ៣ ភាគរយក្នុង ១ ឆ្នាំ បន្ទាប់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ២០២១-២០៣០។
សេចក្តីព្រាងនៃគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ២០២១-២០៣០ បានបង្ហាញថា គោលនយោបាយនេះមានបំណងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលនឹងផ្តល់នូវផលិតផលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។
លោក ស្រី វឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កំណើននៃតម្លៃបន្ថែមសរុបវិស័យកសិកម្មនឹងកើនឡើងពី ២២ ៧៩០ ពាន់លានរៀលក្នុងឆ្នាំ ២០១៩ ទៅដល់ ៣១ ៨៥២ ពាន់លានរៀលនៅឆ្នាំ ២០៣០ ដែលមានប្រមាណ ៣ ភាគរយក្នុង ១ ឆ្នាំ និងផលិតកម្មគឺត្រូវកើនពី ១ ៩៨៦ ដុល្លារក្នុង ១ ឯកតាពលកម្មកសិកម្មក្នុងឆ្នាំ ២០១៩ ដល់ ៤ ៦២៥ ដុល្លារនៅក្នុង ១ ឯកតាពលកម្មកសិកម្មនៅឆ្នាំ ២០៣០ ដែលមានអត្រាកំណើន ៨ ភាគរយក្នុង ១ ឆ្នាំ។
លោកបានបន្តថា គោលដៅយុទ្ធសាស្ត្រសេចក្តីព្រាងគោលនយោបាយនេះ មានសំខាន់ៗដូចជា លើកកម្ពស់ខ្សែចង្វាក់ផលិតកម្មកសិកម្មប្រកបដោយភាពប្រកួតប្រជែង, បង្កើនការគាំទ្រហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការសម្រួលកសិកម្មពាណិជ្ជកម្ម, បង្កើនការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ ជលផលប្រកបដោយនិរន្តរភាព, និងការពង្រឹងអភិបាលកិច្ច និងអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យកសិកម្ម។
លោកបានថ្លែងថា៖ «គោលនយោបាយនេះបានកំណត់សូចនាករ ដើម្បីជំរុញកំណើនតម្លៃបន្ថែមសរុបនៃផលិតកម្មដំណាំកើន ៣,១ ភាគរយ ក្នុង ១ ឆ្នាំ។ កំណើនតម្លៃបន្ថែមសរុបនៃផលិតកម្មសត្វកើន ២,៧ ភាគរយក្នុង ១ ឆ្នាំ។ ការនាំចេញផលិតផលកសិកម្មកែច្នៃធៀបនឹងការនាំចេញផលិតផលសរុបកើនពី ៧ ភាគរយក្នុងឆ្នាំ ២០១៩ ដល់ ១៥ ភាគរយនៅក្នុងឆ្នាំ ២០៣០»។
លោក ហ៊ុន ឡាក់ អ្នកជំនួញក្នុងវិស័យកសិកម្មកម្ពុជា និងកំពុងវិនិយោគច្រើនលើការដាំដុះដំណាំសាកវប្បកម្មជាច្រើនប្រភេទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា វាគឺជារឿងល្អ សម្រាប់វិស័យឯកជននៅពេលមានគោលនយោបាយជំរុញ និងលើកទឹកចិត្តនៅក្នុងវិស័យកសិកម្ម។
លោកបន្ថែមថា ខាងវិស័យឯកជនបានចូលរួមពិភាក្សាឆ្លងសេចក្តីព្រាងគោលនយោបាយនេះរួចហើយ ប៉ុន្តែមិនទាន់បានចូលរួមពិភាក្សាលើសម្រាប់ឯកសារព្រាងចុងក្រោយ មុននឹងឈានចូលដល់ការចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
លោកប្រាប់ថា៖ «ភាគីពាក់ព័ន្ធត្រូវចូលរួមពិនិត្យមើលថា តើខ្លឹមសារគោលនយោបាយនេះមានចំណុចគន្លឹះអ្វីខ្លះដែលអាចជួយដល់វិស័យកសិកម្ម។ យើងនឹងរង់ចាំមើលខ្លឹមសារចុងក្រោយ ហើយយើងនឹងអាចដឹងថាគោលនយោបាយនេះមានប្រយោជន៍អ្វីខ្លះសម្រាប់ការជួយដល់អ្នកវិនិយោគក្នុងវិស័យកសិកម្ម និងកសិករ»។
នៅក្នុងឯកសារសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ២០២១-២០៣០ ឱ្យដឹងថាក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ អត្រាសមាសភាគចូលរួមចំណែកនៃវិស័យកសិកម្មបានថយចុះពី ៣៣,៩ ភាគរយមកត្រឹម ២៤,៤ ភាគរយ នៅឆ្នាំ ២០២១។ ការចូលរួមចំណែកនៃអនុវិស័យកសិកម្មក្នុងវិស័យកសិកម្ម រយៈពេល ១០ ឆ្នាំកន្លងទៅបានបង្ហាញឱ្យឃើញថា ផលិតកម្មដំណាំបានរួមចំណែកធំជាងគេគឺប្រមាណពី ៥៧ ភាគរយទៅ ៥៩ ភាគរយនៃផលិតផលកសិកម្មសរុប ខណៈផលិតផលជលផលមានប្រមាណពី ២២ ទៅ ២៤ ភាគរយ ផលិតផលសត្វមានក្នុងរង្វង់ជាង ១១ ភាគរយ និងព្រៃឈើមានក្នុងចន្លោះពី ៦,៧ ទៅ ៧ ភាគរយប៉ុណ្ណោះ៕ LA