ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មជំរុញឱ្យវិស័យឯកជនផ្នែកសហគ្រាសកសិម្ហូបអាហារធុនតូច និងមធ្យមកម្ពុជាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពី FTA និង RCEP។
ក្នុងសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់សហគ្រាសកសិ-ម្ហូបអាហារធុនតូច និងមធ្យមកម្ពុជា» លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀង RCEP បានថ្លែងថា សិក្ខាសាលានេះមានគោលបំណងក្នុងការផ្សព្វផ្សាយដល់វិស័យឯកជនពាក់ព័ន្ធ ជាពិសេសវិស័យកសិ-ម្ហូបអាហារកម្ពុជា អំពីសារៈសំខាន់ កាលានុវត្តភាព និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានជាអតិបរមា។
លោកបន្ថែមថា ក្រសួងពាណិជ្ជកម្មបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចាបើកទីផ្សារបន្ថែមតាមយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាក់ស្តែងកិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដោយសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន តាមរយៈការពិគ្រោះយោបល់ និងប្រមូល ធាតុចូល ព្រមទាំងរៀបចំវេទិកាផ្សេងៗដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការទីផ្សារ សំដៅជួយសម្រាលការលំបាក និងលើកកម្ពស់ប្រតិបត្តិការធុរកិច្ចរបស់វិស័យឯកជន។
លោកបញ្ជាក់ថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាបានការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និងចូលរួមអនុវត្តនូវសេដ្ឋកិច្ចជាតិ ជាពិសេសនៅពេលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ លើសពីនេះ កិច្ចព្រមព្រៀង RCEP ក៏ជាសញ្ញាមួយបង្ហាញពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ និងប្រឆាំងនឹងការកើនឡើងនៃនិន្នាការគាំពារនិយមរបស់ប្រទេសមហាអំណាចមួយចំនួន ដែលបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក»។
លោក Andreas Zurbrugg អនុប្រធានស្ថានបេសកកម្មនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា កសិកម្មជាវិស័យមួយដែលរងការប៉ះពាល់តិចពីវិបត្តិជំងឺកូវីដ ១៩ និង មានសារៈសំខាន់ខ្លាំងក្នុងការចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ ១៩ និងចាំបាច់ត្រូវការការពង្រឹងបន្ថែម ជាពិសេសវិស័យកសិ-ម្ហូបអាហារកម្ពុជា ដែលទាមទារឱ្យវិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវយល់ច្បាស់ពីអត្ថប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ក៏ដូចជាវិធីក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទៅក្នុងប្រតិបត្តិការពាណិជ្ជកម្មប្រចាំថ្ងៃឱ្យបានជាអតិបរមា។
លោកបានអះអាងថា៖ «រដ្ឋាភិបាល អូស្ត្រាលីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលីបន្ថែមទៀត តួយ៉ាងដូចជាគំនិតផ្តួចផ្តើមក្នុងការស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ ១៩ ជាដើម»។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រី និងជាម្ចាស់សហគ្រាសផលិតនំស្រួយ លីលី បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការជំរុញការនាំចេញផលិតផលចំណីអាហារពីកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសេរីនានា គឺជាការចង់បានរបស់វិស័យ SME។
លោកស្រីបន្តថា បញ្ហានេះដោយសារតែស្តង់ដានៃការផលិតរបស់ខ្មែរ នៅមានកម្រិត,កង្វះដៃគូសហការ ដែលនាំឱ្យការផលិតនៅមានកម្រិត ហើយការចំណាយថ្លៃដើមច្រើន។
លោកស្រីបញ្ជាក់ថា៖ «យើងចង់ឱ្យមានតម្លាភាពចំពោះការនាំចេញ និងនាំចូល។ មានន័យថា ផលិតផលខ្មែរយើងមានការតឹងរ៉ឹងខ្លាំងនៅពេលនាំចេញទៅក្រៅប្រទេស ដោយត្រូវត្រួតពិនិត្យលើគុណភាព ស្តង់ដាសុវត្ថិភាពទៅតាមប្រទេសនីមួយៗដែលបាននាំចេញ ដែលនេះជាបញ្ហាប្រឈមមួយសម្រាប់សហគ្រាសក្នុងស្រុក»។
ការសិក្សារួមគ្នារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA ក្រុមការងារស្រាវជ្រាវរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះឱ្យដឹងថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញក្នុងរង្វង់ពី ៩,៤-១៨ ភាគរយដែលនឹងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំឆ្នាំពី ២-៣,៨ ភាគរយ កំណើនឱកាសការងារប្រចាំឆ្នាំ ៣,២-៦,២ ភាគរយ និងកំណើនចំណូលពន្ធប្រចាំឆ្នាំពី ២ ទៅ ៣,៩ ភាគរយផងដែរ៕ LA